លោក​បណ្ឌិ​តគីម​ ហ៊ា​ងប្រាប់​ពី​វិធី​សាស្រ្ត​ចំនួន៦ដើម្បី​វិភាគ​មុន​សម្រេចចិត្ត​វិនិយោគ​លើ​ដីធ្លី​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ វិស័យ​អចលនទ្រព្យ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ជាក់ស្តែង​វត្តមាន​អា​គារ​ខ្ពស់​ៗជាច្រើន​ បាន​រីក​ដូច​ផ្សិត​នៅ​រាជធានី​ភ្នំពេញ​ ពិសេស​តំលៃ​ដីធ្លី​ក៏បាន​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ​ ដែល​តំបន់​ខ្លះ​កើនឡើង​ទ្វេរ​ដង​ និង​តំបន់​ខ្លះទៀត​កើនឡើង​មួយ​គុណ​នឹង​បី​ឬបួន​ដង​ក៏​មាន​។

លោក​បណ្ឌិ​តគីម​ ហ៊ា​ង ប្រធាន ​Keller​ Williams​ Cambodia​ និងជាអគ្គនាយក ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ មុន​សម្រេច ចិត្ត​វិនិយោគ​លើ​ដីធ្លី​ អ្នក​វិនិយោគ​គួរ​សម្លឹង​មើល​កត្តា​មួយចំនួន​សិន​ ដូចជា​៖

១) ទិញ​ដី​ក្នុង​គោលបំណង​អ្វី​?

តើ​អ្នកមាន​បំណង​ទិញ​ដី​ ដើម្បី​ទុក​លក់​យក​ប្រាក់ចំណេញ​ ឬទុក​សាងសង់​សំណង់​នានា​? ប្រសិនជា​លោក​ អ្នក​ចង់​ទិញ​ដី​ដើម្បី​សាងសង់​ខុន​ដូ​ សាងសង់​អាគារ​ការិយាល័យ​ ឬសម្រាប់​សាងសង់​សណ្ឋាគារ​ សូម​ទិញ​ដី​នៅក្នុង​ខ័ណ្ឌ​ចំការ​មន​។

ប្រសិនជា​ចង់​ទិញ​ដី​ទុក​លក់​យក​ប្រាក់ចំណេញ​ រយៈពេល​បី​ឆ្នាំខាងមុខ​ គួរ​ទិញ​នៅ​តំបន់​ទួលគោក​ និង​តំបន់​ភ្នំពេញថ្មី​ ប៉ុន្តែ​បើ​ទិញ​ដី​ដែល​មាន​ចម្ងាយ​ពី៧ទៅ១០គីឡូម៉ែត្រ​ពីទី​ក្រុង​ ពួកគេ​ត្រូវ​រង់ចាំ​ដល់៧ឆ្នាំ​ទើប​ចំណេញ​បាន​។ បើ​ទិញ​ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ​ពីទី​ក្រុង​ គឺ​ពួកគេ​អាច​ទទួល​បានផល​ចំណេញ​នៅ​រយៈពេល១០ឆ្នាំក្រោយ​។

២) ការទិញ​ដីធ្លី​ជា​ការ​វិនិយោគ​ត្រឹមត្រូវ​ និង​មិន​ត្រឹមត្រូវ​

លោ​កគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ ការ​វិនិយោគ​ដីធ្លី​ ជា​ការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​ ប្រសិនជា​លោក​ អ្នក​សល់​លុយ​ដោយខ្លួនឯង​ មិនដឹង​យក​ទៅ​វិនិយោគ​អ្វី​ ប៉ុន្តែ​ប្រសិនជា​យក​លុយ​បង្វិល​ ឬយក​លុយ​ពី​ធនាគារ​ដើម្បី​ទិញ​ដី​វិនិយោគ​ អ្នកជំនាញ​រូប​នេះ​បាន​និយាយ​ថា​ “កុំអី​” ព្រោះ​អ្នកខ្លះ​គិតថា​ ការប្រាក់​ធនាគារ១ឆ្នាំ៨ភាគរយ​ ហើយ​ដី​ឡើងថ្លៃ២០ភាគរយ​ក្នុង​មួយឆ្នាំ​ គឺ​អាច​ខ្ចី​ឥណទាន​ពី​ធនាគារ​យក​មក​ទិញ​បាន​ ប៉ុន្តែ​វា​ជា​ការយល់​ច្រឡំ​ ព្រោះ​ដី​មិន​ងាយ​លក់​ភ្លាម​ៗនោះ​ទេ​ និង​អាច​មាន​ភាព​ជាប់​គាំង​រយៈពេល​ពីរ​ឬបី​ឆ្នាំ​ ពោល​គឺ​ត្រូវការ​ពេលវេលា​។

៣) តំបន់​ណា​ចំណេញ​លឿន​ជាងគេ​

ការទិញ​ដី​ដែល​ទទួល​បានផល​ចំណេញ​លឿន​ជាងគេ​ គឺ​ទិញ​នៅក្នុង​ខ័ណ្ឌ​សែនសុខ​ ដង្កោ​ និង​ខ័ណ្ឌ​ពោធិ​សែន​ជ័យ​ ពិសេស​តំបន់​ទួលគោក​ និង​ភ្នំពេញថ្មី​ ដោយសារ​តំបន់​នេះ​ដី​នឹង​ឡើងថ្លៃ​ទ្វេរ​ដង​នៅ​រយៈពេល​ពីរ​ ឬបី​ឆ្នាំខាងមុខ​នេះ​។

៤) គួរ​ទិញ​នៅ​តាម​បណ្តា​ខេត្ត​ឬទេ​?

ក្រៅពី​ខេត្តសៀមរាប​ និង​ខេត្ត​ព្រះសីហនុ​ អ្នកជំនាញ​រូប​នេះ​បាន​ប្រាក់​ថា​ “កុំ​ទិញ​អី​” ព្រោះ​ក្រៅពី​ខេត្ត​ទាំងពីរ​នេះ​ មិន​មាន​ខេត្ត​ណា​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​ផ្នែក​នេះ​ទេ​ ហើយ​ក្នុងចំណោម​ខេត្ត​ទាំងពីរ​ខាងលើ​ គឺ​ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​ខ្ពស់​ជាង​ខេត្តសៀមរាប​។ ប្រសិនជា​ទិញ​ដី​នៅ​ខេត្ត​ទុក​លក់​យក​ប្រាក់ចំណេញ​ គឺ​ត្រូវ​រង់ចាំ​រយៈពេល១០ឆ្នាំ​ទៀត​។

៥) ការ​វិនិយោគ​ដីធ្លី​មិន​សុទ្ឋ​ជា​ជម្រើស​ល្អ​

ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​មិន​សុទ្ឋ​តែ​ជា​ជម្រើស​ល្អ​នោះ​ទេ​ ព្រោះ​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​មាន​វិ​ស័យ​ផ្សេង​ៗទៀត​ ដែល​អាច​ប្រមូលប្រាក់​បាន​លឿន​ជាង​វិស័យ​ដីធ្លី​។

លោ​កគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ ប្រសិនជា​អ្នកមាន​អាយុ៥០ឆ្នាំ​ ជា​ពេល​ដល់អាយុ​ជិត​ចូលនិវត្តន៍​ មិន​គួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី​នោះ​ទេ​ គឺ​គួរ​ទិញ​ខុន​ដូ​ ទិញ​ដី​សាងសង់​ផ្ទះ​ជួល​ ឬទិញ​ផ្ទះល្វែង​សម្រាប់​ជួល​ ដែល​អាច​បាន​ប្រា​ក់​ភ្លាម​ៗត្រលប់​មកវិញ​។ ផ្ទុយទៅវិញ​ប្រសិនជា​លោក​ អ្នកមាន​អាយុ​ចន្លោះ​ពី៣០ទៅ៤០ឆ្នាំ​ គួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី​ ព្រោះ​ទិញ​ដី​មានផល​ចំណេញ​ខ្ពស់​ និង​ជា​វ័យ​ដែល​លោក​ អ្នក​កំពុង​រកលុយ​បាន​ច្រើន​។

៦) តើមាន​លុយ​អ្នក​ប៉ុន្មាន​?

តើ​លោក​ អ្នកមាន​ប្រាក់​ប៉ុន្មាន​ មាន​ស្ថានភាព​ជីវិត​យ៉ាងដូច​ម្តេច​? ព្រោះ​ការសម្រេច​ចិត្ត​ក្នុង​លក្ខខ័ណ្ឌ​នេះ​មាន​សារៈសំខាន់​ មុន​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​នេះ​។

លោ​កគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ ការ​វិនិយោគ​លើ​វិស័យ​អ្វីមួយ​ ក៏​គួរ​មាន​លក្ខខ័ណ្ឌ​ជាក់លាក់​ទាក់ទង​នឹង​ ចំនួន​ទុន​វិនិយោគ​ លក្ខខ័ណ្ឌ​ការងារ​ លក្ខខ័ណ្ឌ​ជីវិត​ ជាដើម​ ដោយ​លោក​បាន​ថ្លែង​ថា​ ប្រសិនជា​ចង់​ទិញ​ដី​សំរាប់​សាងសង់​លំនៅ​ដ្ឋាន​ ឬសាងសង់​បុរី​លក់​នៅ​រយៈពេល៥ឆ្នាំខាងមុខ​ សូម​ទិញ​លើ​ទីតាំង​ដែល​មានដីចំងាយ ១៥ ទៅ ២០គីឡូម៉ែត្រពីទីក្រុង ទាល់តែ៥ ទៅ ៧ឆ្នាំទើបអាចសង់សំណង់អាគារពាណិជ្ជកម្មផ្សេងៗបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here