ដោយ ម៉ាណេត
ភ្នំពេញ៖ សណ្ឋាគារ YOO Hotels & Resorts ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបង្ហាញពីផែនការក្នុងការវិនិយោគលើវិស័យសណ្ឋាគារនៅកម្ពុជា និងបណ្តាប្រទេសចំនួនតំបន់អាស៊ីអាគ្នេយ៍។ សណ្ឋាគារនេះកំពុងកំណត់ទីតាំងសំខាន់ៗនៅប្រទេសកម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន។ នេះបើយោងតាមសារព័ត៌មាន Strait Times ដែលមូលដ្ឋាននៅសឹង្ហបូរីចុះផ្សាយកាលពីពេលថ្មីនេះ។

-->
សណ្ឋាគារ YOO Hotels & Resorts ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបង្ហាញពីផែនការដើម្បីបង្កើតសណ្ឋាគារយ៉ាងហោចណាស់ ២០ សណ្ឋាគារ នៅក្រោមស្លាកសញ្ញា Yoo2 នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ។
ក្រុមហ៊ុន YOO Worldwide គឺជាអ្នកនាំឈានមុខគេលើការរចនាសណ្ឋាគរ និងលំនៅដ្ឋាន ការបង្កើនកេរ្តិ៍ឈ្មោះ និងទីផ្សារដែលមានបទពិសោធន៍ ២០ ឆ្នាំ និងមានគម្រោងជាង ៨១ ដែលមានវត្តមានក្នុង ៣៦ ប្រទេស។
ទោះបីជាយ៉ាង ណាក៏ដោយ ក៏ក្រុមហ៊ុនមិនបានបញ្ជាក់ពីទីតាំងដែលខ្លួនគ្រោងនឹងវិនិយោគនោះទេ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា វិស័យសណ្ឋាគារនៅកម្ពុជា ពិតជាមានការរីកចម្រើនទាំងបរិមាណនិងគុណភាព ដោយសារការមកដល់នៃភ្ញៀវអន្តរជាតិ និងការប្រកួតប្រជែងកើនឡើង ដែលបានធ្វើឲ្យអ្នកវិនិយោគក្នុងវិស័យនេះ ចាប់ផ្តើមពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ហើយនៅពេលមានការប្រកួតកើនឡើង គឺអ្នកទទួលផលជាអតិថិជន។
លោកស្រីបន្តថា “នៅពេលការប្រកួតប្រជែងកើនឡើងកាន់តែខ្លាំង មានន័យថាវិស័យនេះចាប់ផ្តើមរីកចម្រើនហើយ”។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរីកចម្រើននៃវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យសណ្ឋាគារមានកេរ្ត៍ឈ្មោះល្បីៗលំដាប់ពិភពលោកបានចូលមកកាន់ទីផ្សារ ដោយសារកំនើនភ្ញៀវទេសចរណ៍អន្តរជាតិ និងការមកដល់នៃអ្នកវិនិយោគធំៗពីអន្តរជាតិ។

អ្នកនាងបន្តថា “វិស័យនេះកំពុងបង្ហាញសញ្ញារីកចម្រើន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកំពស់ និងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ”៕
