ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោះហៅក្រុមអ្នករកស៊ីក្នុងវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជាមកប្រជុំ និងពិភាក្សាការងារផ្សេងនៅដើមសប្តាហ៍នេះ បន្ទាប់ពីមានករណីបាក់ស្រុតអគារកំពស់៧ជាន់បណ្តាលឱ្យស្លាប់ និងរងរបួលពលរដ្ឋខ្មែរជាច្រើនកាលពីចុងខែកន្លងមកនេះ។
នៅក្នុងលិខិតអញ្ជើញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅថ្ងៃទី១ កក្កដានេះ បានអញ្ជើញលោកឧកញ៉ា លោកជំទាវ លោក លោកស្រី ប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ ប្រធានក្រុមជាងសំណង់ ប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងរូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់មកចូលរួមបកិច្ចប្រជុំស្ដីពីការសិក្សាគម្រោងប្លង់ និងការសាងសង់អគារ នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៩ខាងមុននេះ ក្រោមអធិបតីភាព លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
-->
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាសំណង់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែមិថុនាកន្លងមកនេះ បន្ទាប់ពីបាក់ស្រុកអគារកំពស់៧ ជាន់បានបញ្ជាឱ្យអជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវដាក់ពាក្យបណ្តឹងទៅតុលា ឬព្រះរាអាជ្ញាបន្ទាន់ ដើម្បីដោះស្រាយតាផ្លូវច្បាប់ បន្ទាប់ពីពិនិត្យឃើញការដ្ឋានសំណង់ណាមួយ ដែលសាងសង់គ្មានច្បាប់អនុញ្ញាត។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រាល់សំណង់ដែលគ្មានច្បាប់ ចាប់ពីពេលនេះទៅអាជ្ញាធរត្រូវដាក់ ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា ដើម្បីដោះស្រាយតាមច្បាប់។ នៅចំពោះមុខនេះ យើងនឹងបង្កើតគណៈកម្មការដើម្បីចុះត្រួតពិនិត្យ រាល់សំណង់ទាំងអស់។
លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យវិនិយោគិនទាំងមានការនឹងនរចិត្ត ព្រោះគណៈកម្មការចុះទៅ មិនមែនបំភ័យបំភិត ដុតឲ្យខ្លោច រោលឱ្យឆៅនោះទេ។ តែវាគឺជាការគាំទ្រឲ្យបងប្អូនអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ធានាបរិមាណ និងគុណភាព កុំមានការ មន្ទិលសង្ស័យនិង ភិតភ័យ។ លោកបន្ថែមថា “មុននឹងចាប់ផ្តើមសាងសង់ ត្រូវមានច្បាប់អនុញ្ញាត លិខិតបើកការដ្ឋាន ជាដើម”។
លោកឧបនាយករដ្ឋមន្ត្រី បានដាក់បញ្ជាឱ្យមន្ត្រីចុះត្រួតពិនិត្យការដ្ឋានសំណង់ទាំងអស់ និងដាក់ពាក្យប្តឹងទៅតុលានាពេលនេះ បន្ទាប់បន្ទាប់ពីមានឧប្បទ្ទវហេតុបាក់រលំអាគារកំពស់៧ជាន់នៅកណ្តាលក្រុងព្រះសីហនុ បណ្តាលអោយមានមនុស្សស្លាប់ និងរបួសចំនួន ៥៤នាក់ កាលពីរាត្រីទាបភ្លឺថ្ងៃទី២២មិថុនា ២០១៩កន្លងទៅថ្មីៗនេះ។
បើតាមលោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា គណៈកម្មការចំនួន៨នឹងចុះត្រួតពិនិត្យគុណភាពនិងលក្ខណៈ បច្ចេកទេសនៃសំណង់ទាំងអស់ ដែលបាននឹងកំពុងសាងសង់នៅលើទឹកដីក្រុងព្រះសីហនុ៕
