ដោយៈ រ៉ាណេត
ភ្នំពេញៈ មនុស្សភាគច្រើនសុទ្ធតែបានដឹងនិងជឿជាក់ថា ការចូលខ្លួនមកប្រឡូក និងចាប់ជំនួញផ្នែកអចលនទ្រព្យ គឺអាចមានឱកាសទទួលបានចំណូលច្រើន ហើយអាចក្លាយជាអ្នកមានក្នុងរយៈពេលដ៏ខ្លី។
អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ច និងជាវិនិយោគនៅក្នុងវិស័យអចលនទ្រព្យលោកង៉ែត ជូបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីពេលថ្មីៗនេះថា ការចូលខ្លួនមកធ្វើជំនួញ នៅក្នុងវិស័យអចលនទ្រព្យ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប៉ុន្តែមុនពេលចូលមករកចំណូលនៅលើទីផ្សារមួយនេះ ចាំបាច់ត្រូវតែស្វែងយល់ឱ្យបានលម្អិតពីព័ត៌មានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យ។
-->
លោកបញ្ជាក់ទៀតថា “នៅក្នុងវិស័យនេះ មានការបំពុលព័ត៌មានច្រើនទាក់ទងនឹងការបង្ហាញ ឬលើកឡើងពីគំរោងអភិវឌ្ឍន៍នានា តាមរយៈអ្នកវិនិយោគមួយចំនួននៅក្នុងវិស័យនេះ ដើម្បីទាក់ទាញអតិថិជនងាយស្រួលដល់ការលក់គំរោងឆាប់ដាច់តែប៉ុណ្ណោះ”។
លោកបានលើកឡើងថា កាលពីពេលកន្លងទៅធ្លាប់បានឮ និងឃើញរួចមកហើយ ចំពោះគម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានមួយចំនួន បានប្រកាសបើកលក់គម្រោងក្នុងតម្លៃសមរម្យ ដែលធ្វើឱ្យមហាជនមួយចំនួន ដែលមិនបានដឹងពីប្រវត្តិរបស់ក្រុមហ៊ុននាំគ្នាសម្រុកទៅកក់លុយទិញទុក ដោយអ្នកខ្លះទិញសម្រាប់ស្នាក់នៅ ហើយអ្នកខ្លះទៀតទិញសម្រាប់វិនិយោគបន្តដើម្បីទទួលបានចំណេញ។ ប៉ុន្តែក្រោយមកមិនបានប៉ុន្មានផង គំរោងនោះត្រូវបានជាប់គាំង គ្មានសកម្មភាពសាងសង់ ដែលធ្វើឱ្យអតិថិជនដែលជាអ្នកទិញប្រឈមនឹងការខាតបង់។
អ្នកជំនាញរូបនេះបានបញ្ជាក់ថា “មុនពេលសម្រេចចិត្តទិញ ឬវិនិយោគទៅលើអចលនទ្រព្យណាមួយ អ្នកគួរតែសិក្សាស្វែងយល់ឱ្យបានលម្អិត និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ចៀសវាងការទិញទាំងភាពប្រថុយប្រថាន ឬជឿតាមពាក្យគេនិយាយដោយគ្មានមូលដ្ឋានច្បាស់លាស់”។ លោកបានបញ្ជាក់ថា “ភាពជោគជ័យទៅលើការវិនិយោគ មិនមែនកើតឡើងដោយសារតែព្រេងសំណាងនោះទេ ប៉ុន្តែវាកើតចេញពីភាពវ័យឆ្លាត ចេះក្ដាប់ឱកាស និងវិនិយោគត្រូវតាមកាលៈទេសៈ”៕