តើ​ការ​វិនិយោគ​សណ្ឋាគារ​ និង​អា​ផា​តម៉ិន​មួយ​ណា​មាន​ភាព​ប្រសើរ​ជាង​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅពេល​និយាយ​ពី​អ្នកមាន​ប្រាក់​ ពួកគេ​តែងតែ​គិត​ពី​ការ​វិនិយោគ​ ដើម្បី​ទទួល​បានផល​ចំណេញ​ និង​ភាព​ជោគជ័យ​សម្រាប់​រយៈពេល​វែង​របស់​ពួកគេ​ ហេតុនេះ​ការ​វិនិយោគ​លើ​វិស័យ​អា​ផា​តម៉ិន​ និង​សណ្ឋាគារ​មួយ​ណា​មានផល​ចំណេញ​ជាង​? ជា​អ្វី​ដែល​ជា​សំណួរ​ចាក់ដោត​មួយ​។

អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​នួន​ រិទ្ឋី​ ដែល​ជា​អ្នកមាន​ជំនាញ​ និង​បទពិសោធន៍​​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​មាន​ក្រុមហ៊ុន​ដៃគូ​សហការ​ជាច្រើន​នៅក្នុង​វិស័យ​មួយ​នេះ​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ និង​សណ្ឋាគារ​ ជា​ការ​វិនិយោគ​សម្រាប់​រយៈពេល​វែង​ដូចគ្នា​ និង​មាន​ភាព​វិជ្ជ​មាន​ខុស​ៗគ្នា​ អាស្រ័យ​លើ​អ្នក​វិនិយោគ​និ​មួយ​ៗជ្រើសរើស​ ប៉ុន្តែ​សម្រាប់​ទស្សន​ និង​ការយល់ឃើញ​របស់​លោក​ផ្ទាល់​ គឺ​ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​មាន​ភាព​ងាយស្រួល​ជាង​។

អា​ផា​តម៉ិន​

លោក​ឧកញ៉ា​ នួន​ រិទ្ឋី​ បាន​បន្ត​ថា​ ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ ជា​ការ​វិនិយោគ​គិត​ពី​រយៈពេល​វែង​ និង​សម្រាប់​អ្នក​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ​ ឬចូលនិវត្តន៍​ពី​ការងារ​វ័យក្មេង​ ព្រោះ​អា​ផា​តម៉ិន​ទទួល​បាន​ចំណូល​ទៀតទាត់​ និង​ស្ងាត់ស្ងៀម​ ជាង​វិនិយោគ​លើ​សណ្ឋាគារ​។ ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ មិនសូវ​ត្រូវការ​សេវាកម្ម​ច្រើនពេក​នោះ​ទេ​ គឺ​ប្រើប្រាស់​បុគ្គលិក​តិច​ និង​ងាយស្រួល​គ្រប់គ្រង​។

ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ជោគជ័យ​ ទាមទារ​ឱ្យ​មានការ​ចង​បណ្តាញ​ជាមួយ​អ្នកជំនួញ​ ការ​ផ្សព្វផ្សាយ​ និង​សេវាកម្ម​ល្អ​ ពិសេស​ទីតាំង​មាន​ភាព​អំណោយផល​ផង​ដែរ​។

សណ្ឋាគារ​

ការ​វិនិយោគ​លើ​សណ្ឋាគារ​ ជា​ការ​វិនិយោគ​រយៈពេល​វែង​ដូចគ្នា​ ទទួល​បាន​ចំណូល​ច្រើន​ផង​ដែរ​ ប៉ុន្តែ​សណ្ឋាគារ​ត្រូវ​មាន​សេវាកម្ម​ច្រើនជាង​អា​ផា​តម៉ិន​ ដូចជា​ ត្រូវ​មាន​បន្ទប់​ប្រជុំ​ មាន​ភោជនីយដ្ឋាន​ កន្លែង​ហាត់ប្រាណ​ និង​មានការ​ប្រើប្រាស់​បុគ្គលិក​ច្រើនជាង​អា​ផា​តម៉ិន​ ពិសេស​ត្រូវ​ផ្តោត​លើ​ការ​រក្សា​នូវ​ផាសុកភាព​ ភាព​កក់ក្តៅ​ និង​សុវត្ថិភាព​ដល់​ភ្ញៀវ​ជាចម្បង​។ ផ្ទុយទៅវិញ​អា​ផា​តម៉ិន​ មិន​ចាំបាច់​មាន​ភោជនីយដ្ឋាន​ សាល​ប្រជុំ​ ឬប្រើប្រាស់​បុគ្គលិក​ច្រើន​នោះ​ទេ​។ លោក​ឧកញ៉ា​ នួន​ រិទ្ធី បញ្ជាក់ឲ្យដឹង​។

​លោក​ឧកញ៉ា​បាន​បន្ត​ថា​ “ទោះជាយ៉ាងណា​ការ​វិនិយោគ​លើ​សណ្ឋាគារ​ ទទួល​បាន​ប្រាក់ចំណូល​ច្រើន​ប្រចាំថ្ងៃ​ ប្រសិនជា​សណ្ឋាគារ​នោះ​ដំណើរការ​ដោយ​ជោគជ័យ​”។ លោក​បន្ត​ថា​ “ហេតុនេះ​ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ និង​សណ្ឋាគារ​ល្អ​ម្យ៉ាង​ម្នាក់​ ប៉ុន្តែ​ការ​វិនិយោគ​លើ​សណ្ឋាគារ​ ទាមទារ​ឱ្យ​ម្ចាស់​មាន​ភាព​មមាញឹក​ច្រើន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here