ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អជ្ញាប័ណ្ណចំនួន៣០៩ គម្រោង ដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានចំនួន២០១ក្រុមហ៊ុន ដើម្បីដំណើរការសាងសង់លំនៅដ្ឋានដាក់លក់នៅលើទីផ្សារ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក រស់ ភីរុណ បានមាន ប្រសាសន៍ប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា តបតាមការស្នើសុំក្រសួងបានសម្រេចផ្តល់អជ្ញាថប័ណ្ណ៣០៩ ទៅឱ្យក្រុមហ៊ុនចំនួន២០១ ។ លោកបានបន្តឱ្យដឹងទៀតថា នៅក្នុងគម្រោងទាំង៣០៩ មានគម្រោងអភិវឌ្ឍលំនៅដ្ឋានចំនួន ២៨៥គម្រោង ដែលក្នុងនោះគម្រោងចំនួន១៥២ ត្រូវបានបញ្ចប់ការសាងសង់ និងគម្រោងចំនួន១៣៣ទៀត កំពុងតែមានដំណើរសាងសង់នាពេលបច្ចុប្បន្ននេះ។
-->
ផ្អែកតាមការសិក្សារបស់ក្រសួងអំពី ក្របខ័ណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជនរស់នៅក្នុងរាជធានី និងទីប្រជុំជនកាលពីឆ្នាំ២០១៤ មានចំនួន៤,៥លាននាក់ ស្មើនឹង២៧,១ភាគរយ នឹងបន្តកើនឡើងដល់៧,៩២លាននាក់នៅឆ្នាំ២០៣០ ស្មើនឹង៤៤ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។ តាមរយៈទិន្នន័យដដែលបានបង្ហាញឱ្យឃើញថា សម្រាប់រយៈពេល១៥ឆ្នាំរាប់គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០៣០ខាងមុខនេះ តម្រូវការលំនៅដ្ឋានសម្រាប់រាជធានី និងទីប្រជុំជនមានប្រមាណ ៨០ម៉ឺនលំនៅដ្ឋានទៀត ដែលគិតជាមធ្យមមានតម្រូវការប្រមាណ ៥ម៉ឺន លំនៅដ្ឋានក្នុងមួយឆ្នាំ។
អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ថា ចំនួនគម្រោងទាំងនេះនៅមិនទាន់ច្រើនពេកនោះទេ ខណៈដែលប្រជាជនកម្ពុជា មានតម្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅជាច្រើនទៀត។ លោកស្រីបន្តទៀតថា “នៅពេលដែលក្រសួងផ្តល់អជ្ញារប័ណ្ណដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន វាជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា វិស័យមួយនេះកំពុងតែមានភាពរីកចម្រើន និងអភិវឌ្ឍល្អ។
លោកស្រីបានបន្តថា “នៅពេលមានគម្រោងអភិវឌ្ឍន៍កាន់តែច្រើន នៅលើទីផ្សារផ្សាររួម វាបានផ្តល់នូវជម្រើសដ៏ល្អសម្រាប់អតិថិជន ដែលមានចំណូលមធ្យមក្នុងការសម្រេចចិត្តទិញលំនៅដ្ឋានផ្ទាល់ខ្លួន”។ លោកស្រីបន្តទៀតថា “បើទោះជាមានការប្រកួតប្រជែងនៅលើទីផ្សារយ៉ាងក៏ដោយ ក្រុមហ៊ុនអភិវឌ្ឍត្រូវតែយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពសំណង់ និងការបង្កើតបរិយាកាសជុំវិញឱ្យមានភាពល្អប្រសើរផងដែរ ជៀសវាងដើម្បីអាចទទួលបានចំណែកទីផ្សារច្រើន តាមរយៈការលក់តម្លៃទាប ហើយកាត់បន្ថយគុណភាពសំណង់នោះទេ”។

បច្ចុប្បន្ននេះ ចំពោះវិស័យលំនៅដ្ឋានបាន កើតមាននៅតាមបណ្តាតំបន់ជាយក្រុងយ៉ាងស្អេកស្កះ ជាពិសេសនៅតាមបណ្តាផ្លូវជាតិសំខាន់ៗមួយចំនួន ដូចជា ផ្លូវជាតិលេខ១ -២ -៣ -៤-៥ ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៦A ដែលជាតំបន់មួយអ្នកជំនាញធ្វើការព្យាករណ៍ថា នៅថ្ងៃខាងមុខនេះ នឹងក្លាយជាតំបន់លំនៅដ្ឋានកម្រិតខ្ពស់ និងកម្រិតមធ្យមយ៉ាងប្រាកដ៕