មហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ។ រូបថត៖ សហការី
ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា មានជ័យ ជាខណ្ឌមួយដែលមានសក្ដានុពល និងភាពទាក់ទាញខ្លាំងមិនចាញ់ខណ្ឌដង្កោ និងខណ្ឌមួយចំនួនទៀតដែលមានព្រំប្រទល់ជាប់គ្នានោះឡើយ ហើយកំពុងមានសក្តានុពលក្នុងការអភិវឌ្ឍ។
អគ្គនាយកក្រុមហ៊ុន Century21 Imperial Realty លោក Ken Lo បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកថា ពេលនេះតំបន់មួយចំនួន ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ បានបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំង ជាពិសេស ដីដែលស្ថិតនៅក្បែរមហាវិថីសម្តេចតេជោ ដែលមានទំហំ៦០ម៉ែត្រតែម្ដង។ លោកបន្តថា ភាពទាក់ទាញរបស់ខណ្ឌមានជ័យ គឺមានប្រហាក់ប្រហែលគ្នាទៅនឹងខណ្ឌដទៃទៀតដែលស្ថិតនៅជាប់គ្នា ដូចជាខណ្ឌដង្កោ និងខណ្ឌច្បារអំពៅជាដើម។
-->
លោកបន្តទៀតថា “ទីផ្សារអចលនទ្រព្យនៅក្នុងខណ្ឌមួយនេះគឺមានស្ថានភាពមិនដូចគ្នានោះទេ ដែលវាអស្រ័យទៅតាមតំបន់ដែលមានការអភិវឌ្ឍរួចរាល់ និងតំបន់ដែលទើបតែមានគម្រោងអភិវឌ្ឍនៅថ្ងៃអនាគត”។ លោកបានបន្តទៀតថា“បច្ចុប្បន្នតំបន់ដែលកំពុងតែទទួលបានចំណាត់ថ្នាក់ខ្ពស់ និងទាក់ទាញបំផុតនៃខណ្ឌមួយនេះ គឺតំបន់ដែលស្ថិតនៅក្បែរមហាវិថី សម្ដេចតេជោមហាវិថី៥០ម៉ែត្រ ដែលជាតំបន់ប្រមូលផ្តុំទៅមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ និងទំនើប និងបណ្តុំលំនៅដ្ឋានកម្រិតខ្ពស់នៅពេលខាងមុខនេះ”។
លោកបានបញ្ជាក់ទៀតថា នៅតំបន់នេះ តម្លៃដីនៅលើទីផ្សារអាចមានចន្លោះចាប់ពី ៦០០-ដល់៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលកាលពីឆ្នាំកន្លងទៅ ឬ២ឆ្នាំមុន មានតម្លៃត្រឹមតែ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លើកឡើងស្រដៀងគ្នានេះ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់ទូរស័ព្ទនៅល្ងាចថ្ងៃដដែលនេះថា វិស័យដីធ្លីនៅតំបន់ខាងលើនេះ ពិតជាមានការប្រែប្រួលខ្លាំងមែន។ ជាក់ស្តែងកាលពីប្រមាណ៥ឆ្នាំមុន តំបន់បឹងទំពុនគឺគ្រាន់តែតំបន់ទឹកបឹង ដែលពោរទៅដោយត្រកួន កំប្លោក និងទឹកស្អុយតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នក្រោមគោលនយោបាយ និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ពេលនេះបឹងទំពុនប្រៀបបានទៅកូនក្រមុំក្នុងភ្នែកអ្នកវិនិយោគ។
លោកស្រីបានបន្តទៀតថា “បឹងទំពុនមានសន្ទុះអភិវឌ្ឍយ៉ាងលឿន ជាពិសេសបន្ទាប់ពីលេចចេញនូវមហាវិថីសម្ដេចតេជោ”។ ផ្អែកតាមសន្ទះ និងសកម្មភាពជាក់ស្ដែង តំបន់ដ៏ទាក់ទាញមួយនេះ នឹងក្លាយទៅជាមណ្ឌលពាណិជ្ជកម្មទំនើបយ៉ាងសកម្ម ព្រោះក្រៅពីមានគម្រោងផ្សារទំនើបរបស់ក្រុមហ៊ុន ប៉េង ហួត គម្រោងផ្សារទំនើប AEON3 គម្រោងរបស់ក្រុមហ៊ុន ជីព ម៉ុង គម្រោងរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិន R&F ជាដើម”។
លោកស្រីតាំង ហួរបានបញ្ជាក់ថា មិនលើសរយៈពេល ៥ឆ្នាំទៀតនោះទេ តំបន់មួយនេះអាចនឹងក្លាយទៅជាក្រុងដ៏ឆើតឆាយ និងស្រស់ស្អាតប្រកបដោយភាពទាក់ទាញបំផុត ខណៈដែលគម្រោងខុនដូ បុរី និងសំណង់លំនៅដ្ឋានកម្រិតខ្ពស់ នឹងត្រូវបានលេចចេញជារូបរាង៕