ដោយ គង់ សូរិយា
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន VTRUST GROUP ដែលមានក្រុមហ៊ុនក្នុងដៃជាង១០ លោកគុយ វ៉ាតបានប្រាប់យុវជនកុំគិតពីផលប្រយោជន៍រយៈពេលខ្លី តែត្រូវប្រកាន់យកភាពស្មោះត្រង់ ដើម្បីទទួលបានផលប្រយោជន៍រយៈពេលវែង។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងវិស័យអចលនទ្រព្យ ត្រូវការយុវជនដែលមានឆន្ទះ មានភាពស្មោះត្រង់ និងផ្តោតលើការងាររបស់ពួកគេដែលត្រូវធ្វើ ដើម្បីទទួលបានជោគជ័យរយៈពេលវែង។លោកបន្តថា យុវជន ឬអ្នកធ្វើការងារក្នុងវិស័យអចលនទ្រព្យ ត្រូវតែស្វាហាប់ ពិសេសត្រូវយកភាពស្មោះត្រង់មកធ្វើជាស្នូល ទើបអាចទទួលបានជោគជ័យក្នុងវិស័យនេះ។
លោកបន្តថា “បើអ្នកធ្វើការងារក្នុងវិស័យនេះខិតខំ នឹងអាចមានផ្ទះល្អ និងរថយន្តនៅរយៈពេល៥ឆ្នាំខាងមុខ”។ លោកបន្តថា “នៅមានលុយច្រើនណាស់ក្នុងវិស័យនេះ ដើម្បីឲ្យយើងយក ហេតុនេះការប្រកាន់ការងារដែលមានការអត់ធ្មត់ធ្វើដោយឆន្ទះពិតប្រាកដ យើងនឹងអាចរកលុយបានកាន់តែច្រើន”។
លោកគុយ វ៉ាតបានបន្តទៀតថា យុវជនមិនគួរផ្តោតលើការសិក្សាលើមហាវិទ្យាល័យតែមួយមុខទេ ប្រសិនជាមិនមានលទ្ឋភាព និងគោលដៅច្បាស់លាស់ គួរចាប់់យកជំនាញ ពិសេសយកជំនាញក្នុងវិស័យអចលនទ្រព្យ ដែលត្រូវការសិក្សារយៈពេលបីខែទៅ ៦ខែប៉ុណ្ណោះ គឺអាចមានមូលដ្ឋានចំណេះដឹង ដែលអាចរកលុយបានហើយ៕






