ដោយ Donald Lee
ប៉េកាំងៈ ចិនដែលជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោកនឹងមិនអាចរក្សាអត្រាកំណើនផលិតផល ក្នុងស្រុកសរុប៦ភាគរយរបស់ខ្លួនបានឡើយ ដោយសារតែភាពតានតឹង នៃសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន និងភាពចាស់ទុំនៃសេដ្ឋកិច្ច។ នេះបើយោងតាមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។
លោកនាយករដ្ឋមន្រ្តីចិន Li Keqiang បានមានប្រសាសន៍ថា សេដ្ឋកិច្ចពិភពលោកដែលធ្លាក់ចុះ និងនិន្នាការនៃការគាំពារនិយមនៅជុំវិញពិភពលោក នឹងធ្វើឱ្យមានការលំបាកដល់ចិន ក្នុងការរក្សាអត្រាកំណើនផលិតផលក្នុងស្រុកសរុបខ្ពស់របស់ខ្លួន។
-->
លោក Li បាននិយាយនៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះថា “សម្រាប់ចិនក្នុងការរក្សាកំណើនសេដ្ឋកិច្ច៦ភាគរយ ឬច្រើនជាងនេះគឺមានការលំបាកខ្លាំងណាស់ ក្នុងការទប់ទាល់នឹងស្ថានភាពអន្តរជាតិបច្ចុប្បន្ន ដែលមានភាពស្មុគស្មាញ ហើយអត្រាកំណើននេះ គឺស្ថិតនៅជួរមុខនៃសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោក”។
ផលិតផលក្នុងស្រុកសរុបរបស់ចិន បានកើនឡើងជាង៦ភាគរយ គិតមកទល់ពេលនេះក្នុងឆ្នាំនេះ ខណៈពាណិជ្ជកម្មរវាងអាមេរិក និងចិនមានការតានតឹងយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយប្រទេសទាំងពីរ បានវាយប្រហារទំនិញគ្នាទៅវិញទៅមក ជាមួយនឹងការដំឡើងពន្ធគយរាប់ពាន់លានដុល្លារ។
អត្រាកំណើននេះ គឺជាប្រធានបទដ៏រសើបមួយ ខណៈទីក្រុងប៉េកាំងរៀបចំសម្រាប់ខួបលើកទី៧០នៃសាធារណរដ្ឋប្រជាមានិតចិននៅខែក្រោយ៕