សម្តេចក្រឡាហោមស ខេង ជំរុញឱ្យអ្នកអភិវឌ្ឍន៍រមណីយដ្ឋានគិតគូពីសុវត្ថិភាព

0

ដោយវុត្ថា

ព្រះសីហនុៈ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាសផ្ទៃ បានជំរុញឱ្យអ្នកអភិវឌ្ឍន៍រមណីយដ្ឋាន និងអគារសំណង់ផ្សេងៗ ដែលបានសាងសង់រួចហើយ និងកំពុងសងសង់គិតគូពីសុវត្ថិភាពឱ្យបានល្អ បន្ទាប់ពីមានឧបទ្ទវហេតុបាក់ស្រុតអគារកំពស់ ៧ ជាន់នៅខេត្តព្រះសីហនុ បណ្តាឱ្យមានពលរដ្ឋស្លាប់ និងរងរបួសជាច្រើននាក់។

សម្តេចក្រឡាហោម ស ខេង ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ ពីលោកយន្ត មីនមកលោក គួច ចំរើន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះបានឱ្យដឹងថា កន្លងអាជ្ញាធរបានរកឃើញអគារសាងសង់រួចហើយ មិនមានប្រព័ន្ធសុវត្ថិភាព និងអគារដែលកំពុងសាងសង់ពុំមានច្បាប់ត្រឹមត្រូវ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងខុសបច្ចេកទេស។

ជាមួយគ្នានេះសម្តេចក្រឡាហោម បានជំរុញអភិបាលខេត្តព្រះសីហនុថ្មី លោកគួច ចំរើន ចាត់វិធានការលើសំណង់ដែលគ្មានច្បាប់ និងសំណង់ខុសបច្ចេកទេស ឱ្យបានម៉ឺងម៉ាត់ និងស្របទៅតាមច្បាប់របស់កម្ពុជា។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹក និងដាស់តឿនដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុថា ការអភិវឌ្ឍខេត្តមួយនេះ ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ។ ការរក្សាអត្តសញ្ញាណជាតិត្រង់នេះ គឺសម្តេចចង់ឱ្យការរៀបចំស្លាកសញ្ញាផ្សេងៗ ត្រូវតែដាក់អក្សរខ្មែរពីលើជានិច្ច ហើយអក្សរបរទេសត្រូវដាក់ពីខាងក្រោម។

សម្តេចក្រឡាហោមថា កន្លងមកសម្តេចបានបញ្ជាឱ្យលោកនេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ ចុះត្រួតពិនិត្យ និងសិក្សាពីអគារមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ដែលសាងសង់រួចហើយ និងបានរកឃើញថា គ្មានប្រព័ន្ធការពារសុវត្ថិភាពអគ្គីភ័យ មានច្រកទ្វារចេញចូលតែមួយ ហើយសម្តេចបានជំរុញឲ្យអ្នកអភិវឌ្ឍនន៍គិតគូធ្វើឡើងវិញ ដើម្បីការសុវត្ថិភាពសម្រាប់អ្នករស់នៅ និងធ្វើការនៅក្នុងទីនោះ។

សម្តេចក្រឡាហោមថា “រាល់សំណង់ទាំងអស់ត្រូវតែមានច្បាប់ ត្រូវតែមានគុណភាព និងសុវត្ថិភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here