ដោយគង់ សូរិយា
ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យដើម្បីទទួលបានផលចំណេញ ជាការប៉ងប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្តែអ្នកវិនិយោគមិនសុទ្ធតែទទួលបានផលចំណេញនោះទេ បើសិនជាគ្មានការវិភាគព័ត៌មាន និងសិក្សាទិដ្ឋភាពផ្លូវច្បាប់ ឲ្យបានគ្រប់ជ្រុងជ្រោយមុនសម្រេចចិត្តវិនិយោគ។

-->
ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១១ កក្កដានេះថា មនុស្សមួយចំនួនបានភ្លេចឬមិនឲ្យតម្លៃលើសារព័ត៌មាន ប៉ុន្តែអ្នកជោគជ័យលើមុខជំនួញ និងវិស័យអចលនទ្រព្យពួកគេមិនដែលភ្លេចអាន និងតាមដានព័ត៌មានប្រចាំថ្ងៃនោះទេ ព្រោះព័ត៌មានជាមូលដ្ឋានដ៏សំខាន់ក្នុងការសម្រេចចិត្តវិនិយោគលើវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យដទៃទៀត។
ហេតុនេះអ្នកត្រៀមខ្លួនក្លាយជាអ្នកវិនិយោគ អ្នកវិនិយោគ និងភ្នាក់ងារអចលនវត្ថុនានាគួរសិក្សាលើមូលដ្ឋានទាំងបួននេះ ដើម្បីប្រើប្រាស់ក្នុងការវិភាគ មុនសម្រេចចិត្តវិនិយោគ ឬពង្រីកការវិនិយោគរបស់ខ្លួន។
ដំណឹង
ដំណឹងជាប្រភេទព័ត៌មាន ដែលមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ និងមិនអាច យកមកប្រើប្រាស់ ធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តបាននោះទេ ព្រោះដំណឹងជាការលេចលឺតគ្នាពីមាត់មួយទៅមាត់មួយ (ប៉ុន្តែវាក៏អាចពិត)។
ឧទាហរណ៍គំរោងសាងសង់ព្រលានយន្តហោះ គំរោងសាងសង់ផ្លូវល្បឿនលឿន និងគំរោងវិនិយោគទីក្រុងរណបជាដើម ដែលវាជាដំណឹង ប៉ុន្តែនៅពេលយើងយកវាមកប្រើប្រាស់ វាអាចធ្វើឲ្យយើងបាត់់បង់នូវមូលដ្ឋានវិភាគជាច្រើន។ ប្រសិនជាវាជាដំណឹងពិត ហេតុអីយើងត្រូវវិនិយោគនៅកៀកព្រលានយន្តហោះ តើដីនៅជិតឬកៀកព្រលានយន្តហោះ មានតម្លៃខ្ពស់ និងអាចអភិវឌ្ឍន៍អ្វីបានឬទេ?។
ហេតុនេះការពឹងផ្អែកលើដំណឹង ដោយគ្មានមូលដ្ឋានព័ត៌មានវិភាគដទៃទៀត វាអាចធ្វើឲ្យការវិនិយោគរបស់យើងប្រឈមហានិភ័យ។
ព័ត៌មាន
ព័ត៌មាន វាជាប្រភេទដំណឹង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងដំណឹង និងមានមូលដ្ឋានវិទ្យាសាស្ត្រតត្រឹមត្រូវជាង ដោយសារសារព័ត៌មានឈរលើមូលដ្ឋាន 5W&H ដែលសំដៅទៅលើ What, Where, When, Why, Who and How។
ហេតុនេះការអានព័ត៌មានឲ្យបានច្រើន ដែលជាព័ត៌មានមានលក្ខណៈគ្រប់ជ្រុងជ្រោយដូចការលើកឡើងខាងលើ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តវិនិយោគនៅទីតាំងណាមួយ តំបន់ណាមួយ ឬរាជធានី ខេត្តណាមួយ។
ជាច្រកព័ត៌មានមុនគេ
