ដោយៈ រ៉ាណេត
កំពតៈ ទឹកដីខេត្តកំពតនៅពេលបច្ចុប្បន្ននេះ កាន់តែមានការប្រែប្រួលខ្លាំង ស្របពេលដែលលំហូរនៃចំនួនអ្នកវិនិយោគក្នុងស្រុក បានចាប់សម្រុកបោះទុនវិនិយោគវិស័យអចលនទ្រព្យ និងទេសចរណ៍នៅក្នុងខេត្តមួយនេះ ហើយភាគច្រើនវិនិយោគទៅលើតំបន់ជាប់មាត់ព្រែក និងឆ្នេរដែលកាន់តែជំរុញឱ្យតម្លៃដីឡើងថ្លៃ។
ខុសប្លែកពីខេត្តជាប់តំបន់ឆ្នេរសមុទ្រដទៃទៀត ដូចជា ខេត្តព្រះសីហនុ និងកោះកុង ដែលអ្នកវិនិយោគភាគច្រើនផ្តោតទៅលើតំបន់ទីប្រជុំជន ដើម្បីអភិវឌ្ឍជាសំណង់ធំៗ និងខ្ពស់ៗ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ ក្រោមការបណ្តាក់ទុនវិនិយោគពីសំណាក់ជនជាតិបរទេស ជាពិសេសជនជាតិចិន។ ដោយឡែកចំពោះខេត្តកំពតវិញ ហាក់ខុសប្លែកពីខេត្តទាំង២ខាងលើ ដោយសារតែអ្នកវិនិយោគ និងអ្នកអភិវឌ្ឍភាគច្រើនបានដាក់គោលដៅនៅតាមតំបន់ជាយក្រុង ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែកតែម្ដង ដើម្បីបម្រើវិស័យទេសចរណ៍ធម្មជាតិ។
-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ប្រាប់ទូរស័ព្ទកាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះថា ខេត្តកំពត ស័ក្ដិសមទៅនឹងការអភិវឌ្ឍលើវិស័យទេសចរណ៍ ច្រើនជាងឧស្សាហកម្ម និងពាណិជ្ជកម្ម។ លោកបានបន្តទៀតថា អ្នកវិនិយោគក្នុងស្រុកភាគច្រើន ដែលចូលទៅបណ្តាក់ទុននៅក្នុងខេត្តកំពត ភាគច្រើនគឺគេផ្តោតទៅលើការធ្វើលំនៅដ្ឋានបែបលំហែរកាយ ឬ Resort ដែលស្ថិតនៅជាយក្រុង ជិតតំបន់ភ្នំ និងជាប់តំបន់មាត់ព្រែក។
លោកឧកញ៉ាបានបន្តទៀតថា “ការដាក់គោលបែបនេះ ដោយសារតែគេសម្លឹងមើលឃើញពីស្ថានភាពអំណោយផលពីធម្មជាតិ ដែលជាទីចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចបរទេស ដែលសូម្បីតែរដ្ឋាភិបាលក៏បានដាក់គោលដៅ ធ្វើការអភិវឌ្ឍជាទីក្រុងបូកគោ ដែលស្ថិតនៅចន្លោះទីរួមខេត្តកំពត និងជើងភ្នំបូកគោ។
លោក ដួង វណ្ណៈ ប្រធានភ្នាក់ងារអចលនទ្រព្យ DV Property ដែលជាអ្នកវិនិយោគលើការទិញ-លក់អចលនទ្រព្យនៅក្នុងខេត្ត ដែលកំពុងតែមានសក្ដានុពលមួយបានទទួលស្គាល់ថា ដីដែលស្ថិតនៅតាមតំបន់ជាយក្រុងពិតជាមានតម្រូវការ ប៉ុន្តែចំពោះតម្លៃមិនឡើងខ្ពស់ដូចគ្នានោះទេ។
លោកបានបន្តទៀតថា “ដីដែលមានតម្លៃល្អក៏អាស្រ័យទៅលើស្ថានភាព រូបរាងដី និងទីតាំងផងដែរ។
ដីនៅទីរួមខេត្តមានតម្លៃថ្លៃចាប់ពីជាង១០០០- ២០០០ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ ឬនៅទីតាំងខ្លះ ដូចជានៅជិតផ្សារជាដើម អាចលើសពីនេះ ប៉ុន្តែហាក់មិនសូវមានទីផ្សារនោះទេ។ ដីដែលមានតម្រូវការល្អគឺងាកចេញពីទីរួមខេត្ត ជាក់ស្ដែងចាប់ពីទីរួមខេត្តឆ្ពោះមកតំបន់សេះស ពេលនេះមានក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានមួយចំនួនចាប់ផ្តើមបញ្ចេញសកម្មភាពអភិវឌ្ឍជាបណ្តើរៗ ហើយតម្លៃដីដែលស្ថិតនៅជាប់ផ្លូវធំក្នុងចន្លោះចាប់៣៨០-៥៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោកដួង វណ្ណៈបញ្ជាក់ឲ្យដឹង។
ស្ថិតនៅក្នុងបរិបថនៃភាពរីកចម្រើនគួរឱ្យកត់សម្គាល់នេះ បច្ចុប្បន្នសកម្មភាពនៃការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ដែលអនុគ្រោះដល់វិស័យដឹកជញ្ជូន រួមជាមួយនឹងការកសាងកំពង់ផែទេសចរណ៍ ដែលអាចស្វាគមន៍ភ្ញៀវងទេសចររហូតដល់ ប្រមាណ១លាននាក់នោះ កំពុងតែមានសកម្មភាពយ៉ាងសកម្ម ។ ដោយឡែក គម្រោងអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ថ្មី ដែលជាទីតាំងទេសចរណ៍កែច្នៃ និងមជ្ឈមណ្ឌលពាណិជ្ជ ក្រោមទុនវិនិយោគសរុបរហូតប្រមាណ២០០០លានដុល្លារ របស់ក្រុមហ៊ុន IGB ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ក៏កំពុងចាប់ផ្តើម។
បន្ថែមពីនេះ ក៏មានគម្រោងអភិវឌ្ឍទីក្រុងបៃតង East Natural City ក្រោមការវិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុន East Land & Home ស្ថិតនៅខេត្តកំពត ជាប់ព្រំប្រទល់ខេត្តព្រះសីហនុ លាតសន្ធឹងនៅលើផ្ទៃដីទំហំជាង២០០ហិកតា មានការសាងសង់ជាសំណង់ចំរុះ ដែលសុទ្ធតែបម្រើឱ្យវិស័យទេសចរណ៍ ដូចជា ផ្សារទេសចរណ៍ រីសតលំដាប់ផ្កាយ សួនកម្សាន្ត ផ្ទះលំហែកាយ ផ្ទះផ្លែឈើ (លំនៅដ្ឋានលំហែរកាយមានរូបរាងជាផ្លែឈើ) បឹងកាឡូ វិឡាកូនកាត់ វិឡាទោល ផ្ទះអាជីវកម្ម និងកាន់តែពិសេសទៀតនោះគឺ ការកសាងរួបប្រាសាទល្បីៗ តំណាងឱ្យប្រទេសនិមួយៗលើពិភពលោក រួមជាមួយនឹងសមុទ្រសប្បនិម្មិតដែលបង្អួតសម្រស់ដ៍ស្រស់ស្អាតផងដែរ៕