ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យបានអះអាងថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ១ និងការអភិវឌ្ឍនៅតំបន់នេះនឹងកាន់តែមានសក្តានុពល ដោយសារគំរោងវិនិយោគធំៗបាននិងកំពុងចាប់ផ្តើមនៅតំបន់នេះ។

នាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២៧ មិថុនាកន្លងមកថា ស្ថានភាពអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់តាមបណ្តោយផ្លូវជាតិលេខ១ នៅពេលបច្ចុប្បន្ននេះ មិនមែនដូចកាលពីឆ្នាំមុននោះទេ។
បច្ចុប្បន្ននេះ ស្ថានភាពជាក់ស្ដែងនៃការអភិវឌ្ឍលើវិស័យអចលនទ្រព្យ គឺមានល្បឿនលឿនលើសពីការរំពឹងទុក។
លោកបានបន្តទៀតថា “បើគិតចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស សង្កាត់ច្បារអំពៅរហូតម្ដុំបុរីប៉េងហួត គឺមានភាពរីកចម្រើនខ្លាំង”។ លោកបន្តទៀតថា “នៅតំបន់នេះ ក្រៅពីមានការកកើតនូវមណ្ឌលពាណិជ្ជកម្ម និងវិស័យលំនៅដ្ឋានកម្រិតខ្ពស់របស់ក្រុមហ៊ុន ប៉េង ហួត ក៏មានគម្រោងមជ្ឍមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់ ដូចជាជាគម្រោងខុនដូរជាដើមកំពុងតែមានសកម្មភាពសាងសង់”។
លោកវ៉ា វីរៈបានបន្តទៀតថា អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត ផ្លូវជាតិលេខ១ មានគម្រោងអភិវឌ្ឍទីក្រុងសិប្បនិម្មិត របស់ក្រុមហ៊ុនOCICមួយបន្ថែមទៀត ដែលកាន់តែជួយជំរុញឱ្យតំបន់មួយនេះកាន់តែមានសក្ដានុពល។ លោកបន្តទៀតថា ដោយឡែកចំពោះតំបន់ផ្សេងទៀត ដែលស្ថិតនៅតានបណ្តោយផ្លូវជាតិលេខ១ ក៏មានតម្រូវការ និងសក្ដានុពលផងដែរ។
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ មានក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងតែបោះជំហ៊ានវិនិយោគលើវិស័យលំនៅឋាននៅតំបន់នេះ ជាពិសេសក្រុមហ៊ុនចិន The Prince ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំប្រចាំនៅកម្ពុជា ក៏មានវត្តមាននៅតំបន់ខាងលើនេះផងដែរ”។
ជាមួយគ្នានេះអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលកំពុងបោះទុនវិនិយោគ និងអភិវឌ្ឍបុរី កៀនស្វាយ ផាក លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ផ្លូវជាតិ១នាពេលនេះ កំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែសកម្មភាពនៃការអភិវឌ្ឍ និងភាពរីកចម្រើនយ៉ាងគំហុក បានធ្វើឱ្យតម្លៃដីនៅតំបន់ទាំងនេះ មានការកើឡើងយ៉ាងខ្លាំង។
លោកឧកញ៉ាបន្តថា ដោយសារល្បឿននៃការអភិវឌ្ឍនៅតំបន់នេះ បានធ្វើឲ្យតម្លៃដីធ្លីនៅនៅតាមបណ្តោយផ្លូវនេះមានកំនើនជាប្រចាំ។ ជាក់ស្តែងបើគិតចាប់ពីចំណុចគល់ស្ពានច្បារអំពៅរហូតដល់ម្តុំបុរីប៉េងហួត តម្លៃដីអាចចាប់ពី២០០០ ទៅ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចាប់ពីតំបន់ម្ដុំបឹងស្នោ រហូតដល់តំបន់ផ្លូវបំបែករោងចក្រស្រាបៀរថៃហ្គ័រ អាចមានតម្លៃក្នុងចន្លោះ ១៥០០-២០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ដោយឡែកចាប់ពីតំបន់ផ្លូវបំបែក ចូលរោងចក្រស្រាបៀរថៃហ្គ័ររហូតដល់ផ្សារគរគី អាចមានតម្លៃក្នុងចន្លោះ ២៥០-៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើនៅតំបន់ទីប្រជុំជនផ្សារគឺមានតម្លៃថ្លៃ។ ប៉ុន្តែបើចាប់ពីតំបន់ផ្សារគគីរហូតដល់ផ្លូវបំបែកចូលទៅតំបន់ពុទ្ធមណ្ឌល (ផ្លូវលេខ១១៦) ដែលស្ថិតនៅក្នុឃុំឈើទាល ស្រុកកៀនស្វាយ គឺមានតម្លៃជាង១០០ដុល្លារឡើងទៅ ហើយវានឹងបន្តកើនឡើងបន្ថែមទៀត។
លោកឧកញ៉ានួន រិទ្ឋីបានបន្តទៀតថា តំបន់នេះនាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញជាច្រើន ដែលរួមមានដូចជា ការសង់សំណង់លំនៅដ្ឋានតម្លៃមធ្យម សំណង់បុរី មណ្ឌលកម្សាន្តកែច្នៃ ជាដើម ហើយអ្នកវិនិយោគមួយចំនួន ក៏កំពុងវិនិយោគដោយផ្ទាល់ជាមួយការពុះដីឡូត៍ផងដែរ។ លោកឧកញ៉ាបន្តថា ជាក់ស្ដែង ពេលនេះគម្រោងបុរី កៀនស្វាយ ផាក បានចាប់បុកគ្រឹះដំណើរការសាងសង់ ហើយនៅថ្ងៃខាងមុខនេះ នឹងមានគម្រោងសាងសង់សំណង់លំនៅឋានកម្រិតមធ្យម និងក្រោមមធ្យមបន្តទៀត៕






