សម្តេច​ក្រឡាហោម​ដាក់ផែនការ៤​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ និង​ត្រួត​ពិនិត្យ​សំណង់

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្ដេច​ក្រ​ឡា​ហោម​ស ខេង​ ឧបនាយក​រដ្ឋ​មន្ដ្រី​ រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ​ បាន​ណែនាំ​ដល់​អភិបាល​រាជធានី​ ខេត្ត​ ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ និង​ត្រួតពិនិត្យ​ទៅលើ​សំណង់​ បន្ទាប់ពី​បាន​ពិនិត្យ​ឃើញថា​ សំណង់​មួយចំនួន​នៅ​តាម​រាជធានី​ ខេត្ត​ កំពុង​ដំណើរការ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ និង​ច្បាប់​ត្រឹមត្រូវ​។

ក្នុង​លិខិត​ផ្ញើ​ជូន​ទៅ​អភិបាល​រាជធានី​ ខេត្ត​ នៅ​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ សម្តេច​ក្រឡាហោម​ ស ខេង​ បាន​ធ្វើការ​កត់សម្គាល់​ថា​ មាន​សំណង់​មួយចំនួន​ ត្រូវ​បាន​ដំណើរការ​សាងសង់​ ជួសជុល​ និង​កែប្រែ​ទ្រង់ទ្រាយ​សំណង់​ ដោយ​គ្មាន​លិខិតអនុញ្ញាត​ ឬខុសពី​លិខិតអនុញ្ញាត​ និង​ពុំ​មានការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ សំណង់​ឲ្យបាន​ត្រឹមត្រូវ​ ដែល​ករណី​ទាំងនេះ​អាច​បណ្តាល​ ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ ស្ថាបត្យកម្ម​ គុណភាព​ សុវត្ថិភាព​សំណង់​ សណ្តាប់​ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​ រហូត​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ និង​ហា​និ​ភ័យ​ផ្សេង​ៗ។

ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ និង​ត្រួតពិនិត្យ​សំណង់​នេះ​ សម្តេច​ក្រ​ឡា​ហោម​ស ខេង​ បាន​ណែនាំ​ឱ្យ​អភិបាល​រាជធានី​-ខេត្ត​ អនុវត្តន៍​នូវ​វិធានការ​សំ​ខាន់​ៗចំនួន៤រួមមាន​ ទី១​ ត្រូវ​ណែនាំ​ដល់​មន្ទីរ​ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ ឲ្យ​ទទួលខុសត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ និង​ត្រួតពិនិត្យ​សំណង់​ ព្រមទាំង​ធានា​ថា​ មិន​មានការ​សាងសង់​សំណង់​ដោយ​គ្មាន​លិខិតអនុញ្ញាត​ ឬខុសពី​លិខិតអនុញ្ញាត​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

ទី២​ ត្រូវ​ពនឿ​ននី​តិ​វិធី​ក្នុង​ការ​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ ជូន​ដល់​ម្ចាស់​សំណង់​ឲ្យបាន​ឆាប់​ស្របតាម​គោលការណ៍​ បែបបទ​ និង​នីតិវិធី​កំណត់​ជាធរមាន​។ ទី៣​ ត្រូវ​បន្ត​លើកកម្ពស់​ការ​ផ្តល់​សេវា​លើ​វិស័យ​សំណង់​នៅ​តាម​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ដែល​មាន​យន្តការ​ច្រកចេញ​ចូល​តែមួយ​ និង​ទី៤​ ត្រូវ​អប់រំ​ ផ្សព្វផ្សាយ​ដល់​ម្ចាស់​សំណង់​ ឲ្យ​យល់ដឹង​ និង​គោរព​តាមច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​សុវត្ថិភាព​ ក្នុង​ការសាងសង់​សំណង់​ និង​ផលវិបាក​ នៃ​ការសាងសង់​ដែល​មិន​គោរព​តាមច្បាប់​ និង​បទដ្ឋាន​បច្ចេកទេស​សំណង់​។

ការ​ដាក់ចេញ​នូវ​វិធានការ​ពង្រឹង​ប្រសិទ្ធភាព​ លើ​ការគ្រប់គ្រង​សំណង់​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​ការ​កើតមាន​ ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់៧ជាន់​ នៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ចុងខែ​មិថុនា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ និង​មាន​សំណង់​អគារ​មួយចំនួន​ទៀត​សាងសង់​ឡើង​ ដោយ​គ្មាន​ច្បាប់​ និង​មិន​គោរព​ទៅតាម​បទដ្ឋាន​គុណភាព​សំណង់​ជាដើម​នោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here