ទិស​ណាមួយ​នៃ​ទិស​ទាំង៤​ របស់​រាជធានី​ភ្នំពេញ​មានតម្លៃ​ដី​ទាប​ជាងគេ​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​ដីធ្លី​នៅ​តាម​តំបន់​ជុំវិញ​ជាយក្រុង​នានា​ ដែល​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​គេស​ម្លឹង​ឃើញថា​ កំពុង តែ​បង្ហាញ​ពី​សក្តា​នុ​ពល​ ប៉ុន្តែ​យ៉ាងណាក៏ដោយ​អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​សង្កត់ធ្ងន់​ថា​ សក្ដានុពល​ពិតជា​មាន​ដូចគ្នា​ ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ​វិញ​ដីធ្លី​វិញ​ នៅ​ភាគ​ខាងត្បូង​ហាក់​មានកម្រិត​ទាប​ជាងគេ​នៅឡើយ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Imperial​ Realty​ លោក​ Ken​ Lo​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ថា​ ស្ទើរតែ​គ្រប់តំបន់​ដែល​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ​ទាំង អស់​ សុទ្ធតែ​មាន​ភាព​ទាក់ទាញ​ និង​មាន​សក្ដានុពល​ដូចគ្នា​ ប៉ុន្តែ​បើ​ចំពោះ​តម្លៃ​អចលនទ្រព្យ​ ក៏ដូចជា​ដីធ្លី​វិញ​គេ​សង្កេត ឃើញ​ថា​ ភាគ​ខាងត្បូង​នៅ​តាម​កម្រិតទាប​ជាងគេ​នៅឡើយ​។

លោក​បន្ត​ទៀត​ថា​ “ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ តម្លៃ​ដី​នៅ​មានកម្រិត​ទាប​ជាងគេ​ ដែល​វា​ក៏​ជា​ឱកាសល្អ​សម្រាប់​បណ្តា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​ក្នុង​ការ​ទទួល​បាន​ចំណេញ​”។ លោក​បន្ត​ថា​ “បច្ចុប្បន្ន​នៅ​ភាគ​ខាងត្បូង​ភាគច្រើន​ ជា​ស្ថានភាព​ដី​កសិកម្ម​នៅឡើយ​ ហើយ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ក៏​ទើបតែ​មានសន្ទុះ​ ក្នុង​មួយរយៈពេល​ចុងក្រោយ​នេះ​តែប៉ុណ្ណោះ​”។

លោក​ Ken​ Lo​ បាន​បន្ត​ថា​ តម្លៃ​ដី​ ក៏ដូចជា​ អចលនទ្រព្យ​ដែល​ស្ថិតនៅ​ទិស​ចំនួន៣ផ្សេងទៀត​ ដែល​រួមមាន​ដូចជា​ទិសខាងកើត​ ទិសខាងលិច​ ជាពិសេស​ទិសខាងជើង​គឺ​សុទ្ធតែ​មានតម្លៃ​ថ្លៃ​ ដោយសារតែ​កក្តា​អភិវឌ្ឍ​ជាច្រើន​ បាន​សម្រុក​នៅ​តំបន់​ទាំងនេះ​រួចរាល់​ ទើប​ជម្រុ​ញបែរ​ទៅ​ទិសខាងត្បូង​នេះ​ចុងក្រោយ​។

យ៉ាងណាក៏ដោយ​ លោក​ Ken​ Lo​ បាន​បញ្ជាក់​ថា​ ពេលនេះ​សក្ដានុពល​របស់​អចលនទ្រព្យ​ ក៏ដូចជា​វិស័យ​ដីធ្លី​អាច​ផ្តល់​ឱកាស​ច្រើន​ ដល់​អ្នក​ដែល​មានបំណង​ចង់​វិនិយោគ​បន្ត​ ព្រោះ​នៅ​ត្រឹម​រយៈពេល​ដ៏​ខ្លី​ខាង​មុន​នេះ​ តំបន់​ភាគ​ខាងត្បូង​ក៏​មាន​តម្រូវការ​ខ្ពស់​ និង​ការ​អភិវឌ្ឍ​ខ្លាំង​មិនចាញ់​តំបន់​ ដែល​ស្ថិតនៅ​ទិស​ទាំង៣ទៀត​នោះ​ឡើយ​។ ពេលនេះ​នៅ​ប៉ែក​ខាងត្បូង​ មាន​តំបន់​ខ្លះ​ដែល​មិនទាន់​មាន​គម្រោង​អភិវឌ្ឍន៍​នៅឡើយ​ ដែល​ធ្វើឲ្យ​តម្លៃ​ដី​ស្ថិត​ក្នុង​ចន្លោះ​ប្រមាណ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬក្រោម១០០ដុល្លារ​ក៏មានដែរ​។

លើកឡើង​ស្រដៀងគ្នា​នេះ​ លោក​ឧកញ៉ា​នួន​ រិទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ មិនថា​ទោះជា​ស្ថិតនៅ​ប៉ែក​ខាងណា​នោះ​ទេ​ នៅពេល​អនាគ​តឆាប់​ៗនេះ​គឺ​សុទ្ធតែ​មាន​តម្រូវការ​ខ្ពស់​ដូចគ្នា​។ តាម​ភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ បើ​ធ្វើការ​ប្រៀបធៀប​ ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ដីធ្លី​នៅ​មានកម្រិត​ទាប​ជាងគេ​។

លោក​ឧកញ៉ា​បន្ត​ថា​ “មូលហេតុ​ដែល​ធ្វើ​ឱ្យ​ភាគ​ខាងត្បូង​ នៅ​មានតម្លៃ​ទាប​ជាងគេ​ ក៏​ព្រោះតែ​ប៉ែក​ខាងនេះ​មានការ​អភិវឌ្ឍ​ក្រោយគេ​បន្តិច​ ជាពិសេស​នៅក្នុង​តំបន់​ស្រុក​កណ្តាល​ស្ទឹង​ ដែល​រួមមាន​ដី​នៅ​តាមផ្លូវ​ជាតិ២​ ចន្លោះ​ផ្លូវជាតិ៣​ និង​តំបន់​មួយចំនួន​តូច​ទៀត​ស្ថិតនៅ​ក្នុង​តំបន់​ក្បែរផ្លូវ​ជាតិ៤​”។

​លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បញ្ជាក់​ទៀត​ថា​ បើ​ទោះជា​បែបនេះ​ក្ដី​ ប៉ុន្តែ​យ៉ាង​យូរ​នៅ​ត្រឹម​ចន្លោះ​ចាប់ពី៥​-១០ឆ្នាំខាងមុខ​ ភាគ​ខាងត្បូង​នឹង​ប្រែក្លាយ​ទៅជា​តំបន់​ទីប្រជុំជន​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ ជាមួយ​សំណង់​អគារ​ពាណិជ្ជកម្ម​ពហុ​ចម្រុះ​ជាច្រើន​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​ នឹង​មានការ​កើនឡើង​ក្រោយ​គម្រោង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ និង​ព្រលា​នយន្តហោះ​ថ្មី​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here