ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ មន្ត្រីជាន់ខ្ពស់ប្រចាំខេត្តកំពង់ស្ពឺបានអះអាងថា មិនយូរទៀតនោះទេ ក្រុមហ៊ុនធំៗមកពីប្រទេសចិននឹងបោះទុនវិនិយោគ ដែលមានទំហំទឹកប្រាក់សរុបរហូតដល់ជិត៩ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមូលដ្ឋានខេត្តនេះ ហើយគំរោងនេះអាចផ្តល់កន្លែងការងារដល់ប្រជាពលរដ្ឋរហូតដល់ជាង ១២ម៉ឺននាក់។
អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៩ មិថុនាកន្លងមកថា បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ស្ពឺមានរោងចក្រ និងក្រុមហ៊ុនរបស់ចិនដំណើរការមួយចំនួនរួចហើយ ប៉ុន្តែនៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ នឹងមានក្រុមហ៊ុនថ្មីៗចំនួន ១២ទៀតនឹងចូលមកបន្ថែម។
លោកបន្តថា បន្ទាប់ពីទទួលបានការពិនិត្យ និងសម្រេចអនុញ្ញាតពី CDC នៅត្រឹមពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនធំៗរបស់ចិន នឹងចូលមកកាន់ទីតាំងដូចដែលបានគ្រោងទុករួចជាស្រេច ស្ថិតនៅតាមបណ្តាស្រុកមួយចំនួន ក៏ដូចជាក្រុងច្បារមនផងដែរ ជាពិសេស តំបន់ដែលស្ថិតនៅក្បែរផ្លូវជាតិលេខ៤។
លោកបន្តទៀតថា “ក្រុមហ៊ុនទាំងអស់នោះភាគច្រើន ជាប្រភេទរោងចក្រកាត់ដេរ និងគ្រឿងអេឡិចត្រូនិក ក៏ដូចជាសម្ភារៈសំណង់”។ លោកបន្តទៀតថា“វត្តមានរបស់ក្រុមហ៊ុនទាំងអស់នេះ នឹងចូលរួមលើកកម្ពស់និងជម្រុញឱ្យសេដ្ឋកិច្ចជាតិកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចក្នុងខេត្តកំពង់ស្ពឺទាំងមូល មានភាពកាន់តែល្អប្រសើរ ហើយក៏ជួយសម្រួលដល់បណ្តាកម្មករចំណូលស្រុកតាមរយៈការទទួលបានការងារផងដែរ”។
លោក វ៉ី សំណាង បានបញ្ជាក់ថា ចំនួនក្រុមហ៊ុនទាំងអស់នេះ នៅមិនទាន់ច្រើនគ្រប់គ្រាន់សម្រាប់ខេត្តកំពង់ស្ពឺនៅឡើយនោះទេ ដែលយើងនៅតែទាមទាស្នើសុំ និងស្វាគមន៍វត្តមានក្រុមហ៊ុន និងរោងចក្រចិនមកកាន់ខេត្តមួយនេះបន្ថែមទៀត”។
ក្រុមហ៊ុនចិនធំៗដែលចូលមកកាន់ខេត្តកំពង់ស្ពឺទាំង១២ ក៏មានវត្តមានរបស់ក្រុមហ៊ុនលំដាប់ពិភពលោក Smart Phone OPPO និងក្រុមហ៊ុន Smart Phone VIVO ដែលតម្រូវសាងសង់អគារមានកម្ពស់រហូតជិត២០០ម៉ែត្រ រួមជាមួយនឹងអគារមជ្ឍមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅក្នុងក្រុងច្បារមន នៅក្នុងទំហំទឹកប្រាក់វិនិយោគចំនួន ៥០០លានដុល្លារសហរដ្ឋអាមេរិកផងដែរ។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានលើកឡើងថា ការពិតខេត្តកំពង់ស្ពឺជាខេត្តមានសក្តានុពលក្នុងការទាក់ទាញការវិនិយោឡគ ដោយសារកត្តាសំខាន់ៗជាច្រើន ដូចជាទី១ ជាខេត្តស្ថិតនៅក្នុងភូមិសាស្រ្តល្អ ដោយមានទីតាំងជាប់់រាជធានីភ្នំពេញ ទី២ ជាខេត្តដែលមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ល្អប្រសើរ ក្នុងការដឹកជញ្ជូនទៅកាន់កំពង់ផែ ដោយសារខេត្តនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ លេខ៣ ផ្លូវល្បឿនលឿនជាដើម។
ទី៣ កត្តាប្រជាសាស្រ្ត គឺទោះបីជាខេត្តនេះ មានប្រជាជនចំណាកស្រុកចូលមករាជធានីភ្នំពេញច្រើន ក៏ខេត្តនេះមានមនុស្សឆ្លងកាត់ច្រើន មានប្រជាជនរស់នៅច្រើនផងដែរ ដែលផ្តល់ភាពអំណោយផលដល់ការវិនិយោគលើវិស័យវាយណភ័ណ្ឌ កាត់ដេរ និងស្បែកជើង ដែលជាវិស័យត្រូវការលំលាំងពលកម្មច្រើន។
លោកបន្តថា “ដោយសារកត្តាខាងលើ ព្រមទាំងលក្ខខ័ណ្ឌភូមិសាស្រ្តល្អប្រសើរ នឹងជាភាពអំណោយផលដែលធ្វើឲ្យខេត្តនេះ កាន់់តែមានភាពរីកចម្រើមនលឿនថែមទៀតនាពេលអនាគត”៕