ដោយ ប៊ី
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករបានមានប្រមាណ ១,៩៥២.៦៤ លានដុល្លារអាមេរិករក្នុងយៈពេល ៨ខែ ឆ្នាំ២០១៩នេះ កើនឡើងស្មើនឹង២៩.៨៩% ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារទទួលបាននៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវនវានុវត្តន៍ប្រកបដោយនិរន្តរភាព ដោយការអនុវត្តនូវកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងការទ្វើទំនើបកម្មពន្ធដារ ដែលថ្មីៗនេះរូមមាន ជាការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ E-VAT ដើម្បីពង្រឹងការគ្រប់គ្រងការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម (Online-VAT Refund and Online-VAT Credit) ឱ្យមានប្រសិទ្ធភាព និងភាពត្រឹមត្រូវ។
លោកបានកោតសរសើរដល់គ្រប់អង្គភាព ចំពោះការចូលរួមចំណែកក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងបានណែនាំបន្ថែមឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីធានាភាពត្រឹមត្រូវ និងភាពសុក្រឹតយុត្តិធម៌។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យលើសផែនការឱ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕






