ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានឱ្យដឹងថា ធនាគារមួយចំនួនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បានផ្តល់ប្រាក់កម្ចីសម្រាប់អ្នកដែលមានបំណងទិញ និងអភិវឌ្ឍន៍ខុនដូ ដែលខុសប្លែកកាលពីលើកមុនដែលធនាគារនានា ពុំមានការផ្តល់ឥណទានទិញឬអភិវឌ្ឍន៍លំនៅដ្ឋានបែបសហកម្មសិទ្ធបែបនេះឡើយ។
លោកស្រី អាន សុធីតា នាយិការក្រុមហ៊ុនអន្តរជាតិ CBRE ប្រចាំកម្ពុជាបានឱ្យដឹងកាលពីពេលថ្មីៗនេះថា មូលហេតុដែលធនាគារមិនបានផ្តល់កម្ចី ទៅឱ្យអ្នកទិញឬអ្នកអភិវឌ្ឍន៍ខុនដូ ដោយសារតែពួកគេគិតថាមានហានីភ័យខ្ពស់ តែនាពេលបច្ចុប្បន្ននេះទីផ្សារខុនដូកំពុងតែមានសន្ទុះរីកចម្រើនចំរើន និងមានការទិញពីពលរដ្ឋខ្មែរកាន់តែច្រើន ហើយអ្នកអភិវឌ្ឍន៍ភាគច្រើន កំពុងទីផ្សារខុនដូតម្លៃសមរម្យ ដើម្បីចាប់យកទីផ្សារក្នុងស្រុក។
-->
លោកស្រីពន្យល់ថា “ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានការចាប់អារម្មណ៍លើការទិញខុនដូសម្រាប់រស់នៅ និងដាក់ជួលផងដែរ ដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍បែរមកអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យ ដើម្បីចាប់យកទីផ្សារក្នុងស្រុក ដែលខុសកាលពីលើកមុន”។
របាយការណ៍ក្រុមហ៊ុន CBRE ចុងក្រោយបានឱ្យដឹងថា នៅពាក់កណ្តាលឆ្នាំ២០១៩ គម្រោងខុនដូចំនួន១៣ ត្រូវបានដាក់លក់ក្នុងទីផ្សារ ដោយក្នុងនោះមាន៦៧ភាគរយជាខុនដូ ដែលមានតម្លៃសមរម្យ។ ខុនដូដែលតម្លៃសមរម្យជាមធ្យមបានកើនឡើង២ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស ដោយតម្លៃបច្ចុប្បន្នមានប្រមាណ ១,៥០១ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំនេះ ខណៈអ្នកទិញក្នុងស្រុក កាន់តែច្រើនកំពុងវិនិយោគលើខុនដូនៅកណ្តាលទីក្រុង។
ទីផ្សារខុនដូត្រូវបានរំពឹងថា នឹងកើនដល់ចំនួន ៣១,១០០យូនីត នឹងសាងសង់បញ្ចប់នៅចុងឆ្នាំនេះ។ បច្ចុប្បន្នចំនួននៃខុនដូយូនីត ដែលបញ្ចប់ការសាងសង់មានចំនួន ១៦,៦៥៨យូនីត។
វិស័យខុនដូមានការរីកចំរើន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលការផ្គត់ផ្គង់ខុនដូមានការកើនឡើងចំនួន១០ដង បើធៀបនឹងឆ្នាំ២០១៦។ ប៉ុន្តែទីផ្សារអចលនទ្រព្យ អាចប្រឈមនឹងភាពចលាចលមួយចំនួន ដោយសារសង្គ្រាមពាណិជ្ជកម្មរវាង អាមេរិក និងចិនអាចពន្យឺតការវិនិយោគផ្ទាល់ពីបរទេសពីចិនដីគោក។
ធនាគារជាតិនៃកម្ពុជាបានព្រមានថា “វិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុអាចនឹងត្រូវប្រឈមនឹងហានិភ័យ ប្រសិនបើការវិនិយោគលើវិស័យ អចលនទ្រព្យនៅកម្ពុជាបានស្ងប់ស្ងាត់ ដោយសារការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក”។ ធនាគារនេះបានបន្ថែមថា “ល្បឿននៃការពង្រីក និងការវិនិយោគរបស់ខ្លួនទីផ្សារអចលនវត្ថុមើលទៅរឹងមាំ និងមានស្ថានភាពល្អ”។
ធនាគារជាតិបានឲ្យដឹងក្នុងរបាយការណ៍សេដ្ឋកិច្ចមួយ ដែលចេញផ្សាយនៅឆ្នាំនេះថា “នៅចុងឆ្នាំ២០១៩ ការផ្គត់ផ្គង់ខុនដូនៅគ្រប់ផ្នែកទាំងអស់ កន្លែងលក់រាយ និងការិយាល័យជួលត្រូវបានរំពឹងថានឹងកើនឡើង”៕