តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​កើនឡើង​ដល់​ ៨០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​

0

ដោយ រ៉ា​ណេត​

ភ្នំ​ពេញ៖ នៅ​រាជធានី​ភ្នំពេញ​តម្លៃ​ដី​បាន​កើនឡើង​ជាប្រចាំ​ ដោយ​តំបន់​ដែល​មាន​អចលនទ្រព្យ​ថ្លៃជាង​គេ​ស្ថិត​នៅ​ក្ន​ងខ័ណ្ឌ​ចំការមន​ និង​ខ័ណ្ឌ​ដូនពេញ​ ដែល​អចលនទ្រព្យ​នៅ​តាម​តំបន់​មួយចំនួន​ក្នុង​ខ័ណ្ឌ​ទាំងពីរ​ មានតម្លៃ​រហូតដល់ ១០០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

ដោយឡែក​ថ្ងៃនេះ​ យើង​ទៅ​មើ​លត​ម្លាំ​ដីធ្លី​នៅ​តាម​បណ្តោយ​តីរវិថី​ព្រះស៊ីសុវត្ថិ​ (ផ្លូវ​មាត់ទន្លេ​) វិញ​មានតម្លៃ​ថ្លៃ​កម្រិត​ណា​។

អគ្គនាយក​ក្រុមហ៊ុន​ Premium​ Group​ លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​មានប្រសាសន៍​ថា​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២០​ ខែមិថុនា​ នេះ​ថា​ តំបន់​ខាងលើ​នេះ​បាន​ក្លាយជា​ទីតាំង​ដ៏​ល្អដាច់គេ​ក្នុងនាម​ជាទី​កន្លែង​សម្រាប់​ការ​លំ​ហែរ​កាយ​ ដើរកម្សាន្ត​ ដែល​បណ្តាជន​បរទេស​ចូលចិត្ត​បំផុត​ (Prime​ Location​)។

លោក​បន្ត​ថា​ ដោយសារតែ​តំបន់​ទាំងនេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ និង​អំណោយផល​ដល់​ការរស់នៅ​ បច្ចុប្បន្ន​តម្លៃ​អចលនទ្រព្យ​ ក៏ដូចជា​វិស័យ​ដីធ្លី​ផង​ដែរ​ គឺ​មានកម្រិត​ខ្ពស់​ ដែល​ទាប​បំផុត​ត្រឹម៦០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​មាន​ទីតាំង​ខ្លះ​ អាច​មានតម្លៃ​រហូតដល់​ប្រមាណ៧០០០​-៨០០០​ ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅ​តំបន់​នេះ​ ក៏ដូចជា​តំបន់​ដែល​ស្ថិតនៅ​ជុំវិញ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ដែល​ពោរពេញ​ទៅ​សក្ដានុពល​ អំណោយផល​ដល់​ការ​ប្រកប​មុខ​ជំនួញ​ និង​អាជីវកម្ម​គ្រប់​ប្រភេទ​ ជាពិសេស​ផ្នែកការ​ផ្គត់ផ្គង់​ចំណីអាហារ​ ភេសជ្ជៈ​ ពេល​រាត្រី​តែម្ដង​”។ លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​ប្រភេទ​អាជីវកម្ម​ទាំងនេះ​ ក៏​មានការ​ផ្គត់ផ្គង់​ទៅលើ​វិស័យ​ស្នាក់នៅ​ក្នុងរយៈពេល​ខ្លី​ផង​ដែរ​ ដែល​ភាគច្រើន​ជនបរទេស​ចម្រុះ​ជាតិសាសន៍​ចូលចិត្ត​ និង​និយម​នៅ​តំបន់​ទាំងនេះ​ជាងគេ​”។

​លោក​ម៉ាន់​ ច័ន្ទ​ឌី​បាន​បញ្ជាក់​ទៀត​ថា​ ដោយសារតែ​វា​ជាទី​តាំង​ដ៏​ល្អ​ បច្ចុប្បន្ន​ក្រៅពី​មាន​អ្នក​វិនិយោគ​ក្នុង​ស្រុក​ កំពុងតែ​ធ្វើការ​វិនិយោគ​ក្នុង​រូបភាព​កម្រិត​តូច​ និង​មធ្យម​នោះ​ ក៏​មាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​ Yuetai​ Group​ កំពុង​តែ​រៀបចំ​ដំណើរការ​សាងសង់​សំណង់​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រោម​គម្រោង​ Phnom​ Penh​ Harbour​ ដែល​មាន​ចំនួន​អគារ​ធំៗ​រហូតដល់​ប្រមាណ ២២អគារ​។

នាយក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​,.Ltd​ លោក​ ម៉ម​ សិរី​បញ្ញា​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ នៅ​តំបន់​នេះ​ពិតជា​មាន​ភាពល្អ​ប្រសើរ​ និង​មាន​សក្ដានុពល​ខ្លាំង​ ប៉ុន្តែ​បើ​មានការ​រៀបចំ​ឱ្យ​មាន​សណ្តាប់​ និង​ស្រស់​ស្អាត​ជាង​នេះ​ រឹតតែ​អាច​ទាក់ទាញ​កាន់តែ​ខ្លាំង​។ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ វា​មាន​ភាព​អំណោយផល​ទាំង​ការរស់នៅ​ ទាំង​វិស័យ​ទេសចរណ៍​ ហើយក៏​អាស្រ័យផល​ជាច្រើន​ដល់​ការ​ធ្វើអាជីវកម្ម​។

លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ ក្រៅពី​ការ​ប្រកប​អាជីវកម្ម​នៅ​តាម​ផ្ទះ​ដែល​បង្កើត​ជា​រូបភាព​ភោជនីយដ្ឋាន​ ឬជា​កន្លែង​ស្នាក់នៅ​ ក៏​មាន​គម្រោ​ងធំៗ​មួយចំនួន​កំពុងតែ​អភិវឌ្ឍ​ផង​ដែរ​ ដូចជា​ គម្រោង​អា​ផា​តមិន​ គម្រោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផង​ដែរ​ ខណៈ​ដែល​ផ្ទះ​និង​បណ្តា​សំណង់​អាគារ​ ដែល​បន្សល់ទុក​កាលពី​សម័យ​បារាំង​ត្រូវ​បាន​អ្នក​អភិវឌ្ឍន៍​ប្រែក្លាយ​ទៅជា​ទីតាំង​ សម្រាប់​ជួល​ស្នាក់នៅ​ក្នុងរយៈពេល​ខ្លី​ជា​បណ្តើរ​ៗរួច​ទៅ​ហើយ​នោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here