ដោយម៉ា ណេត
ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា ប្រជាជនបានស្វែងរកការ ទិញអចលនទ្រព្យតាមប្រព័ន្ឋអនឡាញកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈនិន្នាការទីផ្សារទិញលក់អចលនទ្រព្យកាន់តែមានការរីកចម្រើន។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Realestate.com.kh ដែលបានស្ទាបស្ទង់ជាមួយអ្នកឆ្លើយតប២០០០នាក់ ដែលបានរកឃើញថាលទ្ឋផលនៃការស្ទាបស្ទង់នេះ មានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរមួយគួរឱ្យកត់សម្គាល់អាចត្រូវបានមើលឃើញ នៅពេលមើលទៅលើប្រាក់ចំណូលរបស់អ្នកឆ្លើយតបទៅនឹងការស្ទង់មតិ។
-->
ចំនួនប្រជាជនតិចតួចរកលុយបានតិចជាង៥០០ដុល្លារក្នុងមួយខែ កាលពី២ឆ្នាំមុន។ ក្រុមដែលរកប្រាក់បានពី៥០១ដុល្លារ ដល់១ម៉ឺនដុល្លារក្នុងមួយខែ បានកើនឡើងគួរឱ្យកត់សម្គាល់។ នេះគឺជាសញ្ញាច្បាស់លាស់ នៃវណ្ណៈកណ្តាលកំពុងរីកចម្រើននៅកម្ពុជា។
ការរកឃើញសំខាន់មួយទៀតគឺថា អ្នកទិញនៅតែបន្តមានទំនុកចិត្តលើទីផ្សារ។ ភាគច្រើននៃអ្នកឆ្លើយតបបាននិយាយថា ពេលនេះគឺជាពេលល្អមួយដើម្បីទិញអចលនទ្រព្យ។ ទាក់ទងនឹងទីតាំងនេះ អ្នកឆ្លើយតបភាគច្រើនបានជ្រើសរើសរាជធានីភ្នំពេញជាជាងខេត្តសៀមរាប ព្រះសីហនុ ឬតំបន់ទីក្រុងដទៃទៀតក្នុងប្រទេស។
ការស្ទង់មតិនេះក៏បានរកឃើញថា Internet នៅតែជាប្រភពព័ត៌មានអចលនទ្រព្យសំខាន់។ នេះត្រូវបានគេរំពឹងថា នឹងមាននិន្នាការសម្រាប់ពេលអនាគត ជាពិសេសការប្រើប្រាស់ Internet នៅក្នុងប្រទេសកំពុងកើនឡើង។

ទោះជាយ៉ាងណាក៏ដោយដូចជាការស្ទាបស្ទង់មុនៗ អតិថិជនបានសង្កេតឃើញភាពទន់ខ្សោយនៅក្នុងវិស័យដែលត្រូវដោះស្រាយ។ ចំណុចសំខាន់បំផុតក្នុងចំណោមបញ្ហាទាំងនេះគឺការខ្វះបទដ្ឋាន និងបទបញ្ញត្តិវិជ្ជាជីវៈ។ អ្នកឆ្លើយតបភាគច្រើនបានសង្កេតឃើញពីតម្រូវការសម្រាប់ការកំណត់តម្លៃស្តង់ដារ វិញ្ញាបនប័ត្រភ្នាក់ងារអចលនទ្រព្យដែលត្រូវការជាចាំបាច់ និងបទបញ្ជារបស់គណៈកម្មការភ្នាក់ងារ៕