ដោយ វុត្ថា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា រដ្ឋាភិបាលបាន និងកំពុងអនុវត្តន៍គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៦ ដើម្បីឆ្លើយតបការរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។

ដោយ វុត្ថា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា រដ្ឋាភិបាលបាន និងកំពុងអនុវត្តន៍គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៦ ដើម្បីឆ្លើយតបការរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានមានប្រសាសន៍ក្នុងការចាប់ផ្តើមពង្រីកហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន នៅក្នុងក្រុងព្រះសីហនុឱ្យមានគុណភាព និងប្រសិទ្ធិភាពកាលពីថ្ងៃទី៩ កក្កដាកន្លងមកថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តន៍ និងគម្រោងដែលនឹងត្រូវអនុវត្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗមួយចំនួន ដូចជា ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៨ ស្ពាននិងកំពង់ផែ ដោយលើកកម្ពស់គុណភាព និងពង្រីកបន្ថែមឱ្យសមស្របតាមការរីកចម្រើន លើវិស័យដឹកជញ្ជូនរបស់ប្រទេសជាតិ។
លោកបន្តថា ទន្ទឹមនឹងការងារសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានតួនាទីផ្ដល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានលឿន ប្រសិទ្ធភាព និងតម្លាភាព ធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋ តាមរយៈការចុះបញ្ជីយានយន្ត ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមប្រព័ន្ធអនឡាញ និងកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ជាដើម។
ទាក់ទងនឹងគំរោងហេដ្ឋារចនាសម្ព័ន្ឋនៅខេត្តព្រះសីហនុ លោកស៊ុន ចាន់ថុលបានឱ្យដឹងថា ការស្ដារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅខេត្តព្រះសីហនុ គឺជាការចាំបាច់ ព្រោះថាផ្លូវជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដូចនេះយើងត្រូវពង្រឹង និងពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យ គឺធ្វើផ្លូវឱ្យបានមាំ។
លោកទេសរដ្ឋមន្ត្រីថា “យើងត្រូវពង្រឹង និងពង្រីកការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ប្រកបដោយគុណភាព”។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា កិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងត្រួតពិនត្យបញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធប្រព័ន្ធលូមេរំដោះទឹកភ្លៀង ប្រព័ន្ធលូមេរំដោះទឹកកខ្វក់ និងការស្ថាបនាផ្លូវដែលមានការខូចខាតទូទាំងខេត្តព្រះសីហនុទាំងមូល។
លោកបន្តថា “ដើម្បីឲ្យគម្រោងការណ៍ទាំងអស់ខាងលើនេះ ទទួលបានប្រសិទ្ឋភាពខ្ពស់ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់ ចូលរួមសហការប្រកបដោយឆន្ទះខ្ពស់”៕