ដោយៈ រ៉ាណេត
ភ្នំពេញៈ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយស្ថាប័នអន្តរជាតិ Fitch Solutions Macro Research បានបង្ហាញថា កម្ពុជាបានក្លាយទៅជាគោលដៅចំណាប់អារម្មណ៍នៃការវិនិយោគ ដោយផ្ទាល់បន្ថែមពីសំណាក់ប្រទេសជប៉ុន ខណៈដែលប្រទេសចិនបាន និងកំពុងតែឈរនៅលំដាប់កំពូលក្នុងការចាក់ទុនវិនិយោគនៅកម្ពុជា។

-->
Fitch Solutions Macro Research ដែលជាស្ថាប័នជំនាញផ្នែកខាងសិក្សាស្រាវជ្រាវលំដាប់អន្តរជាតិ និងមានការិយាល័យនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួនដូចជា សិង្ហបុរី អង់គ្លេស ជប៉ុង ហុងកុង អារ៉ាប់រួម អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងអាហ្វ្រិកខាងត្បូងនោះ បានបង្ហាញលទ្ធផលនៃការស្រាវជ្រាវកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះ បើទោះប្រទេសចិនបានដើរតួឈានមុខគេ នៅក្នុងការវិនិយោគនៅកម្ពុជា ជាពិសេស វិស័យសំណង់ និងអចលនទ្រព្យក៏ពិតមែន ប៉ុន្តែភាគីជប៉ុនក៏កំពុងតែសម្លឹងមើលពីគោលដៅវិនិយោគនៅកម្ពុជាផងដែរ ខណៈដែលកាលពីពេលកន្លងទៅនេះវត្តមាននៃក្រុមហ៊ុនជប៉ុនធំៗមួយចំនួនបានបង្ហាញខ្លួននៅកម្ពុជារួចទៅហើយនោះ។
នៅក្នុងរបាយការណ៍ដដែលក៏បានបង្ហាញផងដែរថា តាមការព្យាករណ៍នៅក្នុងឆ្នាំ២០១៩នេះ កម្ពុជានឹងនៅតែរក្សាបានភាពរឹងមាំនៃសេដ្ឋកិច្ច និងរក្សាបាននូវកំណើនទុនវិនិយោគលើវិស័យសំណង់ប្រមាណ១៤ភាគរយ ហើយនៅឆ្នាំបន្ទាប់នឹងនៅតែអាចរក្សាបានកំនើនដដែល ដែលគិតជាមធ្យមក្នុងរង្វង់១១ភាគរយ។
អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា គោលបំណងរបស់ប្រទេសជប៉ុនមកកាន់កម្ពុជា មានជាយូរណាស់មកហើយ មិនមែនទើបតែមានពេលនេះនោះទេ។ លោកបានបន្តឱ្យដឹងទៀតថា ជប៉ុនជាប្រទេសមួយដែលមានអត្តចរិតនឹងនរ និងប្រាកដនិយម ដែលមុននឹងសម្រេចចិត្តសហការវិនិយោគជាមួយប្រទេសណាមួយនោះ គឺត្រូវបានឆ្លងកាត់ការសម្រេចចិត្តយ៉ាងច្បាស់ ក្រោមការសិក្សាលម្អិតទៅលើលក្ខខណ្ឌជាច្រើនដូចជា កត្តាភូមិសាស្ត្រ គោលនយោបាយ និងចរិតនៃការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលជាដើម។
លោកបណ្ឌិតបានបញ្ជាក់ថា “កន្លងមកជប៉ុនបានជួយកម្ពុជាជាហូរហែ ក្នុងរូបភាពជាជំនួញសម្រាប់សាងសង់ និងស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាដើម ជាពិសេសលើវិស័័យអប់រំ។ លោកបានបន្តទៀតថា “ជប៉ុនមានគោលបំណងក្រសោបសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ជាក់ស្ដែងដូចជាប្រទេសវៀតណាម ម៉ាឡេស៊ី និងថៃ ដែលជប៉ុនបានចាក់ទុនវិនិយោគយ៉ាងច្រើន។
លោកវណ្ណៈបានបន្តថា “តាមចរិតជប៉ុន សម្រាប់កម្ពុជាហាក់នៅមិនទាន់ដល់ពេលដែលទទួលបានការវិនិយោគផ្ទាល់ច្រើននោះទេ ដែលវាត្រូវការពេលវេលាជាច្រើនក្នុងការសម្រេចចិត្ត។
យ៉ាងណាក៏ដោយ លោកបានបង្ហាញពីភាពសុទិដ្ឋិនិយមថា ប្រសិនបើជប៉ុនចាក់បង្ហូរទុនវិនិយោគដោយផ្ទាល់មកកាន់កម្ពុជា ស្របពេលគ្នាជាមួយប្រទេសចិន វាជារឿងដ៏ល្អរបស់កម្ពុជា ដែលអាចបង្កើនកំណើនសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរ។

សេដ្ឋវិទូបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានសម្តែងសុទិដ្ឋិនិយមផងដែរ ដោយលោកបានមានប្រសាសន៍ថា ជប៉ុនបានរៀបចំមូលដ្ឋាន សំរាប់ការវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ ដោយអ្នកវិនិយោគប្រទេសនេះបានវិនិយោគលើវិស័យជាច្រើនដូចជា ទីលានវាយកូនហ្គោល អាផាតម៉ិន ខុនដូ សំណ្ឋាគារ ផ្សារទំនើប មន្ទីរពេទ្យជាដើម។
លោកបន្តថា“ ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចកម្ពុជា ជប៉ុនបានផ្លាស់ប្តូរជាប្រវត្តិសាស្ត្រហើយ បន្ទាប់ពីមានការហោះហើរត្រង់ពីប្រទេសជប៉ុនមកម្ពុជា កាលពីឆ្នាំមុន”៕