ដោយៈ រ៉ាណេត
ព្រះសីហនុៈ ក្រុមអ្នកជំនាញអចលនទ្រព្យបានអះអាងស្រដៀងគ្នាថា ការផ្អាកសកម្មភាពសាងសង់គំរោងមួយចំនួន នៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន មិនប៉ះពាល់ដល់កម្មភាពអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យក្នុងខេត្តទេ។
ក្នុងរយៈពេលដ៏ខ្លីនៃការរឹតបណ្តឹងអនុវត្តច្បាប់ សាងសង់សំណង់នៅកម្ពុជា ចំពោះវិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ បាននិងកំពុងតែជួបបញ្ហាប្រឈមជាច្រើន ខណៈដែលមន្ត្រីជំនាញត្រួតពិនិត្យរកឃើញថា សំណង់មួយចំនួនត្រូវបានធ្វើឡើងខុសបច្ចេកទេស គ្មានគុណភាព និងមិនមានច្បាប់ត្រឹម រហូតត្រូវបានអជ្ញាធរហាមឃាត់ ផ្អាកសកម្មភាពសាងសង់ រង់ចាំមានច្បាប់ត្រឹមត្រូវទើបអនុញ្ញាតឱ្យបន្តសកម្មភាពអភិវឌ្ឍន៍។
-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១១ កក្កដានេះថា ការផ្អាកសកម្មភាពសាងសង់សំណង់មួយចំនួន នៅក្នុងក្រុងព្រះសីហនុ គឺមិនបានជះឥទ្ធិពលអាក្រក់ដល់ទីផ្សារអចលនទ្រព្យក្នុងខេត្តមួយនេះនោះទេ ។ លោកបន្តទៀតថា “ការផ្អាកសកម្មភាពសាងសង់សំណង់មួយចំនួន នៅក្នុងក្រុងព្រះសីហនុមិនបានប៉ះពាល់ដល់តម្លៃអចលនទ្រព្យនៅលើទីផ្សាររួមនោះទេ។
លោកបានបន្តទៀតថា “តម្លៃអចលនទ្រព្យ ក៏ដូចជាតម្លៃដីធ្លីនៅតែរក្សាភាពល្អប្រសើរ ហើយវានឹងបន្តឡើងបន្តិចទៀត ក្រោយពេលសណ្ដាប់ធ្នាប់ទូទៅនៅក្នុងខេត្តមួយនេះត្រូវបានរៀបចំរួចរាល់ ដែលមានលំហូរភ្ញៀវទេសចរចូលមកកាន់ខេត្តកាន់តែច្រើន”។ លោកបានបញ្ជាក់ទៀតថា “ពេលនេះវានៅតែជាវេលាល្អ សម្រាប់អ្នកវិនិយោគ ដែលមានបំណងចង់ទិញទុកលក់ ឬអភិវឌ្ឍ ព្រោះបើរង់ចាំបន្តិចទៀតតម្លៃនឹងឡើងថ្លៃ ដែលអាចធ្វើឱ្យបាត់ឱកាស”។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ ក៏បានមានប្រសាសន៍ស្រដៀងគ្នាថា ភាពអវិជ្ជមាននៃវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុ ហាកមិនមានភាគរយនោះទេ ហើយនាពេលបន្តិចទៀតខេត្តព្រះសីហនុកាន់តែមានពន្លឺ ស័ក្ដិសមទៅនឹងកេរ្តិ៍ឈ្មោះជាទីក្រុងគជ់ ឬជាតារាទិសនិរតី។
លោកស្រីបន្តថា “នៅពេលទីក្រុងស្អាត មានសណ្ដាប់ធ្នាប់ល្អ កំណើនមនុស្សទៅកាន់ខេត្តនេះនឹងកើនឡើង ដែលវាជំរុញឱ្យមានតម្រូវការកាន់តែខ្ពស់ លើផ្នែកផ្គត់ផ្គង់ការស្នាក់នៅ ដែលវាជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងវិស័យអចលនទ្រព្យ”។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី១១ កក្កដានេះថា ការផ្អាកសកម្មភាពសាងសង់ត្រូវបានធ្វើឡើងចំពោះតែសំណង់ដែលខុសបច្ចេកទេស និងគ្មានច្បាប់មួយ ចំនួនតូចតែប៉ុណ្ណោះ ប៉ុន្តែចំពោះសំណង់ដែលមានច្បាប់ត្រឹមត្រូវ និងធ្វើឡើងស្របតាមបច្ចេកទេសដែលត្រូវបានកំណត់ដោយបទដ្ឋាន គតិយុត្តិរបស់ក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ គឺនៅតែបន្តសកម្មភាពសាងសង់ជាធម្មតា។
លោកបានបន្តថា “ជាក់ស្ដែងពេលនេះ សកម្មភាពសាងសង់មួយចំនួនត្រូវបានផ្អាកសកម្មភាព ក្រោមការត្រួតពិនិត្យពីមន្ត្រីជំនាញ ប៉ុន្តែការផ្អាកនេះខ្ញុំជឿថា វាមានរយៈពេលខ្លីតែប៉ុណ្ណោះ។ លោកបន្តថា “តាមពិតវាជារឿងល្អវិញទេ ព្រោះក្រោយ ពេលមានការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញ និងអជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ គ្រប់សំណង់ទាំងអស់ ត្រូវបានប្រាកដថាមានគុណភាព ស្របច្បាប់ ដែលវាកាន់តែបង្កើនទំនុកដល់អតិថិជន”។

លោកឃាង ពុទ្ធី បានមានប្រសាសន៍បញ្ជាក់ថា នៅពេលដែលគ្រប់សំណង់នៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រាកដថាមានគុណភាព សំណង់ស្របច្បាប់ ពេលនោះសណ្ដាប់ធ្នាប់ទូទៅនៃវិស័យសំណង់ក៏ចាប់ផ្តើមមានល្អប្រសើរ ដែលវាកាន់តែជួយជំរុញ និងបង្កើនទំនុកចិត្តដល់បណ្តាអ្នកវិនិយោគបន្តដែលជាអតិថិជន។ នៅពេលដែលមានទំនុកកាន់តែខ្ពស់ កម្លាំងនៃការបញ្ជារទិញកាន់តែច្រើន វានឹងជំរុញឱ្យតម្លៃមានការកើនឡើងដោយស្វ័យប្រវត្តិ៕