ការអានព័ត៌មានពីកាសែត វេបសាយនានា ដូចជា Propertyarea.asia ជាដើម គឺជាប្រភពព័ត៌មាន ដែលផ្តល់ឲ្យសាធារណៈជនបានដឹងមុនគេ ដើម្បីប្រើប្រាស់ជាទុនចំណេះដឹង ជាទុនសំរាប់វិភាគ ពិចារណា ដើម្បីប្រើប្រាស់ធ្វើជាមួលដ្ឋានក្នុងការសម្រេចចិត្តបោះទុនវិនិយោគ ឬមិនវិនិយោគ។
អ្នកវិនិយោគឬអ្នកជំនួញដែលជោគជ័យ តែងតែអានព័ត៌មានជាប្រចាំ ដើម្បីទទួលបានចំណេះដឹង និងព័ត៌មានសំរាប់វិភាគ ព្រោះការទទួលបានព័ត៌មានមុនគេ ការដឹងពីព័ត៌មានអភិវឌ្ឍន៍នៅតំបន់ណាមុនគេ អ្នកវិនិយោគនោះមានឱកាសជោគជ័យ ៥០ភាគរយរួចទៅហើយ។
ឧទាហរណ៍កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសពីគំរោងសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី ដែលគេហទំព័រ Propertyarea.asia ទទួលបាន និងចុះផ្សាយព័ត៌មានមុនគេ។ ព័ត៌មាននេះបានធ្វើឲ្យអ្នកវិនិយោគឆ្លាតវៃ បានចាកចេញពីក្រុងភ្នំពេញ ជាលទ្ឋផលពួកគេបានទិញដី ខណៈតម្លៃដីបានកើនឡើងភ្លាមៗបន្ទាប់ពីព័ត៌មាននេះចេញផ្សាយ។
លើសពីនេះ ប្រសិនជាអ្នកវិនិយោគមានទំនាក់ទំនងជិតស្និទ្ឋ ជាមួយមន្រ្តីរដ្ឋាភិបាល ពួកគេអាចទទួលបានព័ត៌មានមុន និងមានឳកាសចំណេញបានច្រើនជាងគេ បើសិនជាពួកគេទិញដីបានមុនគេ ប៉ុន្តែសួរថាតើមនុស្សប៉ុន្មាននាក់មានទំនាក់ទំនង ឬបានដឹងព័ត៌មានមុនគេ។
ការវិនិយោគមិនផ្អែកលើការផ្សងព្រេង តែផ្អែកលើប្រភពព័ត៌មានជាក់លាក់
ការវិនិយោគអចលនទ្រព្យ ឬវិនិយោគលើវិស័យដទៃឡើយ។ ការវិនិយោគបែបផ្សងព្រេង នឹងមិនទទួលបានជោគជ័យច្រើននោះទេ ប៉ុន្តែការវិនិយោគដោយប្រើប្រាស់មូលដ្ឋានព័ត៌មានជាក់លាក់ ការពិចារណាយ៉ាងលំអិត និងគ្រប់ជ្រុងជ្រោយ ឱកាសជោគជ័យមានខ្ពស់ ព្រោះអ្នកវិនិយោគដែលទទួលបានជោគជ័យ តែងតែពឹងផ្អែកលើមូលដ្ឋានព័ត៌មាន មូលដ្ឋានចំណេះដឹង និងមូលដ្ឋានវិភាគបានច្បាស់លាស់ជាមុន មុនពួកគេចម្រេចចិត្តទម្លាក់លុយចូលទៅលើគំរោងរបស់ពួកគេ។
ហេតុនេះការអានព័ត៌មានប្រចាំថ្ងៃពីការវិវត្តថ្មីៗនៃសេដ្ឋកិច្ច សង្គម អចលនទ្រព្យ និងព្រឹត្តិការណ៍សង្គមជាតិ និងពិភពលោក ពិតជាធ្វើឲ្យអ្នកឆ្លាតជាងមុន មានមូលដ្ឋានពិចារណាច្រើនជាងមុន មានមូលដ្ឋានវិភាគកាន់តែស៊ីជម្រៅ ហើយការវិនិយោគរបស់ពួកគេតែងតែទទួលជោគជ័យ និងប្រាសចាកហានិភ័យខ្ពស់។
លោកយិន លាងគង់នឹងចែករំលែកព័ត៌មាន និងការវិភាគលំអិតជាងនេះ នៅក្នុងសិក្ខាសាលាស្តីពី “វិធីសាស្រ្តត្រៀមខ្លួនក្លាយជាអ្នកលក់ដីឡូត៍អាជីពជោគជ័យ” នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុននាព្រឹកថ្ងៃទី៣១ កក្កដាខាងមុខនេះ។

កម្មវិធីនេះរៀបចំសហការដោយសាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) ក្លឹបអ្នកលក់ដីឡូត៍កម្ពុជា និងសហការផ្សព្វផ្សាយពីបណ្តាញគេហទំព័រ Propertyarea.asia៕
[…] ប្រភព៖ Property Area […]