រដ្ឋាភិបាល​ដាក់​ផែនការ​អាទិភាព​ចំនួន៤ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ព្រះ​សី​ហនុៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រុមការងារ​ថ្នាក់​ជាតិ​ និង​ក្រុមការងារ​ថ្នាក់​មូលដ្ឋាន​នៃ​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​ ដាក់​ផែនការ​ការងារ​អទិ​ភាព​ចំនួន៤​ ក្នុងចំណោម​ផែនការ​ផ្សេងទៀត​ សម្រាប់​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បច្ចុប្បន្ន​ និង​អនាគត​នៃ​ទីផ្សារ​ការងារ​។

លោក​ សាយ​ សំ​អាល់​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យដឹង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី១៤​ មិថុនា​ម្សិលមិញ​នេះ​ថា​ ខេត្ត​ព្រះសីហនុ​បាន​និង​កំពុង​ទទួល​បានផល​ពី​ផ្លែផ្កា​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ដែល​បាន​មក​ពី​ការ​យកជីវិត​ធ្វើ​ដើមទុន​របស់​ថ្នាក់ដឹកនាំ​យើង​។ លោក​បន្ត​ថា​ កិច្ចការ​អាទិភាព​ចំនួន៤​ ក្នុងចំណោម​ការងារ​ជាច្រើន​ ដែល​ក្រុមការងារ​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​គឺ​ ទី១​ ការ​ពង្រឹង​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល​ ដោយ​សហការ​គ្នា​រវាង​អាជ្ញាធរ​ខេត្ត​ កងកម្លាំង​សមត្ថកិច្ច​ និង​ក្រុមការងារ​ឱ្យ​បាន​ល្អ​។

ទី២​) ការពារ​ឱ្យ​បាន​នូវ​បរិយាកាស​សុខ​សុវត្ថិភាព​ សម្រាប់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ ព្រមទាំង​វិនិយោគិន​។ ទី៣​ ការគ្រប់គ្រង​ការងារ​សំណង់​ដែល​ជា​គម្រោង​សាង​សង់​ថ្មី​ៗត្រូវ​មានការ​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ កាត់បន្ថយ​ការ​បំពុល​ខ្យល់​ និង​ទី៤​ ការគ្រប់គ្រង​សំណល់រឹង​រាវ​ និង​សំរាម​ ឱ្យ​បាន​ល្អ​ដើម្បី​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​មាន​សោភ័ណភាព​ មាន​អនាម័យ​បរិស្ថាន​ល្អ​ស្អាត​ និង​ពលរដ្ឋ​រស់នៅ​ប្រកបដោយ​ផាសុកភាព​ និង​កាន់តែ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​។

លោក​សាយ​ សំ​អាល់​ ក៏បាន​ប្រកាស​ពី​ការគ្រប់គ្រង​ការងារ​អភិវឌ្ឍន៍​ ឱ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ និង​ណែនាំ​ផែនការ​ការគ្រប់គ្រង​ទឹក​ស្អាត​ និង​អគ្គិសនី​ដើម្បី​ឱ្យ​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​កាន់តែ​ប្រសើរ​ និង​ការ​ផ្គត់ផ្គង់​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ លោក​ក៏បាន​លើកឡើង​ ពី​គម្រោងការ​ស្តារ​ប្រព័ន្ធ​លូ​ បង្ហូរទឹក​ឱ្យ​បាន​ទៀងទាត់​ ក៏ដូចជា​ការគ្រប់គ្រង​សំណល់រាវ​ឱ្យ​បាន​ល្អ​ និង​ត្រូវ​មាន​ ការរៀបចំ​ក្រុង​ឱ្យ​បាន​ល្អ​ដោយធ្វើ​យ៉ាងណា​បែងចែក​ឱ្យ​ដាច់​រវាង​លូ​ទឹកភ្លៀង​ និង​លូ​ទឹក​កខ្វក់​ ព្រមទាំង​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ត​ដើម្បី​ឆ្លើយតប​នឹង​កំណើន​សេដ្ឋកិច្ច​ កំណើនប្រជាជន​ និង​ចំនួន​ភ្ញៀវ​ទេសចរ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

រាជរដ្ឋាភិបាល​កម្ពុជា​កន្លងមក​នេះ​ បាន​កំណត់​យក​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​សេដ្ឋកិច្ច​ធំជាង​គេ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង៣​ មាន​រាជធានី​ភ្នំពេញ​ សៀមរាប​ និង​ខេត្ត​ព្រះសីហនុ​។ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍន៍​ និង​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ តាមរយៈ​ការ​បណ្តាក់​ទុន​វិយោគ​ ពី​ក្រុមហ៊ុន​បរទេស​នានា​ អភិវឌ្ឍ​លើ​វិស័យ​សំណង់​ បដិសណ្ឋារ​កិច្ច​ ហេ​ដ្ឋា​រនា​សម្ពន្ធ​ និង​ កសិកម្ម​ជាដើម​ ដើម្បី​ប្រែក្លាយ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​ ឲ្យ​មានការ​រីកចម្រើន​ និង​មានការ​អភិវឌ្ឍន៍​ដូច​បណ្តា​ក្រុង​-ខេត្ត​នានា​នៅក្នុង​តំបន់​ និង​ពិភពលោក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here