ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ការផ្តល់ឥណទានរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុនានា សម្រេចបានកំណើនល្អប្រសើរក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក សាយ សូនី នាយកប្រតិបត្តិផ្នែកទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី១៨ តុលានេះថា ការផ្តល់ឥណទានពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សម្រេចបានកំនើនល្អប្រសើរ ដោយទំហំទឹកប្រាក់បានកើនពី១០៣០លានដុល្លារកាលពីដំណាច់ឆ្នាំមុន ដល់១៤៧៩លានដុល្លារអាមេរិក នៅដំណាច់ត្រីមាសទី៣ឆ្នាំនេះ ស្មើនឹងកំនើន៤៣,៥ភាគរយ។លោកបន្តថា រីឯការដាក់ប្រាក់បញ្ញើររបស់អតិថិជមានកំនើនខ្ពស់ផងដែរ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានកំនើន៥៥ភាគរយ ដោយទំហំទឹកប្រាក់បានកើនពី៥៦៩លានដុល្លារ ដល់៨៨៥លានដុល្លារអាមេរិក។
-->

លោកបន្តថា “កំណើនល្អប្រសើរក្នុងការផ្តល់ឥណទាន ដោយសារអតិថិជនរបស់ប្រាសាក់បានពង្រីកជំនួញរបស់ពួកគេ ដែលធ្វើឲ្យតម្រូវការឥណទានកើនឡើង ហើយទំហំឥណទានរបស់ប្រាសាក់បានពង្រីកដល់៥០ម៉ឺនដុល្លារ សម្រាប់ផ្តល់ដល់អតិថិជន។លោកបន្តថា “ចំណែកការដាក់ប្រាក់បញ្ញើរកើនឡើង ក៏ជាសញ្ញាល្អផងដែរ ព្រោះវាបង្ហាញពីទំនុកចិត្តរបស់អតិថិជនកើនឡើងនៅស្ថាប័នរបស់យើង។
លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត បានថ្លែងឲ្យដឹងផងដែរថា ក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ ការផ្តល់ឥណទានរបស់អម្រិតបានកើនឡើង១៧ភាគរយ ដោយទំហំទឹកប្រាក់បានកើនពី៥៥៩លានដុល្លារកាលពីដំណាច់ឆ្នាំមុន ដល់៦៦៥លានដុល្លារនៅដំណាច់ត្រីមាសទី៣ឆ្នាំនេះ។លោកបន្តថា កំនើននៃឥណទាននេះ មួយផ្នែកដោយសារការរីកចំរើននៃសេដ្ឋកិច្ចកម្ពុជា ប្រកបដោយលំនឹង ដែលតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីថា កម្ពុជានឹងសម្រេចបានកំនើនសេដ្ឋកិច្ច៧,១ភាគរយ នៅឆ្នាំ២០១៧នេះ។

លោកបន្តថា អ្នកខ្ចីឥណទានឆ្នាំនេះ ភាគច្រើនយកទៅពង្រីកមុខជំនួញ និងពង្រីកការដាំដុះដំណាំកសិកម្ម ប៉ុន្តែយើងក៏ជួយអតិថិជនដើម្បីធ្វើឲ្យប្រាកដថា ឥណទានរបស់ពួកគាត់មានភាពសមស្រប និងអាចពង្រីកមុខរបរបាន។លោកបន្តថា ជាមួយគ្នានេះ ការដាក់ប្រាក់បញ្ញើរនៅអម្រិតក៏មានកំនើនប្រមា ណ១៧ភាគរយផងដែរ ដោយទំហំទឹកប្រាក់បានកើនពី២៨៤លានដុល្លារកាលពីដំណាច់ឆ្នាំមុន ដល់៣៣០លានដុល្លារនៅដំណាច់ត្រីមាសទី៣ឆ្នាំនេះ។
ជាមួយនឹងកំណើននៃឥណទាននេះ វិស័យមីក្រូហិរញ្ញវត្ថុទាំងមូលកំពុងប្រឈមនឹងបញ្ហាបំណុលដែលសងត្រលប់យឺតយ៉ាវកើនឡើង។
ទោះជាយ៉ាងណាលោកឧកញ៉ា ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា សុខភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅតែមានភាពល្អប្រសើរ ទោះជាមានកំនើននៃការសងត្រលប់យឺតបន្តិចក្តី ប៉ុន្តែការផ្តល់ឥណទានក្នុងវិស័យនេះនៅតែមានភាពល្អប្រសើរ មិនមានបញ្ហាអ្វីគួរឲ្យព្រួយបារម្ភនោះទេ។

លោកបន្តថា “កំណើននៃការសងត្រលប់យឺត មិនមានហានិភ័យខ្ពស់នោះទេ ព្រោះកម្រិតបំណុលស្ថិតក្នុងការគ្រប់គ្រងបាន”៕