ដោយ ៖ រ៉ាណេត
ស្វាយរៀង ៖ បន្ថែមពីលើតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់នាពេលបច្ចុប្បន្ន ខេត្តស្វាយរៀង ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ថាជាប៉ូលសេដ្ឋកិច្ចទី៣ នឹងកើតមានតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមមួយទៀត ក្រោមការវិនិយោគពីសំណាក់ក្រុមហ៊ុនចិនក្នុងពេលខាងមុខនេះ។
នៅក្នុងចំណោមបណ្តាខេត្ត-ក្រុង ចំនួន៣ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេច និងកំណត់ថាជាប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការពង្រឹង និងអភិវឌ្ឍវិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ រួមមានខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត ដែលស្ថិតនៅក្នុងខេត្តស្វាយរៀងជាប់តំបន់ដែន។
-->
បច្ចុប្បន្ន ខេត្តស្វាយរៀង ជាពិសេសក្រុងបាវិត ក៏កំពុងតែមានសន្ទុះអភិវឌ្ឍយ៉ាងខ្លាំងក្លាទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាមួយរូបរាងនៃតួអគារពាណិជ្ជកម្មចំរុះ មណ្ឌលកម្សាន្ត ផ្សារទំនើប សណ្ឋាគារ សំណង់លំនៅដ្ឋាន រួមជាមួយតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង សម្រាប់សម្រួលដល់វិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងភាពទាក់ទាញការវិនិយោគពីបណ្តាប្រទេសជិតខាង ហើយប្រើប្រាស់ទីក្រុងនេះជាទីតាំងស្តុកទំនិញ និងផ្លាស់ប្តូរពាណិជ្ជកម្ម។
បន្ថែមពីលើអ្វីដែលកំពុងតែមានស្រាប់នាពេលនេះ តាមរយៈអ្នកតំណាងសមាគម កម្ពុជា-ចិន បានបង្ហាញពីមហិច្ឆិតាចង់វិនិយោគទៅលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅក្នុងខេត្តដែលកំពុងតែមានសក្ដានុពលមួយនេះ ដើម្បីធ្វើយ៉ាងបម្រើវិស័យពាណិជ្ជកម្មឱ្យកាន់តែមានភាពល្អប្រសើរ។
អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងទៅលើគោលបំណងនៃការវិនិយោគបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតពីសំណាក់ក្រុមហ៊ុនចិនតាមរយៈសមាគម កម្ពុជា-ចិន ដែលវាគឺជាការចូលរួមជំរុញឱ្យខេត្តស្វាយរៀងកាន់តែមានភាពសកម្មនៅក្នុងវិស័យពាណិជ្ជកម្ម។
លោកអភិបាលខេត្ត ក៏បានអរគុណចំពោះបណ្តាក្រុមហ៊ុននានាដែលបាន និងកំពុងតែបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តទាំងមូល។ លោកបានបន្តឱ្យដឹងទៀតថា ក្នុងនាមរូបលោកជាថ្នាក់ដឹកនាំខេត្ត លោកតែងបានព្យាយាមគៀងគរក្រុមហ៊ុន និងអ្នកវិនិយោគជាច្រើនមកកាន់ខេត្តស្វាយរៀង ដែលក្នុងនោះមានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិផងដែរ ដូចជាក្រុមហ៊ុនមកពីប្រទេសកូរ៉េ ជប៉ុន ចិន ជាដើម។
វត្តមានរបស់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនទាំងអស់នេះបានក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង់ពន្ធជូនរដ្ឋ ក៏ដូចជាការផ្តល់នូវឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ និងមកពីបណ្តាខេត្តផ្សេងទៀត ដែលអាចចូលរួមកាត់បន្ថយនូវភាពក្រីក្របានមួយចំណែកផងដែរ។
បច្ចុប្បន្ននេះ សក្ដានុពលសំខាន់ៗនៅក្នុងខេត្តស្វាយរៀង ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសជាច្រើនទីតាំង គម្រោងអភិវឌ្ឍលំនៅដ្ឋានបែបទំនើប គម្រោងទីក្រុងរណប ហេង ហេង និងមជ្ឍមណ្ឌលពាណិជ្ជកម្មទំនើប និងចំរុះដែលស្ថិតនៅក្នុងក្រុងបាវិត ជិតតំបន់ព្រុំដែន នៅមានគម្រោងបង្កើតទីក្រុងរណបដ៏មហិមារបស់ក្រុមហ៊ុនយក្សចិនមួយទៀត Empire World នៅលើផ្ទៃដីរហូតដល់ ១០០០ហិកតា ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានប្រសាសន៍ថា កំណើននៃការវិនិយោគរបស់ចិននៅកម្ពុជា គឺដោយសារទំនាក់ទំនងរវាងរដ្ឋាភិបាលប្រទេសទាំងពីរមានភាពល្អប្រសើរ ដែលបានដាក់ចេញនូវយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលដែលចិនក៏ចង់ពង្រីកផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន។
លោកបានបន្តទៀតថា “នៅពេលដែលមានការចូលមកវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេសមកកាន់កម្ពុជា វាគឺជារឿងល្អ”។ លោកបានបន្តទៀតថា “នៅពេលតំបន់សេដ្ឋកិច្ចពិសេសមួយត្រូវបានកើតឡើង នោះនឹងសាយភាយនូវឥទ្ធិពលល្អនៅក្នុងតំបន់ ដែលក្នុងរាប់ទាំងការផ្តល់ឱកាសការងារដល់កម្លាំងពលកម្មផងដែរ”។
លោកបានបន្តទៀតថា “ការជ្រើសរើសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងក្រុងស្វាយរៀង គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះបើប្រៀបធៀបចម្ងាយដឹកជញ្ជូនទៅកាន់តំបន់កំពង់ផែទឹកជ្រៅ រវាងប្រទេសវៀតណាម និងក្រុងព្រះសីហនុ គឺមានភាពខុសឆ្ងាយពីគ្នា ខណៈដែលពីក្រុងស្វាយរៀងទៅកាន់តំបន់កំពង់ផែនៅតំបន់សៃហ្គន គឺមានចម្ងាយមិនឆ្ងាយដូចមកកាន់ក្រុងព្រះសីហនុនោះទេ”។
លោកបានបន្ថែមទៀតថា “ក្រៅពីអាចផ្តល់ផលល្អដូចការលើកឡើងខាងលើនេះ វត្តមាននៃតំបន់សេដ្ឋកិច្ចពិសេស ក៏ធ្វើឱ្យតម្លៃអចលនទ្រព្យដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍ និងតំបន់ជិតខាងនោះមានការកើនឡើងផងដែរ”៕