ដោយៈ រ៉ាណេត
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងកម្សាន្តបែបទំនើប WB ARENA បានបើកដំណើរការនៅតាមបណ្តោយផ្លូវជាតិលេខ២ ដែលស្ថិតនៅស្របនឹងដងទន្លេបាសាក់បាន និងកំពុងតែបង្កើននូវភាពទាក់ទាញពីសំណាក់អតិថិជន បន្ទាប់ពីចាប់ផ្តើមបើកដំណើរការសាកល្បងកាលពីពេលថ្មីៗកន្លងទៅនេះ។

-->
មជ្ឈមណ្ឌលកម្សាន្ត និងពាណិជ្ជកម្ម WB ARENA ស្ថិតនៅក្នុងសង្កាត់ចក្រអង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន The World Bridge Group ក្រោមទំហំទឹកប្រាក់វិនិយោគប្រមាណជាង១០លានដុល្លារសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលពាណិជ្ជបែបទេសចរណ៍ដ៏ស្រស់ស្អាត និងទាន់សម័យមួយនេះ ត្រូវបានគូររៀបចំប្លង់គំរូ ដោយក្រុមហ៊ុនជំនាញផ្នែកស្ថាបត្យកម្ម មកពីប្រទេសសិង្ហបុរី មានឈ្មោះថា Chin Kam and Associates (CK&A) ដែលជាក្រុមហ៊ុនធ្លាប់ត្រូវបានក្រុមហ៊ុន Worldbridge Group និងដៃគូវិនិយោគរបស់ខ្លួនគឺ Oxley International Holdings ជួលឱ្យរចនាប្លង់គម្រោង The Bridge និង The Peak។
WB Arena ត្រូវបានគេរចនាស្រដៀងគ្នានឹង Clarke Quay នៅក្នុងប្រទេសសិង្ហបុរី ដែលមានលក្ខណៈពិសេស តម្រូវទៅតាមបរិយាកាសបរិសុទ្ធ តាមបរិបថជាកន្លែងកម្សាន្តបែបខ្មែរនៅតាមបណ្តោយមាត់ទន្លេ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group លោកឧកញ៉ា សៀ ឫទ្ធី បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកម្សាន្ត WB ARENA ត្រូវបានបើកដំណើរហើយ ស្ថិតនៅក្នុងដំណាក់កាលសាកល្បង និងរង់ចាំឱកាសល្អដើម្បីប្រារព្វពិធីសម្ពោធជាផ្លូវការ។ លោកឧកញ៉ាបន្តទៀតថា “ផ្សារមួយហ្នឹងយើងចាប់បើកដំណើរការបានមួយរយៈហើយ ប៉ុន្តែនៅមិនទាន់ធ្វើពិធីបើកសម្ពោធជាផ្លូវការនោះទេ”។
លោកឧកញ៉ាបានបន្តទៀតថា “ដំណើរការនៃការជួលស្ដង់ ក៏ដូចជាការទិញ-លក់នៅក្នុងផ្សារនេះ កំពុងបង្ហាញពីភាពល្អប្រសើរមិនមានឧបសគ្គនោះទេ”។
មជ្ឈមណ្ឌលពាណិជ្ជកម្មបែបទំនើបមួយនេះ ត្រូវបានសាងសង់នៅលើផ្ទៃដី ៦០០០ម៉ែត្រការ៉េ មានប្រមាណជាង៩០ស្ដង់សម្រាប់ដាក់លក់ និងផ្តោតសំខាន់ទៅលើបណ្តាហាងល្បីៗចំរុះ និងមានកេរ្តិ៍ឈ្មោះល្អ រាប់ទាំងប្រភេទចំណីអាហារ ហាងលក់សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្ភារៈកីឡា និងកន្លែងម៉ាស្សាផងដែរ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធី បានមានប្រសាសន៍ថា ការកើនឡើងនូវចំនួនផ្សារទំនើប ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មបែបកម្សាន្ត និងទាន់សម័យនៅកម្ពុជា បានបង្ហាញពីភាពវិជ្ជមាននៃការកើនឡើង នូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ដែលកំពុងតែមានការអភិវឌ្ឍមួយនេះ។ លោកបានបន្តទៀតថា នៅពេលដែលមានការបង្កើតឡើងនូវផ្សារទំនើប ដើម្បីឆ្លើយតបទៅនឹងអំណាចនៃការបញ្ជារទិញ វាបានបញ្ជាក់យ៉ាងច្បាស់ពីភាពល្អ”ប្រសើរនៃកម្រិតជីវភាពរបស់ប្រជាជន។

លោកថា “ចំនួនផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មបែបទំនើបនាពេលនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ដែលវាទាមទារឱ្យមានបន្ថែមទៀត ខណៈដែលបច្ចុប្បន្ន ការប្រើប្រាស់ផ្សារតាមបែបប្រពៃណីនៅតែមានចំនួនច្រើននៅឡើយ”៕