ដោយៈរ៉ាណេត
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានទុករយៈពេល១ខែ ដើម្បីឲ្យម្ចាស់ក្បាលដីពាក់ព័ន្ធនឹងបឹងជើងឯកចូលរួមសហការ ដើម្បីឲ្យមន្ត្រីជំនាញចុះធ្វើការវាស់វែង និងកំណត់ព្រំដី ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រួមជាមួយនឹងម្ចាស់កាន់កាប់ក្បាលដីមួយចំនួនទៀត។
យោងតាមសេចក្ដីប្រកាស ដែលចេញដោយរដ្ឋបាលសាលារាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៩ ម្សិលមិញនេះបានបញ្ជាក់ថា បន្ទាប់ពីមានសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការ និងក្រុមការងារជំនាញចុះវាស់វែងព្រំដីបឹងជើងឯក ជាលទ្ធផលរហូតមកដល់ពេលនេះ ក្រុមការងារបានចុះអនុវត្តបានមួយជំហានធំ និងគ្រោងបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។
នៅក្នុងសេចក្ដីប្រកាសដដែលបានលើកឡើងថា រដ្ឋបាលសាលារាជធានីភ្នំពេញសូមជម្រាបដំណឹងដល់សាធារណៈជន និងអង្គភាពនានាដែលពាក់ព័ន្ធនឹងក្បាលដីដែលស្ថិតនៅក្នុងបឹងជើងឯក ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញឱ្យបានជ្រាបថា ក្រុមការងារបច្ចេកទេស និងជំនាញបានចុះវាសវែង និងកំណត់ព្រំដីក្នុងបឹងជើងឯកចាប់តាំងពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩មកម៉្លេះ។
ការចុះវាស់វែងត្រូវបានកំណត់ជា៣ចំណុចដូចជា ទី១ ចុះស្វែងរកចំណុចព្រំដីទំហំ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ និងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់នៅលើផ្ទៃដីទំហំ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍដូចគ្នា។
ទី២ ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯកទំហំ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងទី៣ ចុះសិក្សា និងវាស់វែងកំណត់និយាមកា បណ្តាញហេដ្ឋារចនាសម្ព័ន្ធទៅកាន់ទីតាំងបឹងជើងឯក។
យ៉ាងណាក៏ដោយជាលទ្ធផលរហូតមកដល់ពេលនេះ ក្រុមការងារនៅមិនទាន់បញ្ចប់នៅឡើយនោះទេ ដោយសារតែម្ចាស់កាន់ក្បាលដីពាក់ព័ន្ធមួយចំនួន មិនចូលរួមសហការ។ រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានប្រកាសទុករយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្ដីប្រកាស រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះជាកំហិត ដែលតម្រូវឱ្យម្ចាស់កាន់ក្បាលដី ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឈានដល់សេចក្ដីសម្រេចបញ្ចប់។
សូមអានសេចក្ដីប្រកាសរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ មានខ្លឹមសារលម្អិតដូចខាងក្រោមនេះ ៖







