ដោយ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនដ៏ធំរបស់អាមេរិក Huntson Andrews Kurth LLPបានប្រកាសកាលពីម្សិលមិញថា ក្រុមហ៊ុនដើរតួនាទីជាអ្នកផ្តល់ប្រឹក្សា ផ្នែកប្រតិបតិ្តការដល់ក្រុមហ៊ុន China Road and Bridge Corporation ក្នុងការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុដែលមានប្រវែងជាង១៩០គីឡូម៉ែត្រ។

-->
ក្រុមហ៊ុន China Road and Bridge Corporation ជាក្រុមហ៊ុនសំណង់ធំបំផុតមួយនៅលើពិភពលោក ដែលបានផ្តល់ហិរញ្ញវត្ថុលើកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ៣១ ខែ ឧសភាឆ្នាំ ២០១៩លើការសាងសង់ផ្លូវល្បឿនលឿន ដែលមានទឹកនប្រាក់ជិត២០០០លានដុល្លារអាមេរិកនេះ។
គម្រោងនេះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជាដើម្បីឈានដល់ការផ្តល់កញ្ចប់ហិរញ្ញវត្ថុនេះនៅឆ្នាំ២០១៩។ គម្រោងនេះនឹងភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានកំពង់ផែសមុទ្រជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា។ ការស្ថាបនាត្រូវបានរំពឹងថានឹងចំណាយពេលបួនឆ្នាំដើម្បីបញ្ចប់។
លោក Kirk A. Lovric ជាដៃគូផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធលើពិភពលោករបស់ក្រុមហ៊ុន Hunton Andrews Kurth ជាដៃគូ និងបានដឹកនាំក្រុមហ៊ុន Hunton ក្នុងផ្តល់យោបល់ដល់ក្រុមហ៊ុន China Road and Bridge Corporation អស់រយៈពេល៣ឆ្នាំមកហើយបាននិយាយថា “វាពិតជាផ្តល់កិត្តិយសសម្រាប់ក្រុមហ៊ុន ដែលបានចូលរួមក្នុងគម្រោងមួយ ដែលមានទំហំធំធេងដែលរំពឹងថា នឹងផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសនេះ (កម្ពុជា)”។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឆាប់ៗខាមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមបើកសម្ពោធការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ មួយខ្សែនេះ។
លោកវ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹងជញ្ជូនបានមានប្រសាសន៍ ថា ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ដែលសាងសង់ដោយក្រុមហ៊ុនស្ពានថ្នល់ប្រទេសចិន នឹងអនុញ្ញាតឱ្យអ្នកបើកបរអាចបើកបាន ក្នុងល្បឿនចន្លោះ ៩០-១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្រុមហ៊ុននឹងមានដាក់គំនូសសញ្ញា កំណត់ល្បឿននៅលើគន្លងផ្លូវនីមួយៗ ដើម្បីឱ្យអ្នកបើកបរដឹងពីល្បឿនដែលត្រូវបើក។ ដូច្នេះប្រសិនបើអ្នកបើកបរបើកមិនគ្រប់ល្បឿន ដែលបានកំណត់ពួកគេនឹងទទួលរងនូវការផាកពិន័យ។
លោកបន្តថា “វាជាផ្លូវល្បឿនលឿន ហេតុនេះការបើកបរតាមគំនូសសញ្ញាបង្ហាញពិតជាមានសារសំខាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់នានា ក៏ដូចជាកាត់បន្ថយផលរំខានពីអ្នកបើកបរផ្សេងទៀត” ។ លោកបន្តថា “ផ្លូវនេះនឹងមានចំណត់ឈប់សំចតចំនួន៣កន្លែង មជ្ឈមណ្ឌលថែទាំយានយន្តមួយកន្លែង ស្ពានអាកាសចំនួន៧”។
ក្រុមហ៊ុន Hunton Andrews Kurth មានបទពិសោធន៍លើការរៀបចំកិច្ចសន្យាទាំងស្រុងសម្រាប់ គម្រោងភាពជាដៃគូឯកជនសាធារណៈ (PPP) ។ ក្រុមហ៊ុននេះបានតំណាងឱ្យអ្នកផ្តល់ប្រាក់កម្ចីលើគម្រោង អ្នកអភិវឌ្ឍ អ្នកវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍ អ្នកឧបត្ថម្ភ និងរដ្ឋាភិបាលនៅទូទាំងអាហ្វ្រិក អាស៊ី អាមេរិកឡាទីន និងអាមេរិកស្តីពី ប្រតិបត្តិការ PPP និងបញ្ហាគម្រោងផ្សេងទៀតអស់រយៈពេលជាង២០ឆ្នាំមកហើយ។
ក្រុមហ៊ុននេះ ក៏បានធ្វើការយ៉ាងទូលំទូលាយជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនរដ្ឋផងដែរ ដោយប្រើប្រាស់ហិរញ្ញប្បទាន និងកម្មវិធីដទៃទៀតដែលផ្តល់ដោយធនាគារពិភពលោក និងភ្នាក់ងាររដ្ឋាភិបាល ភ្នាក់ងារឥណទាន ភ្នាក់ងារនាំចេញទ្វេភាគី ភ្នាក់ងារធានារ៉ាប់រងហានិភ័យ និងភ្នាក់ងារផ្តល់ប្រាក់កម្ចីជាដើម៕