កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកិច្ចប្រជុំមេគង្គ ឡានឆាង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងទទួលបានអ្នកវិនិយោគ និងអត្ថប្រយោជន៍ច្រើនថែមទៀត តាមរយៈការធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលប្រមុខថ្នាក់ដឹកនាំបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គ ឡានឆាងនៅកម្ពុជា នាថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមករាខាងមុខនេះ។

លោកបណ្ឌិត សុក ស៊ីផាណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងវេទិការសាធារណៈ កិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង  “ការកសាងសន្តិភាព និងភាពរុងរឿងសម្រាប់មហាអនុតំបន់ទន្លេមេគង្គ”   នាព្រឹកថ្ងៃទី ៤ខែមករានេះថា ការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលប្រមុខថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គ ឡានឆាងនាថ្ងៃទី ១០ដល់ថ្ងៃទី ១២ មករាខាងមុខ គឺជាមោទនភាពរបស់កម្ពុជាដែលមានសមត្ថភាពរៀបចំកិច្ចប្រជុំកំពូល ហើយវាក៏ជាការបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាជាប្រទេសកំពុងរីកចំរើន ជាពិសេសសម្រាប់ការទទួលយកនូវការវិនិយោគ។

លោកបន្តថា “នេះជាមោទនភាព និងជាឳកាសពិសេសសម្រាប់កម្ពុជាបង្ហាញពីកិត្យានុភាពរបស់ខ្លួនទៅកាន់អន្តរជាតិ ក្នុងនាមជាប្រទេសដែលមានការរីកចម្រើន និងសក្តានុពលសម្រាប់ការវិនិយោគ”។លោកបន្តថា “បើនិយាយពីទិដ្ឋភាព ច្បាប់ និងក្របខ័ណ្ឌគតិយុត្តិនានាកម្ពុជាមានស្ទើរគ្រប់គ្រាន់ហើយ សម្រាប់ការពារនិងលើកទឹកចិត្តដល់អ្នកវិនិយោគអន្តរជាតិនានា”។

អនុប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្រ្តលោកបណ្ឌិតឈាង វណ្ណារិទ្ធបានលើកឡើងស្រដៀងគ្នាថា កិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងនេះ ក៏ជាកត្តាសំខាន់ក្នុងការជុំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ ជាពិសេសការតភ្ជាប់រវាងប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ និងធ្វើឲ្យបណ្ដាញនៃការផលិតមានចរន្តជាមួយគ្នា។

កិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងមានប្រទេសជាសមាជិកចំនួន៦ក្នុងនោះមានប្រទេសដូចជា ចិន ភូមា ឡាវ ថៃ វៀតណាម និងកម្ពុជាដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៥។ ប្រទេសទាំងនេះបានចែករំលែកទឹកទន្លេ ព្រំដែន និងមានវប្បធ័មស្រដៀងគ្នា ហើយកិច្ចសហប្រតិបត្តិការនេះបានអនុម័តជាផ្លូវការនៅដើមឆ្នាំ២០១៦។

គោលបំណងសំខាន់នៃគំនិតផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងនេះ គឺដើម្បីជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ និងសារៈសំខាន់មួយទៀតគឺការសហការគ្នា ដើម្បីសម្រេចបាននូវការងារស្នូលថ្នាក់តំបន់មួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ដោយមិនត្រឹមតែបម្រើផលប្រយោជន៍ដល់ប្រទេ​សជាសមាជិកនោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីការប្ដេជ្ញាចិត្តច្បាស់លាស់ ក្នុងការសម្រេចរបៀបវារៈអភិវឌ្ឍន៍ដោយនិរន្តរភាពសហប្រជាជាតិឆ្នាំ ២០៣០ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here