ដោយៈរ៉ាណេត
ភ្នំពេញៈ ក្ដីព្រួយបារម្ភទៅលើបច្ចេកទេសសាងសង់ គុណភាពសំណង់ រួមជាមួយនឹងសំណង់ខុសច្បាប់នៅកម្ពុជា បានក្លាយទៅជាប្រធានបទមួយដ៏ក្ដៅគគុគ ដែលរាជរដ្ឋាភិបាលកំពុងេជម្រុញ និងរឹតបណ្តឹងឱ្យមានការអនុវត្ត ទៅតាមគោលការណ៍ច្បាប់ឱ្យខាងតែបាននៅទូទាំងប្រទេស។
អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ប៊ិន សម្បត្តិថារ័ត្ន បានមានប្រសាសន៍ឲ្យដឹងថា បទដ្ឋានគតិយុត្តិ និងច្បាប់ពាក់ព័ន្ធលើការសាងសង់រាល់សំណង់នានាគឺមានរួចរាល់ និងគ្រប់រូបភាព ធានាដល់គុណភាព ផាសុកភាព និងសុខសុវត្ថិភាព យ៉ាងត្រឹមត្រូវ ប៉ុន្តែការគោរព និងអនុវត្តហាក់នៅមានភាពធូរលុង។
-->
លោកបន្តទៀតថា “ជាក់ស្ដែងដូចជាសំណង់អគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ ដែលសាងសង់គ្មានច្បាប់ត្រឹមត្រូវ និងខុសបច្ចេកទេស បានបន្សល់ទុកនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ”។
បច្ចុប្បន្នសំណង់ដែលមានកំពស់ចាប់ពី៥ជាន់ឡើងទៅ នៅទូទាំងប្រទេសមានចំនួន១,៣២៩អគារ ហើយបណ្តុំសំណង់លំនៅដ្ឋានបែបបុរីមានចំនួន២៥៨ទីតាំង ដោយមិនរាប់បញ្ចូលសំណង់លំនៅដ្ឋានរាយប៉ាយនៅតាមតំបន់នោះទេ។
លោកប៊ិន សម្បត្តិថារ័ត្ន បានមានប្រសាសន៍បន្តទៀតថា “ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា ជាអ្នកទទួលបន្ទុក បច្ចុប្បន្នក្រុមមន្ត្រីជំនាញបានខិតខំ និងត្រួតពិនិត្យទៅលើគ្រប់គម្រោងសាងសង់សំណង់ទូទាំងប្រទេស”។ លោកបានបន្តទៀតថា “នៅក្នុងផែនការនៃការរឹតបណ្តឹងអនុវត្ត និងគោរពតាមគោលការណ៍ច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តិលើការសាងសង់សំណង់ គឺត្រូវធ្វើឡើងទៅតាមតំណាក់កាល ដែលត្រូវបានកំណត់ និងដាក់ចេញដោយក្រសួង”។
លោកបានបន្តទៀតថា គ្រប់ការសាងសង់សំណង់ទាំងអស់ តម្រូវមានលិខិតស្នើសុំមកកាន់អជ្ញាធរថ្នាក់មូលដ្ឋាន ស្រុក ខេត្ត និងក្រសួង ដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់។លោកបន្តទៀតថា នៅក្នុងលិខិតស្នើសុំតម្រូវមានភ្ជាប់ជាមួយគំរូប្លង់គម្រោងសំណង់ លិខិតបញ្ជាក់ពីអាជ្ញាប័ណ្ណក្រុមហ៊ុនទទួលសាងសង់ មានលិខិតបញ្ជាក់ពីកិច្ចសន្យាជាមួយកម្មករសាងសង់ ព្រមគ្នាជាមួយនឹងលិខិតវាយតម្លៃស្ដីពី ផលប៉ះពាល់បរិស្ថានផងដែរ ហើយបន្ថែមពីនេះនៅមានលិខិតបញ្ជាក់មួយចំនួន ដែលត្រូវបានកំណត់ដោយក្រសួង។
លោកបន្តទៀតថា “ក្រោយពេលទទួលបានលិខិតអនុញ្ញាតសាងសង់ និងបើកការដ្ឋាន ទើបម្ចាស់គម្រោងសំណង់ ក៏ដូចជាក្រុមហ៊ុនទទួលសាងសង់អាចដំណើរការបាន”។
ក្រោយការទទួលបានច្បាប់ និងលិខិតអនុញ្ញាតសាងសង់ គ្រប់ស្ថានភាព និងតំណាក់កាលសាងសង់ ម្ចាស់គម្រោង អ្នកអ្នកជំនាញត្រូវជូនដំណឹង ឬស្នើសុំមន្ត្រីជំនាញពីស្ថាប័នរដ្ឋចុះធ្វើការត្រួតពិនិត្យទៅលើគុណភាព និងបច្ចេកទេសសាងសង់រហូតបញ្ចប់ជាស្ថាពរ។ ក្នុងករណីសំណង់គ្មានច្បាប់អនុញ្ញាត ក្រសួងតម្រូវឱ្យម្ចាស់ដាក់ពាក្យស្នើសុំជាផ្លូវការច្បាប់ដើម្បីអាចមានសិទ្ធិបន្តការសាសង់។ ដោយឡែកប្រសិនបើមិនមានលិខិតអនុញ្ញាត ហើយនៅតែបន្តសកម្មភាព អជ្ញាធរ និងក្រសួង នឹងចុះផ្អាកសកម្មភាពជាបន្ទាន់ ហើយម្ចាស់នៅតែព្យាយាមជំនះ នោះនឹងប្រើវិធានការតាមប្រព័ន្ធតុលាការ។

លោក ប៊ិន សម្បត្តិថារ័ត្ន បានមានប្រសាសន៍បញ្ជាក់ថា “បើទោះជាសំណង់ដែលមានច្បាប់ ប៉ុន្តែក្រោយពេលមន្ត្រីជំនាញត្រួតពិនិត្យ និងវាយតម្លៃគ្មានគុណភាព ឬខុសបច្ចេកទេស ដែលអាចបង្កហានិភ័យក្រោយការសាងសង់ ចាំបាច់ត្រូវតែផ្អាកសកម្មភាពសាងសង់ទាំងស្រុង ឬអាចរុះរើសំណង់តែម្ដង”៕
[…] ប្រភព៖ Property Area […]