ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ គម្រោងសាងសង់ព្រលានយន្តហោះ នៅតំបន់ភូមិភាគឦសាន នាខេត្តមណ្ឌលគីរី បានចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗហើយ ខណៈដែលផ្ទៃដីសម្រាប់ធ្វើការអភិវឌ្ឍចំនួនប្រមាណ៣០០ហិកតា ស្ថិតនៅក្នុងស្រុកអូរាំង ត្រូវបានរដ្ឋបាលខេត្តកំណត់ទីតាំងរួចជាស្រេចហើយ។

-->
មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិកានៃអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនាព្រឹកថ្ងៃទី២៩ មិថុនានេះថា បច្ចុប្បន្ននេះគម្រោងអភិវឌ្ឍព្រលានយន្តនៅខេត្តមណ្ឌលគីរីត្រូវបានរដ្ឋបាលខេត្តរៀបចំ និងប្រគល់ទីតាំងប្រមាណ៣០០ហិកតា ស្ថិតនៅក្នុងស្រុកអូរាំង។ លោកបានបន្តទៀតថា ឥឡូវនេះ ទីតាំងសម្រាប់អភិវឌ្ឍគម្រោងត្រូវបានកំណត់រួចរាល់ ប៉ុន្តែនៅមិនទាន់មានការឈូសឆាយនៅឡើយនោះទេ”។
លោកបានបន្តទៀតថា “ដំណើរការនៃការសិក្សាលម្អិតកំពុងតែអនុវត្តន៍ ព្រោះគេមិនអាចធ្វើឱ្យមួយដោយប្រថុយប្រថាននោះទេ”។
ការអភិវឌ្ឍព្រលានយន្តហោះនៅក្នុងខេត្តមណ្ឌលគីរី ដែលជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបួនប្រចាំប្រទេសនេះ គឺក្នុងគោលបំណងគាំទ្រ និងជំរុញវិស័យទេសចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរ។
លោកស៊ិន ចាន់សេរីវុត្ថាបានបន្តទៀតថា “ក្រៅពីជំរុញ និងសម្រួលដល់វិស័យទេសចរណ៍ វត្តមានព្រលានយន្តហោះថ្មីមួយនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនផលិតផលក្នុងស្រុកផងដែរ”។ លោកបន្តទៀតថា “ ជាទូទៅព្រលានយន្តក្នុងស្រុក សម្រាប់ផ្លូវរត់ត្រង់យ៉ាងហោចណាស់ ក៏ត្រូវមានប្រវែង១៨០០ម៉ែត្រ ប៉ុន្តែនៅក្នុងគម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះអាចមានទំហំធំ និងវែងជាងនេះ ហើយត្រូវចំណាយពេលមិនតិចជាង៥ឆ្នាំនោះទេ”។
អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា លោក ង៉ែត ជូ បានមានប្រសាសន៍ថា ប្រសិនបើគម្រោងសាងសង់ព្រលានយន្តហោះខ្នាតតូច នៅក្នុងតំបន់ភាគខាងឦសានត្រូវបានធ្វើឡើង គឺពិតជាមានផលចំណេញច្រើនទាំងអ្នកវិនិយោគ ទាំងប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។
លោកបានបន្តថា “ខេត្តដែលស្ថិតនៅក្នុតំបន់ប៉ូលសេដ្ឋកិច្ចពិសេសនេះ ភាគច្រើន មានភាពល្អប្រសើរទៅលើវិស័យអេកូរទេសចរណ៍ និងវិស័យកសិឧស្សាហកម្ម”។ លោក បន្តថា “ដូច្នេះចំពោះការបង្កើតឱ្យមានព្រលានយន្តហោះខ្នាតតូច ក្នុងតំបន់គឺបានជួយសម្រួលដល់ការដឹកជញ្ជូនទាំងផលិតផលកសិផល ក៏ដូចជាបង្កើនភាពងាយស្រួលដល់ការអូសទាញផ្នែកទេសចរណ៍”។

លោកង៉ែត ជូបានបន្តថា “ជាទូទៅនៅពេលដែលមានដំណឹងនិយាយពីអភិវឌ្ឍ នៅតំបន់ណា តំបន់នោះ គឺតែងតែមានភាពពុះកញ្ច្រោលទៅលើវិស័យទិញ លក់ដីធ្លី ដែលចំណុចនេះ លោកបានក្រើនរំលឹកដល់អ្នក ដែលមានបំណងវិនិយោគខ្នាតតូចមួយចំនួនថា ការសិក្សា ក៏ដូចជាការសាងសង់ព្រលានយន្តហោះ គឺត្រូវចំណាយពេលយូរឆ្នាំ ដូច្នេះការវិនិយោគដីធ្លីគួររង់ចាំមើលសកម្មភាពអភិវឌ្ឍជាមុន ទើបសម្រេចចិត្តជៀសវាងទង្វើកាប់បំពង់រង់ចាំទឹកភ្លៀង”៕