ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​បាន​ធ្វើឲ្យ​ផ្សា​រតូចៗ​ប្រឈម​នឹង​បញ្ហា​បាត់បង់​អតិថិជន​

0

ដោយៈ​ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ប្រសិនជា​មិន​ការប្រែប្រួល​នោះ​ទេ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០ខាងមុខនេះ​ ផ្សារ​ទំនើប​ធំៗ​ចំនួន៩ទៀត​ នឹង​ត្រៀមខ្លួន​ចូល​មក​ដំណើរការ​នៅ​លើ​ទីផ្សារ​ ដែល​ធ្វើឲ្យ​ទីក្រុង​ភ្នំពេញ​ប្រឈមមុខនឹង​បញ្ហា​នៃ​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ឡើង​។

ការ​មកដល់​នៃ​ផ្សារ​ទំនើប​ AEON​ MALL1​, AEON​ MALL2​ និង​ការ​ដាក់​ឲ្យ​ដំនើ​រកា​រផ្សារ​ទំនើប​ធំៗ​មួយចំនួន​ទៀត​ ដូចជា​ផ្សារ​ MAKRO ​ជាដើម​ បាន​និង​កំពុង​ធ្វើឲ្យ​ផ្សារ​ទំនើប​តូច​ៗកំពុង​បាត់បង់​អតិថិជន​។

អ្នកដើរ​ផ្សារ​ទំនើប​តូច​ៗបាន​និយាយ​ថា​ ផ្សារ​ទំនើប​ដូច​ផា​រ៉ា​ហ្គ​នដ៏​ល្បី​មក​ពី​ប្រទេស​ថៃ​ ផ្សារ​បាយ័ន​ ផ្សារ​ទំនើប​សុវណ្ណា​ ស៊ី​ធី​ម៉​លជាដើម​ បាន​បាត់បង់​អតិថិជន​ ហើយ​តូប​មួយចំនួន​បាន​បិទទ្វារ​ ដោយសារ​អ្នកលក់​រាយ​បាន​បាត់បង់​អតិថិជន​ ធ្វើឲ្យ​ពួកគេ​មិន​អាច​រក​ផល​ចំណេញ​បាន​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី២​ កក្កដា​កន្លងមក​ថា​ ជាមួយ​នឹង​កំនើន​សេដ្ឋកិច្ច​ និង​ការ​កើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាជន​ បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​ចាប់​យក​ឳកាស​នេះ​ដើម្បី​ស្វែងរក​ផល​ចំណេញ​ ដោយសារ​ពួកគេ​រំពឹង​ថា​ការ​វិនិយោគ​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ​ ប៉ុន្តែ​ការពិត​ទីផ្សារ​នេះ​នៅ​តូច​នៅឡើយ​ ហើយ​អំណាច​នៃ​ការ​បញ្ជាទិញ​នៅ​មានកម្រិត​។

លោក​បន្ត​ថា​ “អ្នកមាន​លំដាប់​ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ​ ពួកគេ​នៅតែ​និយម​ទិញទំនិញ​នៅ​បរទេស​ ហើយ​ពួកគេ​មិនទាន់​គាំទ្រ​ផលិតផល​នាំចូល​នៅឡើយ​ទេ​ ទោះជា​ផលិតផល​នោះ​មាន​ម៉ាក​សញ្ញា​និង​គុណភាព​ល្អ​ដូច​នៅ​ក្រៅប្រទេស​ក្តី​”។

លោក​ឧកញ៉ា​សៀ​ រិទ្ឋី​អគ្គនាយក​ក្រុមហ៊ុន ​World​ Bridge​ Land​ ដែល​បាន​វិនិយោគ​ផ្សារ​ទំនើប​ដោយខ្លួនឯង​ក្នុង​គំរោង​The​ Bridge​, និង​ក្នុង​គំរោង​ The​ PeAk​ នា​ពេល​អនាគត​ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មី​ៗនេះ​ផង​ដែរ​ថា​ វត្តមាន​ផលិត​ផលល្បីៗ​ ឬ Brand​ មក​ពី​បរទេស​មិនទាន់​ដល់ពេល​វេលា​នៅឡើយ​ ប៉ុន្តែ​ពួកគេ​នៅតែ​ចូល​មក​ ទោះបី​ពួកគេ​ដឹង​ថា​ទីផ្សារ​មិនទាន់​ល្អ​ក្តី​ ប៉ុន្តែ​គោលដៅ​របស់​ពួកគេ​ គឺ​ពង្រីក​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួកគេ​។

លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​វា​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ សម្រាប់​ផលិតផល​ Brand​ នៅ​កម្ពុជា​”។

​ទោះជា​ប្រឈម​នឹង​បញ្ហា​ ដែល​អំណាច​នៃ​ការ​បញ្ជាទិញ​មិនទាន់​កើនឡើង​ខ្លាំង​ក្តី​ ប៉ុន្តែ​ផ្សារ​ទំនើប​ចំនួន៩បាន​បើក​និង​ត្រៀម​បើកទ្វារ​ស្វាគមន៍​អតិថិជន​ ដែល​ផ្សារ​ទាំងនោះ​រួមមាន​ដូចជា​៖ ផ្សារ​ទំនើប​ Phnom​ Penh​ Mega​ Mall​, The​ Olympia​ Mall​, Chip​ Mong​ Baktouk​ CC​, WB​ Arena​, The​ Park​, The​ Point​, Noro​ Mall​, The​ Bridge​, និង​ Midtown​-mall​។

អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន ​CBRE​ Cambodia ​កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​មានប្រសាសន៍​ឲ្យ​ដឹងា​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នៅ​ឆ្នាំ២០១៩នេះ​ ទំហំ​នៃ​ផ្ទៃក្រឡា​សម្រាប់​ដាក់​លក់រាយ​ នៅក្នុង​បណ្តា​ផ្សារ​ទំនើប​នៅ​កម្ពុជា​ មាន​កំណើន​រហូតដល់​ចំនួន៣៤៨​,០០០​ ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ២០១៨​ ផ្ទៃក្រឡា​សម្រាប់​ទីតាំង​ លក់រាយ​មាន​ចំនួន​ត្រឹមតែ២៨២​,០០០​ ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។

​កញ្ញា​បន្ត​ថា​ “ការ​កើនឡើង​ផ្សារ​ទំនើប​យ៉ាងច្រើន​នៅ​ឆ្នាំ២០១៩នេះ​ មួយភាគធំ​គឺជា​ផ្នែក​ដែល​បន្សល់​ ពី​គម្រោង​ចាស់​ដែល​មិនទាន់​បញ្ចប់​រួចរាល់​កាលពី​ឆ្នាំ២០១៨​”។

យោង​តាម​របាយការណ៍​របស់​ CBRE ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ នៅ​ឆ្នាំ២០១៨កន្លងមក​នេះ​ កំណើន​នៃ​ចំនួន​ម៉ាក​ផលិតផល​ថ្មី​បាន​កើនឡើង​ តាមរយៈ​ទីផ្សារ​ទំនើប​រហូតដល់៦៥ម៉ាក​ ខណៈ​ឆ្នាំ២០១៧​ ដែល​មាន​ត្រឹម២៩ម៉ាក​។ ផលិត​ផលល្បីៗ​ដែល​នាំចូល​ ភាគច្រើន​ជា​ប្រភេទ​ចំណីអាហារ​ និង​ភេសជ្ជៈ​ និង​ត្រូវ​បាន​នាំចូល​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​មួយ​ចំណែក​តូច​ត្រូវ​បាន​នាំចូល​មក​ពី​ប៉ែក​អឺរ៉ុប​ ដូចជា​សម្ភារៈ​ប្រើប្រាស់​ និង​សម្លៀកបំពាក់​ជាដើម​។

ទោះជាយ៉ាងណា​អ្នកនាង​អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ នៅតែ​មាន​សុទិដ្ឋិនិយម​ ដោយ​អ្នកនាង​បាន​មានប្រសាសន៍​ថា​ ការ​កើនឡើង​នៃ​ផ្សារ​ទំនើប​កាលពី​ឆ្នាំមុន​ មិនទាន់​បាន​ធ្វើឲ្យ​ទីផ្សារ​នេះ​លើស​តម្រូវការ​នៅឡើយ​ទេ​ ប៉ុន្តែ​អ្នកនាង​បាន​ព្រមាន​ថា​ ប្រសិនជា​ឆ្នាំ​បន្តបន្ទាប់​វត្តមាន​ផ្សារ​ទំនើប​កើនឡើង​ច្រើន​ដូច​ឆ្នាំ២០១៨​ ចំនួន​នៃ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​ ធៀប​នឹង​តម្រូវការ​អាច​មាន​បញ្ហា​”។

អ្នកនាង​បន្ត​ថា​ “ការ​វិនិយោគ​លើ​ផ្សារ​ទំនើប​ បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​អាច​ទាញ​ផល​ចំណេញ​ពី​ផ្នែក​នេះ​ត្រលប់​មកវិញ​បាន​ខ្ពស់​ ប៉ុន្តែ​អ្នក​វិនិយោគ​ត្រូវការ​ធ្វើការ​កែ​លំ​អរ​ឲ្យ​ផ្សារ​របស់​ខ្លួន​មាន​ភាព​ទាក់ទាញ​រៀងរាល់៥ឆ្នាំ​ម្តង​”។

ការ​កើនឡើង​នៃ​វត្តមាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ ប៉ុន្តែ​ទីផ្សារ​នេះ​មិនទាន់​មានការ​ធ្វើ​ពិពិធ​កម្ម​នៅឡើយ​។

អតីត​អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​ លោក​ស៊ឹង​ ប៊ុណ្ណា​ធ្លាប់​បាន​ថ្លែង​ថា​ វត្តមាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ អាច​ធ្វើឲ្យ​ទីផ្សារ​នេះ​លើស​តម្រូវការ​ ប៉ុន្តែ​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​នេះ​ អ្នក​វិនិយោគ​គួរ​ធ្វើឲ្យ​ទីផ្សារ​របស់​ខ្លួន​មាន​ភាព​ទាក់ទាញ​ ដោយធ្វើ​យ៉ាងណា​ឲ្យ​មាន​ផ្សារ​លក់​ផលិតផល​តែមួយ​ផ្តាច់​មុខ​ ឧទាហរណ៍​ផ្សារ​មួយ​លក់​តែ​សម្លៀកបំពាក់​ ផ្សារ​មួយ​លក់​តែ​គ្រឿង​អេ​ឡិក​ត្រូ​និក​ ដើម្បីឲ្យ​អតិថិជន​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​ និង​ដឹងពី​ទីតាំង​ពិតប្រាកដ​ ដែល​ពួកគេ​អាច​ទៅ​រក​ទិញ​ផលិតផល​ណាមួយ​បាន​ ដោយ​មិន​ចាំបាច់​ទៅកាន់​កន្លែង​ដទៃទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here