ដោយ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Shanxi Mechanization Construction Group បានឈ្នះការដេញថ្លៃក្នុងការសាងសង់ពីរផ្នែក នៃព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ដែលទឹកប្រាក់ចំនួន ២៩០លានយ័ន ស្មើនឹង៤២,១៦លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន China Daily ចុះផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុន Shanxi Mechanization Construction Group នឹងទទួលខុសត្រូវចំពោះការសាងសង់តំបន់ហោះហើរ និងកន្លែងជំនួយការនៃតំបន់ហោះហើរ រួមទាំង ច្រកចេញចូល គ្រឹះ ការងារផ្នែករៀបចំដី និងប្រព័ន្ធបង្ហូរទឹក។
អាកាសយានដ្ឋានថ្មីនេះ ជាគម្រោងព្រលានយន្តហោះក្រៅប្រទេស ដំបូងគេរបស់ក្រុមហ៊ុន ហើយវាជាគោលនយោបាយថ្មី ក្នុងការអនុវត្តគម្រោងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ និងដើម្បីពង្រីកក្រុមហ៊ុនរបស់ខ្លួនទៅកាន់ទីផ្សារបរទេស។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានស្រាប់នៅក្នុងខេត្តសៀមរាប ដែលមានចម្ងាយ៥គីឡូម៉ែត្រពីតំបន់ប្រាសាទបុរាណ និងតំបន់បេតិកភ័ណ្ឌពិភពលោកលោក អង្គរវត្តមានផ្លូវរត់តែមួយប៉ុណ្ណោះ។
ក្រុមមន្រ្តីបាននិយាយថា រំញ័រដែលបណ្តាលមកពីការហោះឡើង និងការចុះចតយន្តហោះ អាចនឹងធ្វើឲ្យខូចខាតដល់គ្រឹះនៃអង្គរវត្ត ហើយចរាចរណ៍ផ្លូវអាកាសបច្ចុប្បន្នមិនអាចឆ្លើយតបទៅនឹងរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យទេសចរណ៍នៅកម្ពុជា។
អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី ដែលនឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិធំជាងគេនៅកម្ពុជានឹងមានចម្ងាយ៥១គីឡូម៉ែត្រ នៅភាគអាគ្នេយ៍ពីក្រុងសៀមរាប និង៤០គីឡូម៉ែត្រពីអង្គរវត្ត។ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មីនេះនឹងមានទំហំផ្ទៃដីប្រហែល៧០០ហិកតា និងគ្រោងចំណាយទុនវិនិយោគប្រមាណ៩០០លានដុល្លារសម្រាប់ការសាងសង់។
នៅពេលដំណាក់កាលទី១ នៃអាកាសយានដ្ឋានថ្មីត្រូវបានបញ្ចប់ អាកាសយានដ្ឋានថ្មីនេះនឹងទទួលបានអ្នកដំណើរ៧លាននាក់ជារៀងរាល់ឆ្នាំ ដែលជួយសម្រួលដល់អាកាសចរណ៍ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប និងជំរុញសេដ្ឋកិច្ចកម្ពុជាដែលវិស័យទេសចរណ៍គឺជាឧស្សាហកម្មសសរទ្រូងទីពីរ។

អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី កំពុងវិនិយោគដោយក្រុមហ៊ុន Yunan Investment Group ដែលមានមូលដ្ឋាននៅប្រទេសចិន។ ព្រលានយន្តហោះថ្មីនេះបាននិងកំពុងរៀបចំបច្ចេកទេស ដើម្បីបើកដំណើរការសាងសង់ក្រោអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានាពេលខាងមុខនេះ។






