ដោយ ដាវិន
ភ្នំពេញ៖ រដ្ឋសភានៃប្រទេសកម្ពុជាបានសម្រេចអនុម័តយល់ព្រមអនុញ្ញាតឲ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា) បោះទុនវិនិយោគប្រមាណជាង ២០០លានដុល្លារលើគម្រោងសាងសង់វារីអគ្គសិនីខេត្តពោធិ៍សាត់មួយកន្លែង ទំហំ៨០មេហ្គាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ ខាងមុខ។

-->
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសាវនកម្មនៃររដ្ឋសភា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នៅថ្ងៃទី១ ខែកក្ដដា ២០១៩នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា) ឯ.ក មានឈ្មោះដើមKTC Cable Co.Ltd សិក្សាអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ កំលាំងអនុភាព៨០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងសាស្ត្រឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកបន្តថា ការវិនិយោគទុនសាងសង់គម្រោងវារីអគ្គិសនីស្ទឺងពោធិ៍សាត់១ ត្រូវចំណាយថវិកាសរុប ២៣១.១០ លានដុល្លាអាមេរិក ក្នុងរយៈពេលសម្បទាន៣៩ឆ្នាំ ដោយរយៈពេលសាងសង់៤ឆ្នាំ និង៣៥ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។
រដ្ឋាភិបាលកាលពីកន្លងទៅថ្មីៗនេះបានអនុម័តឲ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd ធ្វើការវិនិយោគលើគម្រោងសាងសង់ស្ថានីយវារីអគ្គិសនី ១ កន្លែងនៅតាមស្ទឹងពោធិ៍សាត់ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមរូបភាពសាងសង់ដំណើរការផ្ទេរ (BOT) ដោយចំណាយទុនវិនិយោគ ២៣១,១០ លានដុល្លារ សម្រាប់រយៈពេលសម្បទាន៣៩ ឆ្នាំ។
គម្រោងនេះមានទំហំ ៨០ មេហ្គាវ៉ាត់ នឹងត្រូវដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ ២០២៣។លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញបានថ្លែងថា ការពង្រីកការវិនិយោគលើវិស័យថាមពលនេះអាចនិយាយថា ជារបត់ថ្មីមួយរបស់កម្ពុជាក្នុងការឈានឆ្ពោះទៅរកការពង្រឹងសន្តិសុខថាមពល ដើម្បីឆ្លើយតបនឹងកំណើននៃការប្រើប្រាស់ថាមពលដ៏ច្រើនពេលបច្ចុប្បន្ន។
លោកថា ”យើងកំពុងរៀបចំពង្រឹងខ្លួនឯងដើម្បីធានាសន្តិសុខថាមពលដោយខ្លួនឯង ដោយមិនពឹងពាក់ទាំងស្រុងទៅលើថាមពលដែលទទួលបានពីប្រទេសជិតខាង។យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជាបានឱ្យដឹងកម្ពុជាគ្រោងនឹងបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ ២ ៨៧០ មេហ្គាវ៉ាត់នៅឆ្នាំ ២០១៩ ដែលកើនឡើងពី ២ ៦៥០,២៦ មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០១៨៕