ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ គម្រោងលំនៅស្ថានខុនដូរចំនួន៦បានសាងសង់នៅក្នុងខេត្តព្រះសីហនុ នៅក្នុងឆ្នាំនេះ កំនើននៃវិស័យខុនដូនៅក្នុងខេត្តនេះ ដោយសារកំណើនអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជនជាតិចិន សាំហ្កាពួរ និងតៃវ៉ាន់។
យោងតាមរបាយការណ៍សិក្សាដោយក្រុមហ៊ុន CBE Cambodia បានឲ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ ចំនួនខុនដូបានកើនឡើងយ៉ាងខ្លាំង នៅក្នុងខេត្តព្រះសីហនុ ដោយមានគម្រោងខុនដូសរុបមានចំនួន៦បានប្រកាសក្នុងទីផ្សារ ដែលមានចំនួនផ្ទះសរុបរហូតដល់៥៧០០យូនីត។ គំរោងខុនដូខាងលើ និងគម្រោងជាច្រើនទៀត អាចនឹងបញ្ចប់ក្នុងឆ្នាំ២០១៨ខាងមុខ។ ក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា កំនើនគំហុកនៃទីផ្សារខុនដូនេះ កើតឡើងដោយសារតែអ្នកវិនិយោគបរទេស ជនជាតិចិន សាំហ្កាពួរ និងតៃវ៉ាន់ ស្វែរកឳកាសប្រាក់ឈ្នួលបន្ថែមលើសពីតម្លៃក្នុងប្រទេសរបស់ពួកគេ និងការគាំទ្រពីរដ្ឋាភិបាល។
ទីផ្សារខុនដូរខេត្តព្រះសីហនុ ត្រូវបានចាត់ទុកជា ជម្រើសទី២បន្ទាប់ពីទីក្រុងភ្នំពេញ ហើយអតិថិជនភាគច្រើន ជាជនបរទេស អនិកជន និងប្រជាជដែលរស់នៅក្នុងក្រុងភ្នំពេញ។ចំពោះបញ្ហា តម្លៃលក់នៃខុនដូវិញមានលក្ខណៈស្ថេរភាព ក្នុងកំឡុងពេលឆមាសទីមួយនៃឆ្នាំ២០១៧នេះ។
របាយការណ៍ CBREក៏បានរកឃើញថា គម្រោងចុងក្រោយដែលបានប្រកាសថ្មីៗនេះ បានទម្លាក់តម្លៃដើម្បីបង្កើនចំនួនការលក់របស់ខ្លួន។
ខេត្តព្រះសីហនុត្រូវបានគេមើលឃើញថា ជាខេត្តកំពុងមានសក្តានុពលយ៉ាងខ្លាំង ដោយសារតែខេត្តស្ថិតក្នុងផែនការរដ្ឋាភិបាល ដើម្បីរៀបចំខេត្តនេះជាតំបន់ឧស្សាហកម្ម ព្រោះខេត្តនេះមានសក្តានុពលជាច្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ឋ ដូចជាព្រលានយន្តហោះអន្តរជាតិ កំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ការតភ្ជាប់បណ្តាញផ្លូវដែក ការសាងសង់ផ្លូវល្បឿនលឿន ភ្ជាប់ពីរាជធានីភ្នំពេញ កាន់ខេត្តនេះនាពេលខាងមុខនេះជាដើម។
លោកបណ្ឌិត សុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា បើផ្អែកតាមសក្តានុពល និងការអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងខេត្តនេះ ខេត្តព្រះសីហនុនឹងជំនួសខេត្តសៀមរាប នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ព្រោះខេត្តសៀមរាបពឹងផ្អែកខ្លាំងតែលើវិស័យទេសចរណ៍ ប៉ុន្តែខេត្តព្រះសីហនុមានសក្តានុពលចម្រុះទាំងកំពង់ផែអន្តរជាតិ ព្រលានយន្តហោះអន្តរជាតិ តំបន់ឧស្សាហកម្មដ៏ធំ និងការតភ្ជាប់បណ្តាញផ្លូវគោកជាច្រើនទៀត។
ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាលឆ្នាំ២០១៥ ២០២៥ រដ្ឋាភិបាលបានដាក់ខេត្ត ព្រះសីហនុទាំងមូលជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្ម ជាក់ស្តែងតំបន់ឧស្សាហកម្មដែលមានផ្ទៃដី១១០០ហិកតាក្នុងខេត្តនេះ មានរោងចក្រ និងសហគ្រាសកើនឡើងដក់១៣០ក្រុមហ៊ុនហើយ។ តំបន់ឧស្សាហកម្មនេះ ជាគំនិតផ្តួតផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន៕