ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ ប្រព័ន្ធ Digital Marketing បានដើរតួយ៉ាងសំខាន់ និងផ្តល់នូវប្រយោជន៍យ៉ាងលើសលប់ទៅដល់បណ្តាអ្នកដែលចេះប្រើប្រាស់ត្រឹមត្រូវ ជាពិសេសសម្រាប់អ្នកប្រកបមុខជំនួញតែម្ដង ដើម្បីផ្សព្វផ្សាយ និងបញ្ជូនព័ត៌មានលម្អិតពីផលិតផលរបស់ខ្លួនទៅដល់អតិថិជនគោលដៅ។
លោក ហាក់ គីមថុង ប្រធានផ្នែកទីផ្សារក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property បានមានប្រសាសន៍ថា ៖ “ បច្ចុប្បន្ននេះមនុស្សភាគច្រើនមាន Smart Phone កាន់ជាប់នៅនឹងដៃជាមួយនឹងបណ្តាញ Internet ស្ទើរគ្រប់តំបន់”។
-->
លោកបានបន្តទៀតថា ៖ “ចំពោះអ្នកជំនួញគ្រប់ប្រភេទ ជាពិសេសវិស័យអចលនទ្រព្យ គឺតម្រូវឱ្យចេះប្រើបច្ចេកទេសនៃប្រព័ន្ធ Digital នេះ ដើម្បីធ្វើយ៉ាងណាជម្រុញដំណឹង និងផលិតផលរបស់ពួកគេឱ្យទៅដល់ដៃអតិថិជនគោលដៅ និងមានភាពលេចធ្លោ ដែលអាចរកផលចំណេញបានពីបណ្តាញមួយនេះ”។
លោកបានបន្តទៀតថា ៖ “ ក្រៅពីអាចធ្វើការផ្សព្វផ្សាយលើបណ្តាញ Facebook គេក៏អាចធ្វើការនៅលើប្រព័ន្ធ Massager Marketing ផងដែរ ដែលទាំងអស់នេះសុទ្ធតែស្ថិតនៅក្នុងប្រព័ន្ធ Digital Marketing ”។
លោកបានបន្តទៀតថា ៖ “ ក្រៅពីការចេះប្រើប្រាស់ទាញយកប្រយោជន៍ពីប្រព័ន្ធ Digital នេះក៏ត្រូវទាមទារឱ្យពួកគាត់មានគំនិតចេះច្នៃប្រឌិតបន្ថែមទៅលើរាល់ព័ត៌មានដែលបញ្ជូនចេញទៅកាន់បណ្តាអតិថិជន ដើម្បីឱ្យមានភាពទាក់ទាញកាន់តែខ្ពស់”។
លោក ខាត់ បូរ៉ា នាយកប្រិបត្តិសាលាអចលនទ្រព្យកម្ពុជា Real Estate School of Cambodia មានប្រសាសន៍ថា៖ “ ការលក់ និងការធ្វើទីផ្សារតាមប្រព័ន្ធ Digital និងការប្រើប្រាស់បច្ចេកវិទ្យា Digital ពិតជាមានសារៈសំខាន់បំផុតក្នុងការបង្កើនលទ្ធផលនៃការលក់ និងការផ្សពផ្សាយ ដែលអ្នកកំពុងតែរកស៊ីក្នុងវិស័យអចលនទ្រព្យមិនគួរមើលរំលង”។
លោកបានបញ្ជាក់ថា ៖ “ជាទូទៅ ភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យភាគច្រើនបំផុតធ្វើទីផ្សារ និងលក់អចលនទ្រព្យល្បីជាងគេ ឈានមុខគេ និងលក់ដាច់ជាងគេ គឺមានការប្រើប្រាស់ប្រព័ន្ធ Digital និងបច្ចេកវិទ្យា Digital បានយ៉ាងល្អ ដែលយើងគួរតែរៀនសូត្រតាម”។
លោក ម៉ឹក ចិន្តា ស្ថាបនិក និងជានាយកក្រុមហ៊ុនគេហទំព័រ realestate.com.kh បានមានប្រសាសន៍បញ្ជាក់ផងដែរថា ៖ “កម្មវិធីចំនួន៣ដែកលត្រូវបានគេនិយមយកមកប្រើប្រាស់ដើម្បីទាញយកប្រយោជន៍។
លោកបានបន្តទៀតថា ៖ “មានកម្មវិធីជាច្រើនដែលត្រូវបានអ្នកជំនួញផ្នែកអចលនទ្រព្យ ជាពិសេសភ្នាក់ងារលក់យកទៅប្រើប្រាស់សម្រាប់ទីផ្សារលក់ ដូចជាកម្មវិធី Google Earth Pro ជាដើម”។
លោកបានបន្តទៀតថា ៖ “កម្មវិធីនេះមានភាពងាយស្រួលក្នុងការកំណត់ទីតាំង និងគូសវាស់នៅលើផែនទីដើម្បីបង្ហាញពីទីកន្លែង និងទំហំទ្រង់ទ្រាយដីសម្រាប់លក់”។ លោកបានបន្តទៀតថា ៖ “សម្រាប់អ្នកដែលប្រកបអាជីពនៅក្នុងវិស័យអចលនទ្រព្យ ចាំបាច់ត្រូវតែមានការយល់ដឹង ចេះប្រើប្រាស់ប្រព័ន្ធ Digital Marketing ក៏ដូចជាកម្មវិធីពាក់ព័ន្ធនានា ដើម្បីងាយស្រួលក្នុងការធ្វើបទបង្ហាញអំពីទីតាំង ទំហំ និងស្ថានភាពអចលនទ្រព្យទៅកាន់អតិថិជនគោលដៅ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើន”៕