ការ​អភិវឌ្ឍ​កាន់​តែ​ងាក​ទៅ​តំបន់​ជាយក្រុង​ដោយ​សារ​ការ​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​រដ្ឋាភិបាល​

ចែករំលែក

ដោយៈ រ៉ាណេត

ភ្នំពេញៈ ល្បឿននៃការអភិវឌ្ឍ និងកំនើនប្រជាសាស្រ្តបានធ្វើឲ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននានា បានងាកចេញពីទីក្រុងដោយសារអស់ដីទំនេរ ហើយពួកគេបានឆ្ពោះទៅកាន់តំបន់់ជាយក្រុងកាន់តែច្រើន ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

តំបន់នៅជាយក្រុង ទីតាំងដែលមានសកម្មភាពអភិវឌ្ឍ និងមានតម្រូវប្រើប្រាស់ដីដើម្បីសាងសង់ជាអគារពាណិជ្ជ ឬសំណង់លំនៅដ្ឋាន ភាគច្រើនគឺស្ថិតនៅជាប់ ឬក្បែរផ្លូវជាតិទាំងអស់ ជាពិសេសច្រកទាំង៤ ដែលស្ថិតនៅក្នុងស្រុកចំនួន៤ផ្សេងគ្នា របស់ខេត្តកណ្តាល ។

ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់ដែលស្ថិតនៅក្នុងខណ្ឌនានាចំណុះរាជធានីភ្នំពេញ បច្ចុប្បន្ននេះស្ទើរតែរកផ្ទៃដីទំនេរ សម្រាប់អភិវឌ្ឍគម្រោងធំបានទៀតហើយ ព្រោះតែក្រុមហ៊ុនអភវឌ្ឍលំនៅដ្ឋាន ក៏ដូចជាអភិវឌ្ឍវិស័យឧស្សាហកម្មនានាបានទិញសម្រាប់ដំណើរការគម្រោងរបស់ពួកគេ។ លោកបន្តទៀតថា នៅតាមតំបន់ជាយក្រុង ភាគច្រើន យើងឃើញមានការរីកដុះដាលទៅលើវិស័យសំណង់លំនៅដ្ឋាន និងគម្រោងឧស្សាហកម្មនានា ដូចជា រោងចក្រ សហគ្រាស និងឃ្លាំង ជាដើម។

លោកបានបន្តទៀតថា “នៅពេលតំបន់ជាយក្រុងទាំងនេះមានតម្រូវការប្រើប្រាស់ដីកាន់តែច្រើន នោះវានឹងជំរុញឱ្យតំបន់ដែលស្ថិតនៅជាប់គ្នា ក៏មានសក្ដានុពលដែរ”។ លោកបញ្ជាក់ថា“ដូចជានៅតំបន់ផ្លូវជាតិលេខ១ បច្ចុប្បន្នតម្រូវការនៃការប្រើប្រាស់ ដែលស្ថិតនៅក្នុងគម្រោងធំមួយចំនួន បានរុញច្រានទៅដល់តំបន់មួយចំនួននៃស្រុកកៀនស្វាយ ហើយតម្លៃក៏បន្តកើនឡើង”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal  លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍលើវិស័យលំនៅដ្ឋាន នៅតំបន់ជាយក្រុងក៏បានទទួលស្គាល់ទៅនឹងការលើកឡើងខាងលើនេះដែរ ដោយលោកបានមានប្រសាស៍ថា នៅពេលតំបន់កណ្តាកក្រុងកាន់តែមានការអភិវឌ្ឍ មនុស្សចូលមកធ្វើពាណិជ្ជកម្ម ឬជំនួញកាន់តែច្រើន វានឹងធ្វើឱ្យក្រុងកាន់តែពង្រីកវិសាលភាពរបស់ខ្លួន។ លោកបន្តទៀតថា នៅពេលក្រុងកាន់តែពង្រីកវិសាលភាពឱ្យកាន់តែទូលាយ នោះតំបន់ជាយក្រុងនឹងមានតម្រូវការអភិវឌ្ឈ។

លោកឧកញ៉ាបានបន្តទៀតថា “ដោយសារការអភិវឌ្ឍមានសន្ទុះយ៉ាងលឿន បានជម្រុញតម្លៃដីនៅតំបន់ជាយក្រុងពិសេសតំបន់ស្ថិតតាមផ្លូវជាតិលេខ១មានការកើនឡើង”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ជាយក្រុងមិនមែនមានតែតំបន់ផ្លូវជាតិលេខ១នោះទេ ប៉ុន្តែនៅតាមបណ្តាផ្លូវដទៃទៀតក៏មានការអភិវឌ្ឍខ្លាំងដែរ។ នៅក្នុងចំណោមបណ្តាស្រុកនានា ដែលនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ ដូចជាតំបន់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ជាពិសេសផ្លូវជាតិលេខ៦ ដែលកំពុងមានការអភិវឌ្ឍវិស័យលំនៅដ្ឋាន។

លោកឧកញ៉ាបន្តទៀតថា “នៅតាមបណ្តាស្រុក ដែលស្ថិតនៅជាប់ជាយរាជធានីភ្នំពេញ គឺសុទ្ធតែមានសក្ដានុពលទាំងអស់ ទាស់ត្រង់ថា វិស័យនៃតម្រូវការខុសគ្នា”។ លោកបានបញ្ជាក់ថា “សក្ដានុពលស្រុកទាំងអស់នេះមានភាពទាក់ទាញផ្សេងៗពីគ្នាទេ”។ លោកបន្តថា “តំបន់ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ និងតំបន់ផ្លូវជាតិលេខ៤ ក្នុងអង្គស្នួល និងតំបន់ផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកពញាឮ មានភាពទាក់ទាញលើវិស័យចំនួនពីរ”។

ភាពទាក់ទាញ និងតម្រូវការនៃការប្រើប្រាស់ដើម្បីអភិវឌ្ឍគឺមានដូចជា នៅតាមផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល មានសក្ដានុពលលើវិស័យលំនៅដ្ឋាន (នៅជាយក្រុង) និងវិស័យឧស្សាហកម្ម ដោយសារតែមានភាពងាយស្រួលក្នុងការដឹកជញ្ជូន។

តំបន់តាមបណ្តោយផ្លូវជាតិលេខ៦A  គឺមានភាពអំណោយផលទៅលើវិស័យលំ​នៅដ្ឋានកម្រិតមធ្យម ខណៈដែលបច្ចុប្បន្ននេះ ឃើញមានក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានជាច្រើន បានសម្រុកទៅវិនិយោគនៅតំបន់នេះ ដែលក្នុងនោះក៏មានវត្តមានបុរីធំៗ និងល្បីឈ្មោះមួយចំនួនផងដែរ ដូចជា បុរីវិមានភ្នំពេញ ដែលស្ថិតនៅជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលី ហួរ ជាដើម ដោយឡែកតំបន់ផ្លូវជាតិលេខ ក៏កំពុងតែមានតម្រូវការលើវិស័យរោងចក្រ និងឃ្លាំងជាបណ្ដើរផងដែរ៕


ចែករំលែក