សំណង់​អគារ​ខ្ពស់​ៗចំនួន​ ១៥គម្រោង​ នៅ​ខណ្ឌ​ឫស្សីកែវ​ ត្រូវ​បាន​អជ្ញា​ធរ​ផ្អាក​ការសាងសង់​

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​៖ មិនមែន​មានតែ​នៅ​ក្រុង​ព្រះសីហនុ​នោះ​ទេ​ ដែល​អាជ្ញាធរ​ចុះ​ធ្វើការ​ផ្អាក​សកម្មភាព​សាងសង់​សំណង់​អគារ​ខ្ពស់​ៗដែល​ខុសច្បាប់​ និង​ខុស​បច្ចេកទេស​នោះ​ នៅក្នុង​រាជធានី​ភ្នំពេញ​ ខណ្ឌឫស្សីកែវ​ ក៏​មាន​អគារ​ធំៗ​ និង​ខ្ពស់​ៗចំនួន១៥ទីតាំង​ ក៏​ត្រូវ​បាន​អជ្ញា​ធរ​ធ្វើការ​ផ្អាក​សកម្មភាព​សាងសង់​ផង​ដែរ​។

បន្ទាប់ពី​មានការ​ចុះ​ត្រួតពិនិត្យ​ទៅលើ​ល័ក្ខខ័ណ្ឌ​នៃ​ការសាងសង់​ស្របច្បាប់​ ព្រមគ្នា​ជាមួយនឹង​គុណភាព​សំណង់​នានា​ក្រោម​ការ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ជា​ សុ​ផា​រ៉ា​ កាលពី​ម្សិលមិញ​នេះ​ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី៥​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ អជ្ញា​ធរ​បាន​ចុះ​ធ្វើការ​ផ្អាក​សកម្មភាព​សាងសង់​សំ​ណង់​ធំៗ​ និង​ខ្ពស់​ ដែល​មាន​កម្ពស់​ចាប់ពី៥ជាន់ឡើង​ទៅ​ ចំនួន១៥ទីតាំង​ នៅក្នុង​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

លោក​ ស៊ូ​ សោគន្ធ​ អភិបាលរង​ខណ្ឌឫស្សីកែវ​ បាន​លើកឡើង​ថា​ ការ​ផ្អាក​ការសាងសង់​ជា​បន្ទាន់​ភ្លាម​ៗ ដោយសារ​មន្ត្រី​ជុំ​នា​ញចុះ​អនុវត្ត​ត្រួតពិនិត្យ​ជាក់ស្ដែង​ផ្ទាល់​ បាន​រក​ឃើញ​ ថា​ការដ្ឋាន​សំណង់​និ​មួយ​ៗ សាងសង់​ខុស​បច្ចេកទេស​ ខ្លះទៀត​ ស្នើសុំ​ច្បាប់​សាងសង់​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ឬក្រសួង​រៀបចំ​ដែនដី​ តែ​មិនទាន់​ទទួល​បានច្បាប់​ត្រឹមត្រូវ​នៅឡើយ​។

លោក​ ស៊ូ​ សោគន្ធ​ បាន​បញ្ជាក់​ថា​ ប្រសិនបើ​ម្ចាស់​សំណង់​មិន​ស្ដាប់ការ​ណែនាំ​ ហើយ​នៅតែ​បន្ត​សាងសង់​ ត្រូវ​មាន​វិធានការ​តាមបែបបទ​រដ្ឋបាល​ និង​អាច​ឈាន​ដល់​ការ​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។

ការដ្ឋាន​សំ​ណង់​ធំៗ​ និង​ខ្ពស់​ៗចាប់ពី​ ៥ជាន់ឡើង​ទៅ​ចំនួន​ ១៥កន្លែង​ ក្នុងចំណោម​ ១៦ទីតាំង​ ដែល​ត្រូវ​បាន​អជ្ញា​ធរ​ចុះ​ផ្អាក​សកម្មភាព​សាងសង់​ ស្ថិតនៅ​សង្កាត់​ច្រាំងចំរេះ​ទី១​ សង្កាត់​គីឡូម៉ែត្រ​លេខ៦​ សង្កាត់​ឫស្សីកែវ​ សង្កាត់​ទួលសង្កែ​ទី១​ និង​សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឫស្សីកែវ​។

ចំណាត់ការ​ និង​ការ​រឹ​តបណ្តឹង​ទៅលើ​ការ​ត្រួតពិនិត្យ​ទៅលើ​ច្បាប់​សាងសង់​សំណង់​អគារ​ខ្ពស់​ៗត្រូវ​បាន​យកចិត្ត​ទុកដាក់​បន្ទាប់​កើតមាន​ព្រឹត្តិ​ការណ៍​ និង​សោកនាដកម្ម​រលំ​បាក់​អគារ​កម្ពស់៧ជាន់​នៅ​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន២៨នាក់​ និង​រង​របួស​ចំនួន២៦នាក់​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here