គ្រឿងចក្រធំៗសំរាប់សាងសង់ អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក THAI BOON ROONG
ដោយ វុត្ថា
ភ្នំពេញ៖ គ្រឿងចក្រធំៗសំរាប់សាងសង់ អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក THAI BOON ROONG កម្ពស់ជិត ៦០០ម៉ែត្របានដឹកមកដល់រាជធានីភ្នំពេញហើយ ដើម្បីត្រៀមបើកការដ្ឋានសាងសង់អាគារនេះ ជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។

-->
លោកសាស្រ្តាចារ្យទួស សាភឿន នាយកប្រតិបត្តិដឹកនាំក្រុមវិស្វកម្ម ស្ថាបត្យកម្ម របស់ក្រុមហ៊ុនថៃ ប៊ុន រ៉ុង បានឲ្យដឹងតាមរយៈទូរសព្ទនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៩ ថា គ្រឿងចក្រធំៗ ដែលក្រុមហ៊ុនបានបញ្ជាទិញពីក្រៅប្រទេសបានចាប់ផ្តើមដឹកមកដល់ហើយ ដើម្បីសាងសង់ជញ្ជាំងបេតុងទប់ដីជុំវិញគំរោងនេះ មុនពេលដំណើរការជីកដីបើកការដ្ឋានសាងសង់អាគារនេះនាពេលឆាប់ៗខាងមុខនេះ។
លោកសាស្រ្តាចារ្យបានបន្តថា “ក្រុមហ៊ុនម៉ៅកាជីកជញ្ចាំងបេតុងទប់ដី សំរាប់សាងសង់អាគារនេះជាក្រុមហ៊ុនតូចប៉ុណ្ណោះ ហើយក្រុមហ៊ុនសាងសង់អាគារកំពស់កប់ពពកនេះជាក្រុមហ៊ុន ដែលមានបទពិសោធន៍សាងសង់អាគារខ្ពស់ៗលំដាប់ពិភពលោក”។ លោកបន្តថា “ខ្ញុំអាចបញ្ជាក់បានថា ការបើកការដ្ឋានសាងសង់អាគារនេះនឹងចាប់ផ្តើមនៅពេលឆាប់ៗនេះហើយ ដោយសម្តេចអគ្គសេនាបតីតេជោហ៊ុន សែននឹងអញ្ជើញជាអធិបតីដើម្បីសាងសង់អាគារនេះ”។
អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក THAI BOON ROONG ដែលជាអគារភ្លោះនេះមានកំពស់១៣៣ជាន់ ស្មើនឹងកំពស់សរុប ៥៨៦ម៉ែត្រ។
លោកទួស សាភឿន បានធ្លាប់បានឲ្យដឹងកន្លងមកនេះថា គម្រោង «មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង» សាងសង់នៅលើផ្ទៃដីទំហំ៤៩,៧៣២ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅទល់់មុខសណ្ឋាគារ និងកាស៊ីណូណាហ្គាទី១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមនរាជធានីភ្នំពេញ។
លោកបានបន្ថែមថា ប្លង់ស្ថាបត្យកម្មរបស់អគារនេះ ទទួលបានការចូលរួមសិក្សាពីស្ថាបត្យករមកពី៦ប្រទេស ហើយប្លង់នេះបានបញ្ចប់រួចរាល់ហើយ ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីបណ្តាប្រទេសមួយចំនួន។ ពេលនេះក្រុមការងារបច្ចេកទេស បាននឹងកំពុងសិក្សាបន្ថែមទៀត។ គម្រោងមួយនេះ យើងបានប្រើប្រាស់ថវិកាអស់ជាច្រើនលានដុល្លាររួចមកហើយ។
នៅពេលអគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ សាងសង់ចប់ នឹងក្លាយជានិម្មិតរូប នៃការអភិវឌ្ឍជាតិ មុខមាត់របស់ប្រទេសកម្ពុជាទាំងមូល និងជាពិសេសបានលើកតម្លៃកិត្យានុភាព សម្រាប់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ដែលជាប្រទេសធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់។ វាមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ ឲ្យចូលមកប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត ព្រោះបច្ចុប្បន្ននេះកម្ពុជាមិនទាន់ មានការិយាល័យលំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកបើកការិយាល័យនៅរាជធានីភ្នំពេញ បានច្រើននៅឡើយ។

អគារ THAI BOON ROONG TWIN TOWER ស្ថិតនៅទីក្រុងភ្នំពេញប្រទេសកម្ពុ ជានេះនឹងជាផ្នែកមួយ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅតំបន់អាស៊ាន នៅពេលសាងសង់រួច ដោយសារអាគារនេះជាប្រភេទអាគារភ្លោះ និងមានអាគារកប់ពពកកំពស់៤៥ជាន់ចំនួន៤ទៀតនៅជុំវិញ។ អាគារនេះជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងលំនៅដ្ឋានធំជាងគេក្នុងអាស៊ាន ដោយរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យ អាផាតម៉ិន ខុនដូលំដាប់ អន្តរជាតិ សណ្ឋាគារកម្រិតផ្កាយ៦ និងសេវាកម្មកំសាន្តដ៏អស្ចារ្យជាច្រើនទៀត។
អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong របស់ប្រទេសកម្ពុជា ជាប់ជាអគារខ្ពស់នៅក្នុងតំបន់អាស៊ាន ក្នុងចំណោមអគារខ្ពស់កប់ពពកចំនួន៦ផ្សេងទៀត មកពីប្រទេសចំនួន៦នៅក្នុងតំបន់អាស៊ាន ហើយអគារទាំងនេះ នឹងក្លាយជាអគារខ្ពស់កប់ពពកនៅក្នុងតំបន់អាស៊ាន៕