អនុប្រធាន​ CVEA​ ៖ កា​រស​ង់​លំនៅ​ដ្ឋាន​រំលោភ​លើ​ចំណី​ផ្លូវ​ក្លាយជា​វិ​បត្តិ​ដល់​កា​រល​ក់​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ សំណង់​លំនៅ​ដ្ឋាន​មួយចំនួន​នៅពេល​បច្ចុប្បន្ន​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ មានការ​បំពាន​មក​លើ​ចំណី​ផ្លូវ​ ជាពិសេស​ម្ចាស់ផ្ទះ​ល្វែង​មួយចំនួន​បាន​សង់រោង​លើ​ចិញ្ចើម​ផ្លូវ​ ដើម្បី​ទុក​ចត​យានយន្ត​របស់​ខ្លួន​ ដែល​ផ្ទុយពី​ការអនុញ្ញាត​របស់​បទដ្ឋាន​គតិយុត្តិ​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

ការសាងសង់​បែប​អាណា​ធិប​តេយ្យ​ និង​មានការ​ឃុប​ខិត​ពី​អាជ្ញាធរ​មូលដ្ឋាន​នេះ​ បាន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​ និង​ក្លាយជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ដល់​ការ​លក់​អចលនទ្រព្យ​នៅពេលអនាគត​។

អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) លោកស្រី​តាំង​ ហួរ​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៥​ កក្កដា​នេះ​ដោយ​បង្ហាញ​នូវ​ក្ដី​បារម្ភ​ជា​ខ្លាំង​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ និង​រូបភាព​នៃ​សំណង់​លំនៅ​ដ្ឋាន​មួយចំនួន​ ដែល​កំពុងតែ​បំពាន​ចំណី​ផ្លូវ​ ហើយ​វា​អាច​នឹង​ក្លាយទៅជា​វិបត្តិ​មួយ​នៅពេល​លក់​អចលនទ្រព្យ​ទាំងនេះ​។

លោកស្រី​បន្ត​ថា​ “មិន​ចំពោះ​អ្នកទិញ​ដើម្បី​ស្នាក់នៅ​ ឬជា​អ្នកទិញ​ដើម្បី​ធ្វើការ​វិនិយោគ​បន្ត​នោះ​ទេ​ មុន​ពេល​ទិញ​គឺ​គេ​តែង​ពិនិត្យ​ និង​ពិចារណា​នូវ​ចំណុច​អវិជ្ជមាន​របស់​សំណង់​លំនៅ​ដ្ឋាន​ដែល​បាន​សាងសង់​រំលោភ​លើ​ចំណី​ផ្លូវ​”។លោកស្រី​បន្ត​ថា​ “ជាទូទៅ​លំនៅ​ដ្ឋាន​ដែល​មាន​ទីតាំង​មិន​អំណោយផល​ ឬរំលោភ​លើ​ចំណី​ផ្លូវ​ អាច​ប្រឈម​បញ្ហា​ជាច្រើន​ ដែល​ក្រៅពី​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ ប៉ះពាល់​ដល់​កក្តា​សង្គម​ ហើយក៏​ជះឥទ្ធិពល​មិនល្អ​ទៅដល់​ការ​លក់​ផង​ដែរ​”។

លោកស្រី​តាំង​ ហួរ​បាន​បញ្ជាក់​ទៀត​ថា​ “មិនថា​ចំពោះ​លំនៅ​ដ្ឋាន​នៅក្នុង​រាជធានី​ភ្នំ​ ឬនៅ​តាម​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ៗ ដែល​កំពុងតែ​មាន​ទីផ្សារ​អចលនទ្រព្យ​ល្អ​ខ្លាំង​យ៉ាងណាក៏ដោយ​ ចំពោះ​ប្រភេទ​លំនៅ​ដ្ឋាន​ដែល​សាងសង់​បំពាន​លើ​ចំណី​ផ្លូវ​ គឺជា​ឧបសគ្គ​បំផុត​សម្រាប់​ការទិញ​-លក់​”។

លោកស្រី​បន្ត​ថា​ ការ​រក្សាទុក​ និង​គ្រប់គ្រង​ចំណី​ផ្លូវ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោល​បំណង​ធំៗ​ដូចជា​ ទី១​ ផាសុកភាព​ សុវត្ថិភាព​សាធារណៈ​ និង​សុវត្ថិភាព​ចរាចរណ៍​ ទី២​-ថែរក្សា​ផ្លូវ​សាធារណៈ​សម្រាប់​អ្នកប្រើ​ប្រាស់​ទូទៅ​ ទី​ ៣ រៀបចំ​ឱ្យ​មាន​បទដ្ឋាន​បច្ចេកទេស​ទូទៅ​ក្នុង​ការសាងសង់​ និង​ការប្រើ​ប្រាស់​ដី​ចំណី​ផ្លូវ​ក្នុង​ទីក្រុង​ និង​ទីប្រជុំជន​ ទី៤​ ការពារ​ការរំលោភ​បំពាន​ដី​ចំណី​ផ្លូវ​ ដើម្បី​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ ទី៥​ ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ផ្លូវ​ ទី៦​ លើក​កម្ពស់​សោភ័ណភាព​ទីក្រុង​ និង​ទីប្រជុំជន​ ៧-កាត់បន្ថយ​ការ​ស្ទះចរាចរណ៍​ និង​សម្រួល​ដល់​អ្នកថ្មើរជើង​ ទី៨​ គ្រប់​គ្រង​​លំហូរ​ចរាចរណ៍​ក្នុង​ទីក្រុង​ និង​ទីប្រជុំជន​ ​និង​ទី៩​ ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​។

កាលពី​ពេល​កន្លងទៅ​ សម្តេច​ ក្រឡាហោម​ ស ខេង​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​មានប្រសាសន៍​ផង​ដែរ​ថា​ តាមច្បាប់​បទដ្ឋាន​គតិយុត្តិ​ ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បញ្ជាក់​ និង​កំណត់​​យ៉ាង​ច្បាស់​ថា​ រាល់​ការសាងសង់​សំណង់​លំនៅ​ដ្ឋាន​នានា​ ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ ត្រូវ​ទុក​គម្លាត​យ៉ាងតិច ២៥​ម៉ែត្រ​​ពី​អ័ក្ស​ ដោយឡែក​នៅ​តាមផ្លូវ​ក្នុង​តំបន់​ (ផ្លូវលំ​) គឺ​ត្រូវ​រក្សាទុក​គម្លាត ១៥ម៉ែត្រ​ពី​ចំណុច​អ័ក្ស​។

សម្តេច​បន្ត​ថា​ ប៉ុន្តែ​ជាក់ស្ដែង​ការអនុវត្ត​ និង​ការគោរព​នៅ​មានកម្រិត​នៅឡើយ​ ដែល​វា​នឹង​បង្ក​ឱ្យ​មានផល​វិបាក​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ទៅតាម​ប្លង់​គោល​នៅពេលអនាគត​។ ក្នុង​ន័យ​នេះ​សម្ដេច​ ក៏បាន​ទទូច​ និង​បង្គាប់​ដល់​ស្ថាប័ន​ជំនាញ​ ក៏ដូចជា​អជ្ញា​ធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ ត្រូវ​មានការ​យកចិត្ត​ទិ​កដាក់​ក្នុង​ការគ្រប់គ្រង​ ជាពិសេស​សុំ​ឱ្យ​មានការ​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here