ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ បន្ទាប់ពីអគារកំពស់ ៧ ជាន់បានបាក់ដួលរំលំ បង្កឱ្យពលរដ្ឋខ្មែរស្លាប់ និងរងរបួសជាច្រើននាក់។
នៅក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទ23 ខែមិថុនានេះ មានសមាសភាព ១៥ រូបដែលដឹកនាំដោយ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបបណីយកម្ម និងសំណង់ ជាប្រធាន និង លោកនាយឧត្តមសេនីយ៍ អ៊ុក គឹមលេង ជាអនុប្រធាន ក្នុងការត្រួតពិនិត្យបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ។
-->
ត្រួតពិនិត្យលក្ខណសម្បតិ្តរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់ ។ ធ្វើបច្ចុប្បន្នភាពសំណង់អគារដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្ម ។ធ្វើរបាយការណ៍លទ្ធផលជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល និង បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។
អគារកំពស់ ៧ ជាន់នៅខេត្តព្រះសីហនុត្រូវបានបាក់រលំកាលពីថ្ងៃទី ២២ ខែមិថុនា ដែលបានធ្វើឱ្យពលរដ្ឋទទួលរងបួស និងស្លាប់ជាច្រើននាក់។
បើតាមក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង ៦ព្រឹកមិញនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់ ២៤នាក់ ក្នុងនោះមានស្រី ៤នាក់ និងអ្នករបួស ២៤នាក់ ក្នុងនោះមានស្រី២នាក់ ។ ក្រុមជួយសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕


