បច្ចេកវិទ្យា​ឌីជីថល​នឹង​ធ្វើឲ្យ​មានការ​ផ្លាស់​ប្តូរ​ថ្មី​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា

0

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល​នៃ​ដំណើរការ​ផ្ទេរ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​ធ្វើឲ្យ​មានការ​ផ្លាស់​ប្តូរ​ថ្មី​មួយ​ដល់​វិស័យ​អចលនទ្រព្យ​ដែល​ធ្វើឲ្យ​មានដំណើរ​ការ​ដោយមាន​សុវត្ថិ​ ភាព​តម្លាភាព​ និង​លឿន​ជាង​មុន​ដើម្បី​លើកទឹកចិត្ត​ការ​វិនិយោគ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។

បច្ចុប្បន្ន​កម្មសិទ្ធិករ​អាច​ចុះបញ្ជី​អចលនទ្រព្យ​របស់​ខ្លួន​តាម​ពីរ​របៀប​ដែល​រដ្ឋាភិបាល​ទទួលស្គាល់​។ចាប់តាំងពី​ឆ្នាំ​ ២០០១​ ម្ចាស់​អចលនទ្រព្យ​អាច​ទទួល​បាន​នូវ​ប័ណ្ណ​កម្ម​សិ​ទិ្ធ​ជា​ម្ចាស់​កម្ម​សិ​ទិ្ធ​ដីធ្លី​ដែល​ហៅថា​ “ប្លង់​រឹង​” តាមរយៈ​ការិយាល័យ​សុរិយោដី​នៅ​ក្រសួង​គ្រប់គ្រង​ដែនដី​។

ប្លង់​រឹង​ត្រូវ​បាន​ទទួលស្គាល់​នៅ​ថ្នាក់​ជាតិ​ និង​ជា​ទម្រង់​កម្មសិទ្ធិ​ដែល​មាន​សុវត្ថិភាព​បំផុត​។វិធី​ទីពីរ​ដែល​មិនសូវ​មាន​សុវត្ថិភាព​គឺ​ដោយ​ទទួល​បាន​ “ប្លង់​ទន់​” ដែល​ជា​កម្ម​សិ​ទិ្ធ​អចលនទ្រព្យ​ទ្រព្យ​ត្រូវ​បាន​ទទួលស្គាល់​នៅ​ថ្នាក់​មូលដ្ឋាន​ ប៉ុន្តែ​អាច​ត្រូវ​បាន​ជំទាស់​ដោយ​ភាគី​ផ្សេងទៀត​។

ទោះបីជា​ប្លង់​នេះ​មិនសូវ​មាន​សុវត្ថិភាព​ក៏ដោយ​ ក៏​វា​នៅតែ​ជា​ទម្រង់​នៃ​ការ​កាន់កាប់​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា​ដដែល​។

កម្មសិទ្ធិ​ប្លង់​ទន់​មិន​មានការ​ការពារ​ច្បាប់​ពេញលេញ​ទេ​ ប៉ុន្តែ​ត្រូវ​បាន​គេ​ប្រើជា​ញឹកញាប់​ ព្រោះ​វា​ងាយស្រួល​ក្នុង​ការផ្ទេរ​អចលនទ្រព្យ​ នៅពេល​ដែល​ម្ចាស់​លក់​អចលនទ្រព្យ​របស់​ខ្លួន​ដោយមាន​នីតិវិធី​រដ្ឋបាល​តិចតួច​ដែល​ទាមទារ​។

តាមរយៈ​ការបង្កើត​វេទិកា​អន​ឡាញ​ អចលនទ្រព្យ​អាច​ត្រូវ​បាន​ផ្ទេរ​ក្នុង​ដំណើរការ​ប្រកបដោយ​សុវត្ថិភាព​ និង​ផ្លូវការ​ ហើយ​មាន​តម្លាភាព​ដោយ​មិន​ចាំបាច់​មាន​ភ្នាក់ងារ​ និង​ឈ្មួញ​កណ្តាល​ដែល​បន្ថែម​ការ​ចំណាយ​មិន​ចាំបាច់​ ហានិភ័យ​ និង​ពេលវេលា​ទៅ​ក្នុង​ដំណើរការ​ទាំងមូល​។

ឈ្មួញ​កណ្តាល​ទាំងនេះ​មិន​មាន​អាជ្ញាប័ណ្ណ​ ហើយ​មិន​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​រដ្ឋាភិបាល​ ហើយ​ផ្តល់​ឯកសារ​តិចតួច​ ឬគ្មាន​ឯកសារ​សម្រាប់​សេវាកម្ម​របស់​ពួកគេ​។ ឥលូវ​នេះ​ ការផ្ទេរ​អចលនទ្រព្យ​តាមរយៈ​ភ្នាក់ងារ​អាច​ចំណាយពេល​ដល់ទៅ​ ៣ ខែ​ដើម្បីឲ្យ​ដំណើរការ​ដោយ​ក្រសួង​រៀបចំ​ដែនដី​។

តាមរយៈ​ការបង្កើត​វេទិកា​ផ្ទេរ​កម្មសិទ្ធិ​តាម​អន​ឡាញ​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​នាំមក​នូវ​ភាព​ច្បាស់លាស់​ដែល​ត្រូវការ​ចាំបាច់​ដល់​ដំណើរការ​រដ្ឋបាល​ដែល​មាន​សារៈសំខាន់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ និង​ការ​វិនិយោគ​អចលនទ្រព្យ​ ខណៈ​ដែល​អ្នកទិញ​អចលនៈ​ទ្រព្យ​នឹង​មានលទ្ធភាព​ថវិកា​ និង​រៀបចំ​ផែន​ការ​រលួន​។ នេះ​បើ​តាម​របាយការណ៍​របស់​ EuroCham​ ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​។

ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ឌីជីថល​ក៏​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ប្រមូល​ថ្លៃ​សេវា​ និង​ពន្ធ​ពី​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​។ របាយការណ៍​នេះ​ បាន​បន្ថែម​ថា​ “ការ​ប្រមូល​ថ្លៃ​សេវា​ និង​ពន្ធ​តាម​បែប​អេ​ឡិច​ត្រូ​និច​នឹង​មានការ​សម្រួល​ដល់​ការងារ​បាន​ច្រើន​ ហើយនឹង​មិន​មាន​រំលោភបំពាន​ណាមួយ​កើតឡើង​ឡើយ​ ខណៈ​វា​អាច​លុបបំបាត់​ការ​ផ្តល់​សេវា​ដោយ​ភ្នាក់ងារ​ណាមួយ​ដើម្បី​សម្របសម្រួល​ដំណើរការ​ទាំងស្រុង​”។

ក្រសួង​រៀបចំ​ដែនដី​បាន​ចាត់វិធានការ​សំ​ខាន់​ៗក្នុង​ការ​បញ្ចូល​បច្ចេកវិទ្យា​អន​ឡាញ​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​។ ក្រសួង​បាន​ដាក់ចេញ​កម្មវិធី​ជាច្រើន​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ដល់​កម្មសិទ្ធិ​ដីធ្លី​តាម​ Internet​ ដោយ​ប្រើ​ QR​ Code​ ហើយក៏​បាន​ចាប់ផ្តើម​កម្មវិធី​ទូរស័ព្ទចល័ត​ជាក់ស្តែង​លើ​គម្រោង​សាងសង់​ដែល​បាន​អនុម័ត​ ហើយ​ផ្គត់ផ្គង់​ឯកសារ​រូបភាព​របស់​រដ្ឋាភិបាល​ដើម្បី​ធានា​នូវ​តម្លាភាព​នៅ​ថ្នាក់​រដ្ឋបាល​។ការ​ធ្វើ​ទំនើបកម្ម​ឌីជីថល​នៃ​ដំណើរការ​ផ្ទេរ​កម្មសិទ្ធិ​នឹង​ផ្លាស់​ប្តូរ​វិស័យ​អចលនទ្រព្យ​ និង​បង្កើន​ទំនុកចិត្ត​ដល់​ អ្នក​វិនិយោគ​ និង​មានដំណើរ​ការ​លឿន​។

របាយការណ៍​របស់​ EuroCham​ បាន​ឲ្យដឹង​ថា​ “[ការ​ធ្វើ​ទំនើបកម្ម​ឌីជីថល​] នឹង​អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការផ្ទេរ​កម្មសិទ្ធិ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ចាំបាច់​ទាំងអស់​តាម​ Internet​ ហើយ​បញ្ជូន​ និង​តាមដាន​ការ​ដាក់​ស្នើរ​កម្ម​សិទ្ធិ​បស់​ពួកគេ​ជាមួយនឹង​ការិយាល័យ​សុរិយោដី​ ដែល​អាច​ដើរតួ​ជា​ ច្រក​តែមួយ​ សម្រាប់​ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here