ដោយគង់ សូរិយា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះកំពស់៦៩ជាន់ ដែលសាងសង់នៅទីក្រុងកោះពេជ្របានបញ្ចប់ការខួងគ្រឹះ និងត្រៀមបើកការដ្ឋាន ព្រមទាំងប្រកាសគំរោងនេះនៅចុងខែមិថុនានេះហើយ។
លោក ជិន ហុក ប្រធានគ្រប់គ្រងគំរោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថកងៃទី២០ មិថុនានេះថា គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Wonder Primeone ដែលក្រុមហ៊ុននេះបានប្រាប់លោកថា គម្រោងនេះនឹងប្រកាសសម្ភោធនៅចុងខែមិថុនានេះ ប៉ុន្តែការប្រែប្រួលយ៉ាងណាអាស្រ័យលើក្រុមហ៊ុនជាក់ស្តែង។
-->
លោកបន្តថា “រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការខួងគ្រឹះអាគារកប់ពពកនេះហើយ និងគ្រោងបញ្ចប់នៅពេលណាលោកមិនដឹងទេ ដោយសារវាមិនមែនជាផ្នែកមួយនៃក្រុមហ៊ុន OCIC នោះទេ”។ លោកបន្តថា “គំរោងនេះស្ថិតនៅក្បែរទីតាំងស្ពាននាគភ្លោះចូលទៅកាន់ទីក្រុងកោះពេជ្រ ដែលស្ថិតនៅលើទីក្រុងកោះពេជ្រ”។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា គំរោងនេះពិតជាបានបញ្ចប់ការសាងសង់គ្រឹះហើយ ហើយក្រុមហ៊ុនសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គ្រោងនឹងសាងសង់អាគារនេះរហូតដល់កំពស់៦៩ជាន់ ដែលវាជាអាគារពាណិជ្ជកម្មចម្រុះ។
នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ថា តំបន់ជុំវិញទីក្រុងកោះពេជ្រ នឹងតំបន់ស្ថិតនៅលើទីក្រុងកោះពេជ្រនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនាពេលអនាគត ដោយបច្ចុប្បន្នមានអាគារខ្ពស់ៗ និងមានវត្តមានអាគារពាណិជ្ជកម្មកប់ពពកជាច្រើនទៀត នឹងសាងសង់នៅតំបន់នេះ ដែលធ្វើឲ្យតំបន់នេះក្លាយជាbusiness Hubមួយនាពេលឆាប់ៗខាងមុខនេះ៕