ដោយ គង់ សូរិយា
ភ្នំពេញ៖ ជាមួយនឹងលក្ខខ័ណ្ឌឥណទានល្អប្រសើរ កម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋល្អជាងមុន បានធ្វើឲ្យការទិញរថយន្តបង់រំលស់បបានកើនឡើងខ្ពស់ជារៀងរាល់ឆ្នាំ។
អគ្គនាយផ្នែកបច្ចេកទេសយានយន្តនៃក្រុមហ៊ុន RMA Asia លោក សេង វឹង បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី៣ មករានេះថា ឆ្នាំ២០១៧ការនាំចូលរថយន្តថ្មីកើនឡើងក្នុងរង្វង់២០ភាគរយ ហើយចំនួនរថយន្តថ្មីចរាចរលើដងផ្លូវ បានកើនរហូតដល់ចន្លោះ១៣ ទៅ១៧ភាគរយនៃរថយន្តសរុប។ លោកបន្តថា ជាមួយនឹងកំនើនសេដ្ឋកិច្ចកើនឡើង និងជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ ការលក់រថយន្តរបស់ RMA បានកើនឡើងប្រមាណ៣០ភាគរយ។
-->
លោកបន្តថា “ការកើនឡើងនៃការលក់ ដោយសាររថយន្តរបស់យើងទំនើប ប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង និងប្រជាពលរដ្ឋកាន់តែច្រើននិយមទិញរថយន្តដោយបង់រំលស់”។ លោកបន្តថា “បច្ចុប្បន្នប្រជាជនមិនចង់ចំណាយលុយទាំងដុលទិញរថយន្តទេ ដោយពួកគេទុកលុយពង្រីកមុខរបរដទៃទៀត ហើយបានសម្រេចចិត្តទិញរថយន្តបង់រំលស់”។
លោក សេង វឹង បានបន្តថា ប្រសិនជាគិតពីឆ្នាំ២០១៨នេះ លោកនៅតែមានសុទិដ្ឋិនិយម សម្រាប់ទីផ្សារថយន្តនៅកម្ពុជា ប៉ុន្តែនេះជាការប្រមើលមើលពីឥឡូវប៉ុណ្ណោះ ប៉ុន្តែលោកគិតថាស្ថានភាពនយោបាយនឹងនៅតែមានលំនឹង មិនមានអ្វីគួរឲ្យបារម្ភនោះទេ។
នាយកផ្នែកទីផ្សារនិងលក់នៃក្រុមហ៊ុនតូយ៉ូតា ខេមបូឌាលោក លី ប៊ុនហៃ បានមានប្រសាសន៍ស្រដៀងគ្នាថា ការលក់រថយន្តកាលពីឆ្នាំមុនមានសញ្ញាល្អប្រសើរ ធៀបនឹងឆ្នាំ២០១៦ ដោយក្រុមហ៊ុនសម្រេចបានកំនើនលក់ចន្លោះពី២០ទៅ៣០ភាគរយ។ លោកបន្តថា សម្រាប់ឆ្នាំ២០១៨នេះ លោកនៅតែមានសុទិដ្ឋិនិយម ដោយសារសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតែរក្សាបានកំនើនល្អប្រសើរ និងស្ថានភាពនយោបាយមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។
លោកបន្តថា “ឆ្នាំ២០១៨ ខ្ញុំគិតថាអ្វីៗនឹងប្រសើរឡើង ព្រោះយើងអ្នករកស៊ី មិនសូវគិតពីបញ្ហានយោបាយទេ យើងគិតពីសេដ្ឋកិច្ច បើសេដ្ឋកិច្ចល្អ យើងនៅតែបន្តរីកចម្រើន”។ លោកបន្តថា “ការលក់រថយន្តកើនឡើងមួយផ្នែក ដោយសារប្រជាពលរដ្ឋ បានទិញរថយន្តបង់រំលោះកាន់តែច្រើន ព្រោះពួកគេគិតពីការដាំលុយ ដូច្នេះពួកគេមិនយកលុយទាំងដុំទៅទិញរថយន្តទេ ពួកគេទុកលុយរកស៊ី វាជាការដាំលុយ ឬធ្វើឲ្យលុយកើតកូន”។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ី លោកអ៊ិន ចាន់នីបានថ្លែងថា ឥណទានសម្រាប់ទិញវត្ថុ ឬរបស់របរប្រើប្រាស់កំពុងកើនឡើង ប៉ុន្តែវាមិនទាន់ឈានដល់ចំណុចគ្រោះថ្នាក់នោះទេ។ លោកបន្តថា ឥណទានប្រើប្រាស់ជាប្រភេទឥណទាន មិនជួយដល់សេដ្ឋកិច្ចទេ ព្រោះឥណទានបែបនេះមិនបង្កើតឲ្យមានសកម្មភាពសេដ្ឋកិច្ចឡើយ ផ្ទុយទៅវិញវាជាឥណទានបំណុល ជាការទិញបំណុល។
លោកបន្តថា “ឥណទានបែបនេះបើកើនឡើងខ្លាំងពេក វាផ្តល់គ្រោះថ្នាក់ដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែនៅកម្ពុជាមិនទាន់ឈានដល់កំនើនខ្ពស់នោះទេ”៕