ដោយ Donald Lee
ភ្នំពេញៈ ក្រុមអ្នកជំនាញជឿជាក់ថា ព្យុះនៃសង្គ្រាមពាណិជ្ជកម្ម គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល និងវិបត្តិប្រេងរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានធ្វើឱ្យតម្លៃមាស និងប្រាក់កើនឡើងយ៉ាងខ្លាំង ខណៈវិនិយោគិនជំរុញឆ្ពោះទៅរកទីកន្លែងដែលមានសុវត្ថិភាពក្នុងការទុកប្រាក់វិនិយោគរបស់ពួកគេ។
តម្លៃមាសបានកើនឡើង ១,២៧ភាគរយ និងប្រាក់បានកើនឡើងជិត៣ភាគរយនៅថ្ងៃចន្ទ បន្ទាប់ពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានប្រកាសថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បានបិទរោងចក្រផលិតប្រេងដ៏ធំបំផុតរបស់ពិភពលោក។
-->
ក្រុមហ៊ុនប្រេងឥន្ធនៈ និងហ្គាសរបស់រដ្ឋអារ៉ាប៊ីសាអូឌីត Saudi Aramco បានឱ្យថា ប្រេងឆៅជិត៦លានបារ៉ែល នឹងត្រូវបាត់បង់ជារៀងរាល់ថ្ងៃ រហូតពេលកន្លែងផលិតប្រេងនេះត្រូវបានជួសជុល។
តម្លៃមាសឈានដល់តម្លៃ ១,៥០៧.៤០ដុល្លារក្នុងមួយអោន (ប្រហែល៣១ក្រាម) នៅថ្ងៃចន្ទ និងប្រាក់ដល់១៧,៩៤ ដុល្លារក្នុងមួយអោន។
ក្រុមអ្នកជំនាញជឿជាក់ថា តម្លៃមាសនឹងឈានដល់កម្រិត១៦០០ដុល្លារ នាពេលខាងមុខនេះ។ មាសបានឈានដល់តម្លៃខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេល៦ឆ្នាំ គិតមកដល់ឆ្នាំ ២០១៩។
លោក Madhavi Mehta អ្នកវិភាគប្រចាំក្រុមហ៊ុន Kotak Securities Ltd បាននិយាយថា “ជាមួយនឹងសញ្ញានៃវិបត្តិសេដ្ឋកិច្ច យើងបានឃើញការផ្លាស់ប្តូរឆ្ពោះទៅរកទ្រព្យសម្បត្តិ ដែលមានសុវត្ថិភាពសម្រាប់ការវិនិយោគដូចជា មាស ជាដើម”៕