រដ្ឋាភិបាល​ចាប់ផ្តើម​សិក្សា​លើ​ការ​កសាង​ផ្លូវ​ និង​រថភ្លើង​ល្បឿន​លឿន​តភ្ជាប់​ភ្នំពេញ​-ខេត្តសៀមរាប​

0

ដោយ​ វុត្ថា​

សៀមរាប​៖ រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ការសិក្សា​លើ​ការ​អភិវឌ្ឍ​ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​រថ​ភ្លើង​ល្បឿង​លឿន​ ការពង្រីក​ផ្លូវថ្នល់​ ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ដែល​ធំជាង​មុន​ ដើម្បី​តភ្ជាប់​ខេត្តសៀមរាប​ជាមួយ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​សំខាន់​នានា​។

រាជរដ្ឋាភិបាល​កម្ពុជា​ នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី១​ ស្តី​ពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ កាលពី​ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ បានសម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ ។

គណៈកម្មការ​អន្តរក្រសួង​នេះ​បាន​និង​កំពុង​ចុះ​សិក្សា​លើ​ផ្នែក​-តំបន់​មួយចំនួន​ជា​បណ្ដើរ​ៗហើយ​ ប៉ុន្តែ​ដើម្បី​ជា​ប្រទីប​ក្នុង​ការជំរុញ​ឱ្យ​ដំណើរ​សិក្សា​រៀបចំផែនការ​មេនេះ​ ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​ ។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា​ ដំណើរការ​សិក្សា​លើ​គម្រោង​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ គឺ​ផ្ដោត​សំខាន់​លើ​ការងារ​ទាំង​ក្នុង​ខេត្ត​ ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ ក្នុង​នោះ​រួមមាន​៖

១៖ ការសិក្សា​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ លើស​ពី​អ្វី​មានស្រាប់​នៅ​តំបន់​អង្គរវត្ត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​កម្សាន្ត​ និង​ស្នាក់នៅ​ខេត្តសៀមរាប​យូរ​ និង​ចំណាយ​ច្រើន​។

២៖ រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ការសិក្សា​លើ​ការ​អភិវឌ្ឍ​ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​រថ​ភ្លើង​ល្បឿង​លឿន​ ការពង្រីក​ផ្លូវថ្នល់​ ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ដែល​ធំជាង​មុន​ ដើម្បី​តភ្ជាប់​ខេត្តសៀមរាប​ជាមួយ​រាជធានី​ភ្នំពេញ​ សៀមរាប​ជាមួយ​តំបន់ឆ្នេរ​សមុទ្រ​ សៀមរាប​ជាមួយ​តំបន់​ភាគ​ឦសាន​ សៀមរាប​ជាមួយ​តំបន់​ព្រំដែន​ ក៏ដូចជា​សៀមរាប​ជាមួយ​អន្តរជាតិ​ផង​ដែរ​។

៣៖ ការសិក្សា​អំពី​ការរៀបចំ​ និង​គ្រប់គ្រង​បរិស្ថាន​ស្អាត​ និង​បៃតង​នៅ​ខេត្តសៀមរាប​ និង​តំបន់​អង្គរ​ ដើម្បី​ផ្ដល់​ជូន​នូវ​ភាព​ស្រស់ស្រាយ​បរិសុទ្ធ​ ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​ ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​នូវ​ចំ​ណុ​ចល្អៗ​ពី​ខេត្តសៀមរាប​ ក៏ដូចជា​ប្រទេស​កម្ពុជា​។ ក្រៅពីនោះ​ មានការ​សិក្សា​លើ​ការគ្រប់គ្រង​សំរាម​ កាក់​សំណល់​ ការ​តុបតែង​លម្អ​សោភ័ណភាព​នៅក្នុង​ខេត្ត​ និង​តំបន់​ទស្សនា​ ការសិក្សា​លើ​ការបង្កើត​សួនច្បារ​ជាដើម​។

៤៖ ការសិក្សា​លើ​ការ​តុបតែង​លម្អ​ផ្លូវ​ធ្វើដំណើរ​ឱ្យ​មាន​សោភ័ណភាព​។៥៖ ការសិក្សា​លើ​យន្តការ​នៃ​ការគ្រប់គ្រង​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​នេះ​ ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​ ពីព្រោះ​បើ​គ្មាន​ការគ្រប់គ្រង​ទេ​ ការសិក្សា​រៀបចំ​នឹង​ខា​តទទេ​ៗ។

ក្រៅពី​នេះ​ នៅ​មានការ​សិក្សា​លើក​ត្តា​ខាងក្រៅ​ប្រទេស​ផង​ដែរ​ ដូចជា​ ការសិក្សា​លើ​ទីផ្សារ​ទេសចរណ៍​ និន្នាការ​របស់​ភ្ញៀវ​ទេសចរ​ កំណើន​ទីផ្សារ​ តម្រូវការ​ទីផ្សារ​ ការសិក្សា​អំពី​ការសម្រួល​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​។

ជា​ការពិត​ណាស់​ បច្ចុប្បន្ន​ តំបន់​អង្គរ​មាន​ភាព​ល្បីល្បាញ​ទូទាំង​ពិភពលោក​ហើយ​ ប៉ុន្តែ​កម្ពុជា​ត្រូវ​មានការ​អភិវឌ្ឍ​បន្ថែម​ ពោល​គឺ​អនុវត្ត​នូវ​កិច្ច​អភិរក្ស​នៅក្នុង​តំបន់​អង្គរ​ និង​អភិវឌ្ឍន៍​បន្ថែម​នៅ​តាម​តំបន់​ជុំវិញ​ ប្រកបដោយ​និរន្តរភាព​ និង​ការទទួលខុសត្រូវ​ខ្ពស់​ ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ​តំណែ​លបុ​ព្វ​បុរស​ ដូចជា​ប្រាង្គ​ប្រាសាទ​ វប្បធម៌​ ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ឡើយ​។

លោក​បន្ត​ថា​ គម្រោង​សិក្សា​លើ​ផែនការមេ​នេះ​នឹង​ត្រូវ​បញ្ចប់​ និង​ដាក់​ឱ្យ​អនុវត្ត​ចាប់​អំឡុង​ដើមឆ្នាំ២០២០​ រហូតដល់​ឆ្នាំ២០៣៥​។

ឯកឧត្តម​ ថោង​ ខុន​ ក៏បាន​បញ្ជាក់​ថា​ «ការ​ខិតខំ​ទាំងនេះ​ក៏​ដើម្បី​ចូលរួម​សម្រេច​តាម​ចក្ខុវិស័យ​របស់​កម្ពុជា​ ដែល​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ ១០លាន​នាក់​ នៅ​ឆ្នាំ២០៣០​ ផង​ដែរ​»៕

LEAVE A REPLY

Please enter your comment!
Please enter your name here