កម្ពុជា​គួរតែ​ធ្វើ​ពិពិធ​កម្ម​វិនិយោគិន​លើ​វិស័យ​សំណង់​ដើម្បី​ពង្រឹង​សក្ដានុពល​ នៅ​ថ្ងៃ​អនាគត​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​មួយភាគធំ​ ជា​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពីសំណាក់​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​មាន​ភាព​រីកចម្រើន​។ ដែល​អ្នកជំនាញ​បាន​និយាយ​ថា​ កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​វិនិយោគិន​បន្ថែម​ ដើម្បី​ពង្រឹង​សក្ដានុពល​ក្នុង​វិស័យ​នេះ​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​ ជៀសវាង​ការ​ទន្ទឹងរង់ចាំ​តែ​ការ​គាំទ្រ​ពីសំណាក់​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​តែមួយ​។

នៅក្នុង​ចំនួន​ទុន​វិនិយោគ​សរុប​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ មួយភាគធំ​គឺជា​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​ប្រទេស​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​មួយ​នេះ​ ត្រួ​វតែ​មានការ​ខិតខំ​បន្ថែម​ទៀត​ ក្នុង​ការ​គៀង​គរ​បណ្តា​អ្នក​វិនិយោគ​មក​ពី​បណ្តា​ប្រទេស​នានា​លើ​សាកលលោក​ ដើម្បី​ពង្រឹង​វិស័យ​មួយ​នេះ​ឱ្យ​កាន់តែ​រឹងមាំ​ និង​កាត់​បញ្ចៀស​ហានិភ័យ​ខ្ពស់​ ក្រោយ​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ត្រូវ​បាន​កាត់បន្ថយ​នៅ​ថ្ងៃ​អនាគត​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី៣​ កក្កដា​កន្លងមក​ថា​ លោក​ទទួលស្គាល់​ថា​ ការ​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ពីសំណាក់​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​ចំនួន​ទាំងអស់​នេះ​ នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ប្រទេស​កម្ពុជា​នៅឡើយ​នោះ​ទេ​។

លោក​បន្ត​ទៀត​ថា​ “យើង​ឃើញថា​ក្រុមហ៊ុន​ចិន​បាន​ និង​សម្រុកចូល​មក​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ ប៉ុន្តែ​កំណើន​នៃ​ការ​វិនិយោគ​ទាំងអស់​នេះ​នៅ​មិនទាន់​ច្រើន​នោះ​ទេ​ បើ​ប្រៀប​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​”។

លោក​បាន​បន្ត​ទៀត​ថា​ “យើង​សាទរ​ចំពោះ​វត្តមាន​ក្រុមហ៊ុន​អភិវឌ្ឍ​ចិន​នៅ​កម្ពុជា​ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​លែងដៃ​នោះ​ដែរ​ ដែល​ត្រូវតែ​ព្យាយាម​គៀង​គរ​ និង​ចាប់ដៃ​គូ​ជាមួយ​បណ្តា​ក្រុម​ហ៊ុន​ធំៗ​នានា​នៅ​លើ​សាកលលោក​មក​បន្ថែម​ទៀត​ ដូចជា​ប្រទេស​កូរ៉េ​ ប្រទេស​ជប៉ុន​ សហរដ្ឋអាមេរិក​ ជាដើម​ ដែល​ប្រទេស​ទាំងនេះ​ក៏​មានអំណាច​នៅក្នុង​វិស័យ​សំណង់​ដែរ​”។

លោក​សុ​ខនី​មបាន​បញ្ជាក់​ថា​ “កាលដែល​ទទួល​បាន​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ និង​ក្រុមហ៊ុន​អភិ​វឌ្ឍ​ធំៗ​មកកាន់​កម្ពុជា​ វា​ជា​បង្អែក​មួយ​ដ៏​រឹងមាំ​ និង​កាត់បន្ថយ​ហានិភ័យ​ក្រោយពេល​ដែល​សកម្មភាព​របស់​ក្រុមហ៊ុន​ចិន​នានា​ អាច​នឹង​កាត់បន្ថយ​នៅពេលអនាគត​។

វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​ដែល​កំពុង​រីកចម្រើន​ គឺ​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​សំ​ណង់​ធំៗ​ដែល​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ គឺជា​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​អន្តរជាតិ​។ ដោយឡែក​ការ​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​ ភាគច្រើន​ជា​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យTown​ City​ លោ​កវ៉ន​ ចាន់​ថន​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ក្រុមហ៊ុន​ដែល​កំពុងតែ​មាន​សកម្មភាព​ និង​ទាញ​យក​ប្រយោជន៍​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​គឺ​មាន​ច្រើន​ ទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​អន្តរជាតិ​។ លោក​បាន​បន្ត​ទៀត​ថា​ ភាគច្រើន​ក្រុមហ៊ុន​ក្នុង​ស្រុក​ បង្កើត​ឡើង​ក្នុងនាម​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​តែប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍ​ភាគច្រើន​គឺ​មក​ពីក្រៅ​ប្រទេស​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​អភវិវ​ឌ្ឍ​លើ​វិស័យ​សំ​ណង់​ធំៗ​ នៅ​កម្ពុជា​ភាគច្រើន​មក​ពី​ប្រទេស​ចិន​ ក្រៅពីនោះ​ក៏​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​នានា​ផង​ដែរ​ ដូចជា​ កូរ៉េ​ ជប៉ុន​ អាមេរិក​ និង​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​”។

លោក​បាន​បន្ត​ទៀត​ថា​ “យើង​រីករាយ​ជាមួយនឹង​សមិទ្ធផល​ ដែល​កំពុងតែ​មាន​នា​ពេលនេះ​ ប៉ុន្តែ​យើង​នៅតែ​ទាមទារ​ឱ្យ​មានការ​ចូល​មក​វិនិយោគ​វិស័យ​មួយ​នេះ​ ពី​បណ្តា​ក្រុមហ៊ុន​បរទេស​បន្ថែម​”។ លោក​បាន​បញ្ជាក់​ថា​ “វា​ជា​ការ​ប្រឈម​មួយ​របស់​កម្ពុជា​ ប្រសិនបើ​ក្រុមហ៊ុន​ចិន​មួយចំនួន​កាត់បន្ថយ​សកម្មភាព​វិនិយោគ​”។

លោក​ វ៉ន​ ចាន់​ថន​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “កម្ពុជា​ចាំបាច់​ត្រូវតែ​ព្យាយាម​គៀង​គរ​ក្រុមហ៊ុន​អន្តរជាតិ​មក​បន្ថែម​ទៀត​ ដើម្បី​គាំទ្រ​ និង​ពង្រឹង​សមត្ថភាព​វិស័យ​សំណង់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​”។

លោក​បន្ត​ថា​ “ពេលនេះ​នៅក្នុង​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​បង្កើន​ទំនាក់ទំនង​ទៅកាន់​ពិភពលោក​វា​មិនមែន​ជា​ឧបសគ្គ​របស់​កម្ពុជា​នោះ​ទេ​ ព្រោះ​កម្ពុជា​មាន​សមាគម​សាងសង់​ យើង​មាន​សភា​ពាណិជ្ជកម្ម​ ហើយ​បណ្តា​ប្រទេស​នានា​មួយចំនួន​ក៏​មាន​ស្ថាប័ន​តំណាង​ផ្នែក​វិស័យ​ពាណិជ្ជកម្ម​ប្រចាំ​នៅ​កម្ពុជា​ដែរ​ ដូចជា​សមាគមពាណិជ្ជ​កម្ម​កូរ៉េ​ ជប៉ុន​ ក៏ដូចជា​ សហរដ្ឋអាមេរិក​ ជាដើម​”។

 

លោក​បាន​បន្ត​ទៀត​ថា​ យើង​អាច​បង្កើន​ទំនាក់ទំនង​តាមរយៈ​សមាគម​ និង​សមាគម​ ឬតាមរយៈ​សភា​ពាណិជ្ជកម្ម​ រួម​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ប៉ុន្តែ​យ៉ាងណា​ក្តី​យើង​ត្រូវតែ​ព្យាយាម​ដើម្បី​អាច​ទទួល​បាន​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​លើ​វិស័យ​សំណង់​បន្ថែម​ទៀត​។

លោក​បណ្ឌិត​ម៉ី​ កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​យល់ស្រប​នឹង​ការ​លើកឡើង​ខាងលើ​ ដោយ​លោក​ថ្លែង​ថា​ កម្ពុជា​គួរ​ស្វែងរក​ទីផ្សារ​ថ្មី​ ឬស្វែងរក​កិច្ចសហការ​ជាមួយ​ អ្នក​វិនិយោគ​មក​ពី​ប្រទេស​ដទៃទៀត​ឲ្យបាន​ច្រើន​ ដើម្បី​ពង្រីក​ទីផ្សារ​ ក៏ដូចជា​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​របស់​យើង​។

លោក​បន្ត​ថា​ “បើ​យើង​ពឹងផ្អែក​ប្រទេស​តែមួយ​ ប្រៀប​ដូចជា​យើង​មា​នរ​ន្ឋ​ច្រមុះ​ពីរ​ ដែល​ដង្ហើម​បានតែ​មួយ​ ហើយ​បើ​គេ​ខ្ទប់​យើង​នឹង​ស្លាប់​ ប៉ុន្តែ​បើ​យើង​ដកដង្ហើម​បាន​តា​មរ​ន្ឋ​ទាំងពីរ​ យើង​ទោះ​គេ​បិទ​មួយ​តែ​យើង​នៅ​មា​នរ​ន្ឋ​មួយ​សំរាប់​ដកដង្ហើម​បាន​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here