ដោយនៅ វឌ្ឍនា
ភ្នំពេញៈ ងាកចេញពីសោកនាដកម្មនៃការដួលរលំបាកអាគារកំពស់៧ជាន់ ដែលធ្វើឲ្យកម្មករស្លាប់ និងរបួសជាច្រើននាក់ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសាររងគ្រោះ។
ប៉ុន្តែបើងាកមកមើលទុនវិនិយោគក្នុងវិស័យសំណង់ ក្នុងខេត្តព្រះសីហនុបានកើនឡើងដល់ជាង៥៨២លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំនេះជាមួយគំរោងវិនិយោគសរុបរហូតដល់ ១៨៦គំរោង។
ប្រធានមន្ទីររៀបចំដែនដី សំណង់ និងសូរីយោដីខេត្តព្រះសីហនុ លោកចេង ស្រុង ធ្លាប់បានឲ្យដឹងកាលពីថ្ងៃទី២៣ មិថុនាកន្លងមកថា ទុនវិនិយោគជាង ៥៨២លានដុល្លារ បានហូរចូលខេត្តព្រះសីហនុ ជាមួយនឹងគំរោងវិនិយោគ១៨៦ ក្នុងរយៈ ពេល៥ខែនៃ ឆ្នាំ២០១៩ នេះ។

លោកបន្តថា ក្នុងចំណោមគម្រោងវិនិយោគទាំងនោះ រួមមាន គំរោងអនុម័តដោយសមត្ថកិច្ចថ្នាក់ជាតិចំនួន ៥៩គម្រោង គំរោងអនុម័តដោយសមត្ថកិច្ចថ្នាក់ក្រោមជាតិចំនួន២២គម្រោង និងគម្រោងអនុម័តដោយសមត្ថកិច្ចក្រុង ស្រុកចំនួនទូទាំងខេត្តព្រះសីហនុមានចំនួន១០៥គំរោង៕






