ដោយ ម៉ាណេត
ភ្នំពេញ៖ ស្របពេលកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាសម្រេចបានក្នុងអត្រា ៧,១ ភាគរយសម្រាប់ឆ្នាំនេះ ស្ថានភាពនៃជីវភាពប្រជាជនកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដោយចំណូលមនុស្សម្នាក់ៗនឹងមានកំណើនកើនឡើងដល់១,៦៧៩ ដុល្លារក្នុងឆ្នាំ២០១៩នេះកើនឡើង ៨,៤៦ ភាគរយធៀបនឹង ១,៥៤៨ដុល្លារឆ្នាំមុន។
ការសម្រេចបាននូវកំណើននៃចំណូលរបស់ប្រជាជនត្រូវបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាប បានចេញផ្សាយនៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានលក្ខណៈវិជ្ជមាន ពីព្រោះគ្មានការងារធ្វើនៅកម្ពុជា ក៏កាន់តែកម្រិតទាបប្រមាណជា០,៣ភាគរយ ខណៈការងារថ្មីៗជាច្រើនទៀត ត្រូវង្កើតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងសណង់។
ចំណែកអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០ ភាគរយ។ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងអត្រា ៧,១ ភាគរយសម្រាប់ឆ្នាំនេះ ប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ មាន ៧,៥ ភាគរយ ដែលជាកំណើនខ្ពស់ជាងគេក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ កម្ពុជាមានអត្រាអតិផរណាកម្រិតទាបក្នុងរង្វង់អត្រា ២,៨ ភាគរយ។
កំណើនសេដ្ឋកិច្ចដ៏ល្អនេះមានការគាំទ្រពីវិស័យ និងកំណើនក៏រឹងមាំពីវិស័យ ឧស្សាហកម្ម ហើយអ្វីដែលជាកត្តាចម្បងគឺស្ថិរភាពនយោបាយដែលបានផ្តល់ទំនុកចិត្តដល់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេសមកបណ្តាក់ទុននៅកម្ពុជាសើ្ទរគ្រប់វិស័យ ជាពិសេសវិស័យសំណង់ កម្មន្តសាល និងសេវាកម្មក៏ដូចជាមានការកើនឡើងផ្នែកពាណិជ្ជកម្មអន្តរជាតិផងដែរ។
លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពសុខភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរ ដោយកម្ពុជាអាចសម្រេចបានកំនើនក្នុងរង្វង់៧ភាគរយដដែល ព្រោះផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន មិនទាន់ជះចំហាយមកដល់កម្ពុជានៅឡើយ ហើយបញ្ហានៃការដក ឬមិនដកប្រព័ន្ឋអនុគ្រោះពន្ឋរបស់សហភាពអឺរ៉ុបពីកម្ពុជា ក៏មិនទាន់មានភាពច្បាស់លាស់ថាគេដកឬមិនដកនៅឡើយដែរ។
លោកបន្តថា “ក្នុងដំណាក់កាលកែទម្រង់ប្រព័ន្ឋហិរញ្ញវត្ថុសាធារណៈ និងការបង្កើនការប្រមូលពន្ឋរបស់អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ឋដាបានផ្តល់ចំណូលដល់រដ្ឋាភិបាលកាន់តែច្រើន ដើម្បីប្រើប្រាស់ក្នុងការវិនិយោគសាធារណៈ ក្នុងន័យជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា”។
តាមការប៉ាន់ប្រមាណក្នុងឆមាសទី១ឆ្នាំនេះ ការងារថ្មីដែលត្រូវបង្កើតក្នុងវិស័យឧស្សាហកម្មមានចំនួន១៤៦ពាន់នាក់ និងក្នុងវិស័យសេវាកម្មមានចំនួន២៥ពាន់នាក់ និងបានបង្កើតការងារ២៥ពាន់នាក់ សំរាប់អ្នកស្វែងរកការងារធ្វើនៅបរទេស។
របាយការណ៍ដដែលបានបន្តឲ្យដឹងថា “ស្ថានភាពទីផ្សារការងារមានលក្ខណៈវិជ្ជមាន ដែលអាចឆ្លើយតបបានតាមតម្រូវការស្វែងរកការងារសំរាប់យុវជន ដែលទើបដល់វ័យចូលទីផ្សារពលកម្ម និងប្រជាជនដែលចាកចេញពីមុខរបរ និងការងារក្នុងវិស័យកសិកម្ម”។
អញ្ជើញចូលរួមក្នុងទិវាគ្រូបង្រៀននាព្រឹកថ្ងៃទី៥ តុលា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានៅឆ្នាំ២០២៣ប្រាក់ចំណូលប្រជាជនខ្មែរម្នាក់ៗ នឹងកើនដល់ជាង២០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយសម្តេចរំពឹងថា ប្រទេសផ្តល់កម្ចីនឹងមិនដំឡើងអត្រាការប្រាក់នោះទេ បើទោះបីសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនខ្ពស់ក្តី។
សម្តេចបន្តថា សុខសន្តិភាពនៅកម្ពុជាបានផ្តល់ផ្លែផ្កាច្រើនណាស់ សម្រាប់សង្គមជាតិ។ សម្តេចតេជោបានបន្តថា រាជរដ្ឋាភិបាលនឹងវិនិយោគកាន់តែច្រើនទៀត លើវិស័យអប់រំ ជាពិសេសការកសាងគុណភាពអប់រំ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន និងកសាងហេដ្ឋារចនាសម្ព័ន្ឋអប់រំនានា៕






